ដោយៈមុនីរ័ត្ន/ភ្នំពេញៈ នៅថ្ងៃនេះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានអំពាវនាវដល់ អ្នកដែលពាក់ព័ន្ធផ្សំគំនិតកាប់ឈើនៅក្នុងតំបន់អូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចេញមកសារភាពប្រគល់ខ្លួនឲ្យអាជ្ញាធរមានសមត្ថកិច្ច។នេះបើយោងតាមប្រភពAMS បញ្ជាក់។
ជាមួយនឹងការអំពាវនាវ នាយឧត្តមសេនីយ៍ សៅ សុខាក៏បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវរកអ្នក ដែលនៅពីក្រោយខ្នង នៃការប្រព្រឹត្តបទល្មើស និងស្រាវជ្រាវជនជាតិវៀតណាមដែលជាមេខ្លោងផ្តល់ថវិកា និងបានឃុបឃិតជាមួយមន្ត្រីការពារព្រំដែនខ្មែរចូលមកកាប់ឈើនៅក្នុងតំបន់អូរហ៊ុចដឹកជញ្ជូនយកទៅប្រទេសវៀតណាម។
ប្រភពដដែលបន្តថា នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា “អ្នកណាដែលមានខ្លួនហើយគឺចេញមកសារភាព ប្រគល់ខ្លួនឲ្យអាជ្ញាធរមានសមត្ថកិច្ច ហើយកុំចចេសរឹងរូស រួមទាំងអ្នកដែលផ្សំគំនិត អ្នកប្រព្រឹត្តផ្ទាល់ គឺត្រូវតែគោរពច្បាប់ គោរពបទបញ្ជាការពារធនធានធម្មជាតិព្រោះធនធានរបស់យើងសម្បូរប៉ុន្តែប់មកដល់ពេលនេះនៅតែមានអ្នកបំផ្លិចបំផ្លាញធនធានរបស់យើងមិនអាចគង់វង្សបានយូរអង្វែងទេ។ ខ្ញុំសូមអំពាវនាវទី១.គឺអ្នកណាដែលដឹងថាខ្លួនឯងខុសហើយប្រញាប់ ចេញមកសារភាព។ទី២.វិធានការរបស់សមត្ថកិច្ចរបស់គណៈកម្មការជាតិឲ្យស្វែងយល់អំពីតួនាទីភារកិច្ចរបស់កងកម្លាំងទាំងអស់ ព្រោះអ្នកដែលប្រព្រឹត្តបទល្មើសមិនមែនកងកម្លាំងប្រដាប់អាវុធទាំងអស់ធ្វើចឹងទេ គឺមានមនុស្សជាបុគ្គល សូមឲ្យបណ្តាអង្គភាពបង្កើនការយកចិត្តទុកដាក់អប់រំបុគ្គលិកនៅក្រោមឱវាទរបស់ខ្លួនឲ្យក្តាប់ជាប់តួនាទីភារកិច្ចរបស់ខ្លួន ហើយគោរពឲ្យបានត្រឹមត្រូវក្នុងការការពារផលប្រយោជន៍ជាតិជាធំ កុំឲ្យនាំគ្នាទៅការពារផលប្រយោជន៍ជាតិហើយ បែរជាគិតផលប្រយោជន៍បុគ្គល ហើយទៅប្រព្រឹត្តបទល្មើស…”។
ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបន្តថាចំពោះរាជរដ្ឋាភិបាលកំពុងតែ យកចិត្តទុកដាក់ក្នុងការការពារបូរភាពភាព អធិបតេយ្យ ការពារផលប្រយោជន៍ជាតិហើយមានមន្ត្រីរបស់យើងទៅប្រព្រឹត្ត បទល្មើសខុសច្បាប់បែបនេះ នោះគឺជាការហុចដងទៅឲ្យពួកប្រឆាំងមានឱកាសដើម្បីវ៉ៃប្រហាររាជរដ្ឋាភិបាលហើយអាច ចាត់ទុកថាជាខ្មាំងបង្កប់ក៏ថាបានបង្កើតទង្វើបំផ្លាញជាតិដើម្បីទុកឲ្យអ្នកដែលកំពុងតែរកលេសបំផ្លិចបំផ្លាញសន្តិភាពគេមានលេសដើម្បីនឹងគេនិយាយ។
ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចាប់ខ្លួនមេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំការពារព្រំដែនលេខ២មេបញ្ជាការកងអនុសេនាតូចការពារ ព្រំដែនលេខ២ មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន រួមទាំងមេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងមន្ត្រីមួយចំនួន ពាក់ព័ន្ធករណីសមគំនិតឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់ អូរហ៊ុចដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងបទល្មើសព្រៃឈើនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថាខាងជំនាញកំពុងតែធ្វើការស្រាវជ្រាវជាបន្តទៀតរក អ្នកដែលនៅពីក្រោយខ្នង នៃការប្រព្រឹត្តបទល្មើស និងស្រាវជ្រាវជនបរទេសដែលជាមេក្លោងផ្តល់ថវិកាឲ្យនិងជនបរទេស ដែលបានឃុបឃិតជាមួយឃនជាតិខ្មែរ ហ៊ានយកគ្រឿងចក្រ ហ៊ានមកកាប់ឈើនៅក្នុងស្រុកខ្មែរហើយលោកនឹងធ្វើ កិច្ចការងារនេះជាមួយភាគីប្រទេសជិតខាងអំពីបញ្ហាការការពារព្រំដែន ការទប់ស្កាត់ជាមួយបទល្មើស។
យោងតាមរបាយការណ៍របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនមានដូចជាៈ
១.ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២,
២.ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច,
៣.ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច
៤. ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច
៥.ឈ្មោះ ព្រំ វណ្ណៈ នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន
៦.ឈ្មោះ ផាត សុខឡេង នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន
៧.ឈ្មោះ អ៊ាង ចាន់ឌី មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន។
៨.ឈ្មោះ ផន សុផល
៩.ឈ្មោះ ដួង ចាន់វីរៈ
ទាក់ទងករណីនេះនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ជនសង្ស័យដែលឃុបឃិតគ្នាបង្កើតបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុចស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដូចតទៅៈ
ជនជាតិវៀតណាមចំនួន ២នាក់ គឺទី១. ឈ្មោះ ប៉ិក (គេចខ្លួន) និងទី២. ឈ្មោះ ជី (គេចខ្លួន) និងបក្ខពួកចោទពីបទកាប់ ប្រមូលដឹកជញ្ជូនធនធានម្មជាតិ នាំចេញផល អនុផលព្រៃឈើដែលគ្មានអាជ្ញាប័ណ្ណចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលាក់ ។ ចំណែកក្នុងនោះអយ្យការបន្តសម្រេចចោទប្រកាន់ឈ្មោះ១ . ឈ្មោះ អ៊ុក ណាខៃ , ២. ឈ្មោះឡឹក ញែក ,៣. ឈ្មោះ វ៉ាន់ ចន្ធារី ,៤. ឈ្មោះ លាង ភារ័ត្ន ,៥. ឈ្មោះ ព្រំ វណ្ណះ ៦. ឈ្មោះ ផាត់ សុខឡេង ,៧. ឈ្មោះ អ៊ាង ចាន់ឌី , ៨. ឈ្មោះ ផន សុផល ,៩. ឈ្មោះ ដួង ចាន់វីរ: ពីបទរួមគំនិតក្នុងអំពើនាំចេញផលអនុផលព្រៃឈើដែលគ្មានអាជ្ញាប័ណ្ណធ្វើសកម្មភាពទាំងឡាយ ណាដើម្បីធ្វើអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់និងដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើជួយសម្រួលក្នុងការចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយលបលាក់។ ជនសង្ស័យទាំង៩នាក់ ត្រូវបានតំណាងអយ្យការស្នើសុំឃុំខ្លួន។
១០. ឈ្មោះ ម៉ែន ធឹម អ្នកបើកបររថយន្តរបស់បញ្ជាការវិស្វកម្ម មិនចូលខ្លួនមកបំភ្លឺហើយក៏ត្រូវចោទប្រកាន់ពីបទ៖ ចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់៕សរន