រថយន្ត​អូ​ឌី​បើក​បុក​សួន​ចែក​ទ្រូងផ្លូវ​ហោះ​ផ្លោង​ទៅបុក​ស្លាក​ប៉ាន​ណូ បណ្ដាល​ឲ្យ​ក្រឡាប់​ឆេះ​ហុយ​ទ្រលោម​, ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​

1263
ចែករម្លែក

ដោយ​: ប្រុស​ម៉ៅ / ភ្នំពេញ​: បុរស​៣​នាក់ បាន​បើករថយន្ត​សេរី​ទំនើប​ម៉ាក​អូ​ឌី​មួយគ្រឿង ហើយ​បោះពួយ​យ៉ាង​លឿន​បាន​រេ​ចង្កូត​ទៅបុក​សួន​ចែកផ្លូវ ហើយ​រថយន្ត​ហោះ​ទៅបុក​ស្លាក​ប៉ាន​ណូ បណ្ដាល​ឲ្យ​រលំ​ដល់​ដី រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើងលើ​ច្រ​ង៉ាង ព្រមទាំង​ឆេះ​ផ្សែង​ទ្រលោម បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ខណៈពេល​បញ្ជូនទៅ​មន្ទីរពេទ្យ និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣ និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ត្រង់ចំណុចរ​ង្វាង់​មូល​ជ្រោយចង្វា​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សយ សាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​និង​មិត្ត​ភ័ក្ត្រ​ពីរ​នាក់ បើករថយន្ត​ទំនើប​អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF 9229 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6A ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ដូច​ហោះ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅបុក​សួន​ចែកផ្លូវ ហើយ​ហោះ​ទៅបុក​ស្លាក​ប៉ាន​ណូ​បាក់​ដល់​ដី រួច​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ ហើយ​ឆេះ​ផ្សែងហុយ​ទ្រលោម ចំណែក​អ្នកជិះ​ក្នុង​រថយន្ត​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ជួយ​វាយ​កញ្ចក់​បំបែក​យក​មនុស្ស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​អកុសល​ត្រូវស្លាប់​ម្នាក់​ពេល​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែងកើតហេតុ ទាក់ទង​ជំនាញ​មក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម