​ដោយៈ បូកគោ / កំពត​: នា​ល្ងាច​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តកំពត បានប្រកាស​ជូនដំណឹង នូវ​ការរកឃើញ អ្នក​វិជ្ជមាន​ថ្មី​ចំនួន ១៤៣ នាក់ និង​ស្លាប់​ចំនួន ពីរ​នាក់​បន្ថែមទៀត​។​

​សេចក្តីប្រកាស មាន​ខ្លឹមសារ​ថា យោងតាម​លទ្ធផល នៃ​ការវិភាគ​វត្ថុ​សំណាក រក​មេរោគ​កូ​វីដ​១៩ និង​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២១ គឺ​បាន​រកឃើញ អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ១៤៣ នាក់ បានជា​សះស្បើយ ១១៧ នាក់ និង​ស្លាប់ ពីរ​នាក់​។​

​រដ្ឋបាល​ខេត្តកំពត បានបញ្ជាក់​លម្អិត​ផងដែរ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្ត មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១.៨៩០ នាក់ ក្នុងនោះ​កំពុង​សម្រាក​ព្យាបាល ៨០០ នាក់ , បានជា​សះស្បើយ ១.០៧០ នាក់ និង​ស្លាប់​ចំនួន ២០ នាក់​៕/V​