ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្ត​ធុន​ធំ​ថយ​ចេញពី​ឃ្លាំង កាលពី​វេលា​ម៉ោង ៩​និង ១៥​នាទី​យប់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវ​៥០ ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1O -9761 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​ធុន​ធំ​បើក​ថយ​ចេញពី​ឃ្លាំង តែ​គ្មាន​អ្នកមើល​ខាងក្រោយ​ធ្វើឱ្យ​ជនរងគ្រោះ ដែល​ជិះ​ម៉ូតូ​បុក​ចំ​កន្ទុយ​រថយន្ត​កៀប​ជាប់​ម៉ូតូ​នៅក្រោម​រថយន្ត និង​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់ ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​របស់​ម​ន្ទីរ​ពេទ្យ​ឯកជន​ដឹក​ទៅ​សង្គ្រោះ ផងដែរ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយនឹង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​