ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អនុវត្តន៍​តាម​ផែនការ​ដឹកនាំ​របស់ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល កាលពី​ថ្ងៃ​សៅរ៍ ទី​៣ ខែកក្កដា ឆ្នាំ​២០២១ លោក សេង គន្ធ អភិបាលរងខណ្ឌ បាន​ដឹកនាំ​មន្ត្រី​សាលាខណ្ឌ មន្ត្រី​បរិស្ថាន​សង្កាត់ ដើម្បី​សម្អាត និង​រើស​សំរាម តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចាប់​ពីមុខ​បុរី​ពិភពថ្មី​កំបូល​១ រហូតដល់​ព្រំប្រទល់​ស្រុក​អង្គស្នួល ដើម្បី​លើកកម្ពស់​សោភ័ណភាព អនាម័យ បរិស្ថាន​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង ស័​ក្ត​សមជា​រាជធានី​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងឱកាស​នោះ លោក​អភិបាលរងខណ្ឌ​កំបូល​បាន សូម​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ ឬ​ធ្វើដំណើរ​ឆ្លងកាត់ សូម​ចូលរួម​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ​គត់មត់​ល្អ ដើម្បី​លើ​កម្ពស់​សោភ័ណភាព អនាម័យ បរិស្ថាន និង​សុខុមាលភាព​កាន់តែ​ប្រសើរឡើង​៕​