​ដោយៈ អង្គា​រ៍​ហេង / កណ្ដាលៈ ឃ្លាំង​ស្តុក​ប្រេង​មួយកន្លែង ដែល​បាន​រង នូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នោះ បាន​រលត់ទៅវិញ​ទាំងស្រុង​ហើយ នៅវេលា​ម៉ោង ២​និង​២០​នាទី រសៀល​ថ្ងៃទី​៤ ខែកក្កដា នេះ បន្ទាប់ពី​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ អស់​ចំនួន ១២ គ្រឿង ។ ចំណែក​មូលហេតុ គឺ​មកពី​ការឆ្លង​ចរន្តអគ្គិសនី ដោយ​បុគ្គលិក ដោត​ឌុយ​ផ្សារ​ដែក ក៏​បែក​ផ្កាភ្លើង ឆាបឆេះ​រាលដាល​តែម្តង​។ សម្ភារ​ក្នុង​ឃ្លាំង ខូចខាត​ទាំងស្រុង ជាមួយនឹង​ប្រេង​ប្រមាណ​ជា ១ មុ​ឺ​ន​លីត្រ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២ និង ១០​នាទី ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ជាទី​តាំង​ស្តុក​ប្រេង របស់​ចែ ឡៃ ផេង​។ ពេល​កើតហេតុ សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​ស្អាង ក៏ដូចជា កម្លាំង​នគរបាល ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង និង​បាន​បញ្ជូន រថយន្ត​ពន្លត់​អគ្គិភ័យ ទៅកាន់​កន្លែងកើតហេតុ ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ ពន្លត់​អគ្គិភ័យ ដែល​កំពុងតែ​ឆេះ ដ៏​សន្ធោសន្ធៅ​នេះ ចៀសវាង​មានការ​រាលដាល ប៉ះពាល់​ទៅដល់​លំនៅឋាន របស់​ប្រជាពលរដ្ឋ​។ ទីបំផុត ភ្លើង​បាន​រលត់ និង​មិនបាន​ឆ្លង​រាលដាល ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ អ្នកជិតខាង​នោះឡើយ ដោយ​ប្រើប្រាស់​រថយន្ត ពន្លត់​អគ្គិភ័យ អស់​ចំនួន ១២ គ្រឿង ក្នុងនោះ មាន​រថយន្ត​ខាង​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល ចំនួន​៤​គ្រឿង​, រថយន្ត​បញ្ជាការដ្ឋាន​អង្គរក្ស ចំនួន​៤​គ្រឿង និង​រថយន្ត​ក្រសួងមហាផ្ទៃ ចំនួន​៤​គ្រឿង ។​

​ក្នុង​ហេតុការណ៍ ខាងលើនេះ សមត្ថកិច្ច បានបញ្ជាក់ អំពី​មូល​ហេតុថា គឺ​បណ្ដាលមកពី​ការឆ្លង​ចរន្តអគ្គិសនី ដោយ​បុគ្គលិក ដោត​ឌុយ​ផ្សារ​ដែក ក៏​បែក​ផ្កាភ្លើង ឆាបឆេះ​រាលដាល​តែម្តង​។ សម្ភារ​ក្នុង​ឃ្លាំង ខូចខាត​ទាំងស្រុង ជាមួយនឹង​ប្រេង​ប្រមាណ​ជា ១ មុ​ឺ​ន​លីត្រ​៕/V​