ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ ​សែន នៅរាត្រីថ្ងៃទី ៤ ខែ កក្កដា នេះបានសម្រេចអនុញ្ញាតម្ចាស់សត្វ តោ ដែលត្រូវបានសមត្តកិច្ចរឹបអូសយកទៅរក្សាក្នុងសួនសត្វភ្នំតាម៉ៅ អាចយកសត្វតោមកចិញ្ចឹមវិញជាមួយលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានា សុវត្ថិភាពទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។

ការសម្រេចនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហោះនៅក្នុងផេកហ្វេសបុកផ្លូវការរបស់សម្តេចថា៖« ក្រោយក្តាប់បានរឿងសត្វតោ។ល្ងាចនេះខ្ញុំបានពិភាក្សាជា មួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌ ម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុ ស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាអរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ ។

គួររំលឹកថាកាលពី​ថ្ងៃទី ២៧ ខែ មិថុនា ​ឆ្នាំ ២០២១ អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អង្គការ Wildlife Alliance បាន​រឹបអូស​សត្វ​តោ​ចិញ្ចឹម​ ១ ​ក្បាល នៅក្នុង​ផ្ទះ​វីឡា​ ១ ​កន្លែងស្ថិតនៅ​ផ្ទះ​លេខ​ ២២ ​ផ្លូវ​ ៣០៦ ​ភូមិ​ ៧ ​សង្កាត់​បឹងកេងកង​១ ​រាជធានី​ភ្នំពេញ ​។ សត្វតោ​នោះ​មាន​អាយុ ១៨ ខែ​និង​ទម្ងន់ ៧០ គីឡូក្រាម ​ហើយ​ក្រោយ​ការដកហូតក្រុម​ជួយសង្គ្រោះ​បាន​បញ្ជូន​សត្វ​តោ​នេះ​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ ។

ស្របពេល​មាន​ការជជែក​គ្នាច្រើន​នៅតាម​បណ្តាញ​សង្គម​ជុំវិញ​បញ្ហា​នេះមាន​គណនី​ហ្វេសប៊ុក​មួយ​ដែល​ឈ្មោះថា Qi Xiao ដែល​ទំនងជា​ម្ចាស់​សត្វ​តោ​បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃទី ២៩ មិថុនា​ថា រូបគេ​នឹង​ទទួលយក​ការពិន័យ​ដែល​រដ្ឋ​ដាក់ពិន័យ ចំពោះ​អំពើ​ល្មើស​ក្នុង​ការចិញ្ចឹម​សត្វព្រៃដោយ​គ្មាន​ការអនុញ្ញាត​។ ប៉ុន្តែ​រូបគេ​នឹង​សុំ​សិទ្ធិ​ចិញ្ចឹម​ដោយ​ស្របច្បាប់​ដោយ​គ្រាន់តែ​សង្ឃឹមថារាជរដ្ឋាភិបាល​អាច​បើក​ចិត្តនិង​អនុញ្ញាត​ឱ្យ​លោក​បាន​ទទួលយក​តោ​របស់​ខ្លួន​មក​ចិញ្ចឹម​វិញ​។ គណនី​នេះ​បានបន្តទៀតថា​៖ «​ខ្ញុំ​គ្រាន់តែ​ស្រឡាញ់​សត្វ​ប៉ុណ្ណោះ​មិនមែន​ត្រឹមតែ​ជា​សត្វតោ និង​ឆ្កែ​ទេ នៅមាន​សត្វ​ពពែ​ទៀត​ចិញ្ចឹម​ជាមួយ​សត្វ​តោ​ជាមួយគ្នា​។ ដើម្បី​កុំឱ្យ​សត្វ​តោ​បំភ័យ​ប្រជាជន ខ្ញុំ​បានធ្វើ​របង​រនាំង​ខ្ពស់​បាំង ហើយ​វា​មាន​សុខភាព​ល្អមិនដែល​ត្រូវបាន​គេ​ធ្វើបាប​រំលោភបំពាន​ ​។​សត្វតោ​នេះ​បាន​ស៊ី​សាច់គោ​ឆ្អិន ៦ ​គីឡូក្រាម​ក្នុង​ ១ ​ថ្ងៃ ទឹកដោះគោ ១ ​គីឡូក្រាម​។ «​វា​ត្រូវបាន​ខ្ញុំ​ចិញ្ចឹម​តាំងពី​នៅ​តូច​ហើយ​ក៏មាន​មនោសញ្ចេតនា​»​។

ក្រៅពីគណនីហ្វេសបុកនេះក៏នៅមានគណនីហ្វេសបុកជាច្រើនទៀត រួមទាំងតារាចម្រៀងជាច្រើនរូបបានសំដែងការអាណិតអាសូរសត្វតោននោះ និង បានអំពាវនាវ ឲ្យមានការអនុញ្ញាតឲ្យម្ចាស់តោយកទៅចិញ្ចឹមវិញផងដែរ ៕