ដោយៈ ប​.​ខុន/ភ្នំពេញ៖ សម្ពាធ​ទាប​សកម្ម ( Active Low) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង អាច នឹង​វិ​វត្ត​ទៅជា​វិ​សម្ពាធ (TD) ហើយ​ក្លាយទៅជា​កូន​ព្យុះ​ទី​៦ នៅក្នុង​សមុទ្រ​ចិន ខាងត្បូង មាន​ឥទ្ធិពល ដល់​ប្រទេស​កម្ពុជា​។ នេះ​យោងតាម​សេចក្តីជូនដំណឹង​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ ។​

​សេចក្តីជូនដំណឹង​ខាងលើ បានសរសេរថាៈ នៅវេលា​ម៉ោង ០៧:០០ ព្រឹក ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ នេះ មាន​សម្ពាធ​ទាប​សកម្ម​មួយ ស្ថិតនៅក្នុង​សមុទ្រ​ចិន ខាងត្បូង ខាងលិច ប្រទេស​ហ្វីលីពីន នឹង​បង្កើន​ឥទ្ធិពល ទៅជា​វិ​សម្ពាធ TD និង​ធ្វើដំណើរ​ឆ្ពោះ មក​ទិសពាយ័ព្យ​។​

​ក្នុង​សេចក្តីជូនដំណឹង សរសេរ​ទៀតថាៈ នៅវេលា​ម៉ោង ៤ ល្ងាច​ថ្ងៃ​ដដែល​នេះ វិ​សម្ពាធ​ខាងលើ បាន​បង្កើន​ឥទ្ធិពល ទៅជា​កូន​ព្យុះ​ទី​៦ ឈ្មោះ អ៊ី​ន​-​ហ្វា ( TS IN-FA 2106 ) នៅលើ​សមុទ្រ​ចិន​ខាងត្បូង ត្រង់ចំណុច​ខ្សែវ័ណ្ឌ​ទី​១៤ អង្សារ​៤ រយៈទទឹង ខាងជើង និង​ខ្សែស្រប​ទី​១១៤​អង្សា នៃ​រយៈបណ្តោយ​ខាងកើត ។​

​តាម​ការ​ព្យាករ​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ កូន​ព្យុះ​នេះ នឹងធ្វើ​ដំណើរ​ទៅរក​កោះ ហៃណាំ ប្រទេស​ចិន ។ នៅ​ថ្ងៃទី​៨ ខែកក្កដា កូន​ព្យុះ​នេះ នឹង​ថមថយ​ឥទ្ធិពល ទៅជា​វិ​សម្ពាធ TD រួច​ដើរ​ចូលទៅ ប្រទេស​វៀតណាម ខាងជើង ។​

​ដោយឡែក ជ្រលង នៃ​កូន​ព្យុះ​ទី​៦ អ៊ី​ន​-​ហ្វា​TS IN-FA2106​នេះ និង​ខ្យល់មូសុង​និរតី នឹងមាន​ឥទ្ធិពល មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ ។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថា លក្ខណៈ​ខាងលើ ធ្វើ​ឲ្យ អាកាសធាតុ នៅ​ព្រះរាជាណាចក្រ កម្ពុជា មាន​ស្ថានភាព សម្រាប់​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប ជាប់​ជុំវិញ​ទន្លេសាប និង​បឹង​ទន្លេសាប មាន​ភ្លៀង​ធ្លាក់​បង្គួរ ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់ ក្នុង​កម្រិត​បង្គួរ ។​

​សម្រាប់​បណ្តា​ខេត្ត នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តាម​ដង​ទន្លេមេគង្គ មាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ​ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់ ក្នុង​កម្រិត​បង្គួរ ។ សម្រាប់​តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ​ទៅ​ច្រើន និង​មាន​ខ្យល់ កន្ត្រាក់​ក្នុង​កម្រិត​បង្គួរ ជាមួយ​រលក សមុទ្រ មាន​កម្ពស់​ជា​មធ្យម​។ ឯ​ស្ថានភាព នៃ​ទឹកទន្លេ​មេគង្គ ចាប់​ផ្តើមឡើង ជា​បន្តបន្ទាប់​មកវិញ​។​

​សេចក្តីជូនដំណឹង ដែល​មិន​ចុះហត្ថលេខា និង​ត្រា​នេះ បាន​អំពាវនាវ​ដល់​បង​ប្អួ​ន ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​រាល់​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន ជាយថាហេតុ ៕/V​-PC