ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ចូល រួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស តែងតាំង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ចូលកាន់​តំណែង​ជា ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ឆ្នាំង នៅឯ​សាលាខេត្ត​នេះ ។​

​នៅក្នុង​ពិធី​នេះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន កម្ពុជា ខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​ផ្លាស់ប្ដូរ​មុខតំណែង ក្នុង​គណបក្ស បាន​រាយការណ៍ អំពី​សមិទ្ធផល របស់​គណបក្ស​ខេត្តកំពង់ឆ្នាំង​កន្លងមក ជូន​អង្គពិធី​ថា ក្រោម​ការដឹកនាំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើឱ្យ​ខេត្ត កំពង់ឆ្នាំង មានការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ ។​

​ដោយឡែក ក្រោម​ការដឹកនាំ​របស់​គណៈកម្មាធិការ​គណបក្ស ប្រជាជន​ខេត្តកំពង់ឆ្នាំង បានធ្វើឱ្យ​កើនឡើង នូវ​ចំណូល​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ។ ចំណែក ការងារ​កសាង បក្ស ក៏មាន​ការរីកចំរើន​។ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ គឺ​គណបក្ស​ប្រជាជន បាន​គ្រប់គ្រង​ទាំងស្រុង ចំនួន ៦៦ / ៧០ ឃុំ​សង្កាត់ ។​

​ដោយឡែក លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ដែល​ត្រូវ​បានប្រកាស អោយ​ចូលកាន់​មុខតំណែង ជា​ប្រធាន​គណៈ​ក​ម្មា ធិ​ការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ឆ្នាំង បាន​សំដែង​នូវ អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ដែលមាន​ទំនុកចិត្ត ប្រគល់​មុខតំណែង ជូន​លោក​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ខេត្តកំពង់ឆ្នាំង ។ ឆ្លើយតប​ចំពោះ​ទំនុកចិត្ត​ខាងលើនេះ លោក​បាន ធ្វើការ ប្តេជ្ញាចិត្ត មួយចំនួន ជាពិសេស ប្ដេជ្ញា​អនុវត្ត​នូវ កម្មវិធី​នយោបាយ របស់​គណបក្ស គោលការណ៍ ដឹកនាំ​របស់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល ឲ្យ​ក្លាយជា​សកម្មភាព ជាក់ស្ដែង រស់​រវើក ធានាបាន​ជោគជ័យ ជូន​គណបក្ស ។​

​នៅក្នុង​ពិធី​នេះដែរ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ បានផ្ដល់​អនុសាសន៍ ដល់​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​ខេត្ត សូមឱ្យ​បន្តវេន​ដឹកនាំ គណបក្ស​ខេត្ត ឲ្យ​បានល្អ ដោយ​ត្រូវ ទទួលយក​នូវ​បទពិសោធន៍ និង​ស្នាដៃ​ល្អៗ​របស់ ប្រធាន​គណបក្ស​ចាស់ ដើម្បី​យកទៅអនុវត្ត​បន្ត ឲ្យ​បាន​ជោគជ័យ នូវ​គោលនយោបាយ របស់​គណបក្ស ។ ត្រូវ​ប្រតិបត្តិ​អោយបាន​ត្រឹមត្រូវ​នូវ លក្ខន្តិកៈ គោលនយោបាយ រាជរដ្ឋាភិបាល ច្បាប់​របស់​រដ្ឋ និង​គោរព​ឱ្យបាន​ម៉ឺងម៉ាត់ ការប្រជុំ​របស់​គណអចិន្ត្រៃយ៍ របស់​បក្ស ដោយ​ឈរលើ​លក្ខការណ៍​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ភាគតិច​គោរព​ភាគច្រើន ទើប​ធ្វើ​ឲ្យ​គណបក្ស មាន​ភាពរឹងមាំ និង​មានការ​អភិវឌ្ឍ រីកចម្រើន ។ ជាមួយគ្នានេះដែរ ត្រូវ​កំណត់​របប ចុះ​មូលដ្ឋាន ឱ្យបាន​ជាប្រចាំ ដើម្បី​ដោះស្រាយ​ទុក្ខ​កង្វល់ ការលំបាក​ការខ្វះខាត និង​តម្រូវការ​របស់ ប្រជាពលរដ្ឋ ក្នុង​ប​ដិ​បទ​ជំងឺ​កូ​វីដ ១៩ ក្នុង​ពេលនេះ ។ បាន​ដូច​ខាងលើនេះ ប្រជាពលរដ្ឋ នឹង​ជំនឿ​ជាក់ កាន់តែខ្លាំងៗ លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​អ្នក​ដឹក នាំ​ប្រទេសជាតិ ឲ្យ​មាន​សុខសន្តិភាព រហូត​តទៅ ៕/V​-PC