​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ យោង​តាម​លោក​អនុសេនីយ៍ឯក ជេម ហ្វា​នែល ជា​មន្ត្រី​ស៊ើបការណ៍​កងទ័ពជើងទឹក​អាម៉េរិក​ចូលនិវត្តន៍ ដែល​ដកស្រង់​សម្តី​ដោយ​វេបសាយ Breaking Defense បានឱ្យដឹងថា រូបថត​មួយចំនួន ដែល​ថត​បាន​នៅ​ជិត​កន្លែង​ផលិត​នាវា​ផ្ទុក​យន្តហោះ​នៅ​ទីក្រុង​អ៊ូ​ហាន ប្រទេស​ចិន បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ធ្វើ​គោលនយោបាយ​ការពារ​ជាតិ​អាម៉េរិក​។ ​រូបភាព​ទាំងនោះ​បាន​បង្ហាញ​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ថ្មី J-35 ដែល​គេ​ចាត់ទុកថា​ជា​”​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​ក្នុង​ការស្វែងរក​រយៈពេល​យូរអង្វែង​របស់​ចិន​ទៅលើ​សមត្ថភាព​អាកាសចរណ៍​​ផ្អែក​លើ​នាវា​ផ្ទុក​យន្តហោះ​នៅលើ​សមុទ្រ​ខៀវ​”​។

​ក្នុងអំឡុងពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​នៃ​យន្តហោះ J-35 នៅ​ពិព័រណ៍​អាកាស​ចិន​ឆ្នាំ ២០១៤ យន្តហោះ​ម៉ូ​ដែល​នេះ​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​ផលិត​ដោយ​រុស្ស៊ី​កម្លាំង​ខ្សោយ​ចំនួន​ពីរ​ដែល​ផលិត​ដំបូង​​សម្រាប់​យន្តហោះ Mikoyan MiG-29 ។ ប៉ុន្តែ​សូម្បី​យន្តហោះ​នេះ​ទើប​ចេញ​ដំបូង​ក៏ពិតមែន​ប៉ុន្តែ​វា​ហាក់ដូចជា​យក​ស្ទីល​ម៉ាស៊ីន​ភ្លោះ​តាម​យន្តហោះ​អាម៉េរិក Lockheed Martin F-35 ។ លក្ខណៈ​ពិសេស​នៃ​យន្តហោះ J-35 គឺ​ស្លាប​ដែល​បាន​កែ​ឡើងវិញ​និង​តួខ្លួន​រាង​ទ្រវែង​របស់​វា អាច​គេច​ពី​រ៉ា​ដា​ដែល​ចាប់​នៅ​កម្ពស់​ទាបៗ​។​

​យន្តហោះ​នេះ​ក៏​ត្រូវ​គេ​ជឿ​ដែរ​ថា​មាន​ទម្ងន់ ១១ តោន​ស្រាល​ជាង​ម៉ូ​ដែល​មុន J-15 ។ វា​ក៏​ផ្ទុក​កាំជ្រួច​មី​ស៊ី​ល​នៅក្នុង​ប្រអប់​អាវុធ​ខាងក្នុង​តួ​ផងដែរ​ដើម្បី​រក្សា​សមត្ថភាព​បំបាំងកាយ​របស់​វា​។​

​រូបភាព​បែប​នេះ​ត្រូវបាន​ថត​ជា​ញឹកញាប់​នៅ​ទីតាំង​នៅ​អ៊ូ​ហាន​អស់​ជាច្រើន​ឆ្នាំ​ដោយ​អ្នក​និយម​ចូលចិត្ត​ខាង​អាកាសចរណ៍​ក្នុងស្រុក​ហើយ​បន្ទាប់មក​បាន​បង្ហោះ​ដោយ​ជនអនាមិក​នៅលើ​វេបសាយ​ដែល​មាន​មូលដ្ឋាន​នៅ​ចិន​។ យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​បានឱ្យដឹង​ថា​រូបថត​ទាំងនោះ​ត្រូវបាន​លុប​ចោល​ជា​ប្រចាំ​ព្រោះ​វា​ជា​ការរំលោភ​លើ​គោលការណ៍​ណែនាំ​អំពី​សន្តិសុខ​និង​ការសម្ងាត់​យោធា​របស់​​ទីក្រុង​ប៉េកាំង​។​

​លោក​ហ្វា​នែ​ល​និយាយថា មូលហេតុ​ដែល​ពួក​អ្នក​ធ្វើ​គោលនយោបាយ​ការពារ​ជាតិ​អាម៉េរិក​ព្រួយបារម្ភ​អំពី​វឌ្ឍនភាព​របស់​យន្តហោះ​ដូចជា J-35​គឺ​កង្វះ​តម្លាភាព​ពី​ប្រទេស​ចិន​ទាក់ទង​នឹង​ការអភិវឌ្ឍ​​ខាង​យោធា​របស់​ខ្លួន​៕

​អាម៉េរិក​បារម្ភ​ពី​សមត្ថភាព​របស់​យន្ត​ហោះ​ចិន J-35