ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ នៅ​សាលាក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២១ បានប្រគល់​លើកដំបូង​នូវ​ថវិកា​រាជរដ្ឋាភិបាល របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ឧបត្ថម្ភ ជូន​គ្រួសារ​សព​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ ។ គឺ​ឧបត្ថម្ភ​បាន​១២​សព​ខណៈ​អ្នកស្លាប់​កើន ដល់​៣៩​នាក់​ហើយ ។​

លោក​អ៊ុំ រាត្រី អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ខេត្តបន្ទាយមានជ័យ​អមដោយ​លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត លោក​វេជ្ជបណ្ឌិត ហេង គីម​ស៊​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត លោក​ហឿន វីរៈ អភិបាលរងក្រុង​ប៉ោយប៉ែត អញ្ជើញ​ក្នុង​ពិធី​នោះ ។​

​នា​ឳ​កាស​ដ៏​ស្រងូតស្រងាត់​នោះ លោក​អ៊ុំ រាត្រី បាន​ពាំនាំ​បណ្តាំ​ផ្ញើ​រំលែក​ទុក្ខ សោកស្តាយ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​ដូច​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​រដ្ឋបាលខេត្ត​ជូន​ចំពោះ​គ្រួសារ​នៃ​សព​។​
​លោក​អភិបាលខេត្ត​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ផ្នែក​ទទួល​បូជាសព​ដែល​មិន​តម្កល់​ធ្វើបុណ្យ បាន រើស​ធាតុ​ប្រគល់ជូន​ក្រុមគ្រួសារ ចុះ​ស្រាវជ្រាវ​ស្រង់​ទិន្ន័យ គ្រួសារ​សព​និង​នាំមក​ទទួល​ថវិកា​នេះ ។​

​លោក​អ៊ុំ រាត្រី ឱ្យដឹង​បន្តថា ក្នុង​ខេត្តបន្ទាយមានជ័យ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ កើន​ដល់​ចំនួន​ជិត​៥​ពាន់​នាក់ តែ​បានជា​សះស្បើយ​ជិត​បីនាក់​និង​ជិត​ពីរពាន់​នាក់​ទៀត និង​កំពុង​ដាក់​ឱ្ស​សម្រាក​ថែទាំ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​និង​មន្ទីរពេទ្យ​១៤​កន្លែង ។​ចំណែក​អ្នកស្លាប់ មកទល់​ថ្ងៃនេះ កើន​ដល់​៣៩​នាក់​ហើយ ។​

​សូមបញ្ជាក់ថា ថវិកា​រាជរដ្ឋាភិបាល​ឧបត្ថម្ភ​គ្រួសារ​សព​ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ ១៩ ទទួលបាន​ចំនួន​៥​លាន​រៀល ក្នុង​មួយ​សព ហើយ​នា​លើកដំបូង​នេះ បានប្រគល់ ដល់​១២​គ្រួសារ​នៃ​សព​១២​នាក់ ដែលមាន​លំនៅ​ភូមិ នៃ​សង្កាត់​ទាំង​នៅ​ក្រុង ប៉ោយប៉ែត​៕​/PC