​ដោយ​៖ រ៉ា​ម៉ន / ព្រះវិហារ​៖ លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ និង​ជា​អនុប្រធាន គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួម​នឹង​សហការី នា​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ នេះ បាន​នាំ​ថវិកា​សរុប ចំនួន​ជាង ២១.១៥០.០០០ រៀល ប្រគល់​សាខា កាកបាទ​ក្រហ​កម្ពុជា ខេត្តព្រះវិហារ ដើម្បី​ចូលរួម​អបអរ​សារ​ទរ ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១ ក្រោម​ប្រធានបទ «​ទាំងអស់គ្នា រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ភាព​ធន់ របស់​សង្គមជាតិ​» ។​

​លោក សំ លាង​ទ្រី បាន​មានប្រសាសន៍ថាៈ ថវិកា​ដែល​នាំមក​ប្រគល់ជូន សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាពេលនេះ មាន​ចំនួន ២០ លាន​រៀល ជា​ថវិកា​របស់លោក និង​ក្រុមគ្រួសារ ហើយ​មួយចំនួនទៀត បានមកពី​ការចូលរួម ចំណែក​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​មាន​សម្ភារ​មួយចំនួនទៀត ដូចជា ម៉ាស​ចំនួន ៩.០០០ ប្រអប់​មី​ចំនួន ១០ កេស​ធំ ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​លោក សំ លាង​ទ្រី ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ ដែល​បាន​លះបង់​ថវិកា និង​សម្ភារ​ផ្ទាល់ខ្លួន នាំយកមក​ប្រគល់ ជូន​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត ក្នុង​ការងារ​មនុស្សធម៌​។​

​ចំណែក​លោកស្រី ចឹក ហេង អនុប្រធាន​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបញ្ជាក់​ថាៈ គិត​ត្រឹម​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានទទួល​ថវិកា សរុប​ពី​សប្បុរសជន ក្នុងឱកាស​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១ សរុប​ចំនួន ៧៦.៣00 ដុល្លារ​អាមេរិក​៕/V​