​ដោយៈ ប​.​ខុន / ភ្នំពេញៈ សម្ពាធ​ទាប​សកម្ម ( Active ) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជូនដំណឹង​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា​ថា វា​នឹង​វិ​វត្ត​ទៅជា​កូន​ព្យុះ​ទី​៦ នៅពេល​ល្ងាច​នេះនោះ រហូតដល់​ម៉ោង ១៧ ហើយ វា​នៅ​ស្ថិតក្នុង​កម្រិត ជា​សម្ពាធ​ទាប​សកម្ម​ដដែល​។​

​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ល្ងាច​ថ្ងៃទី​៥ ខែកក្កដា​ថាៈ ដោយសារ​នៅក្នុង សមុទ្រ​ប៉ាស៊ីហ្វិក ខាងកើត​ប្រទេស​ហ្វី​លីន មាន​សម្ពាធ​ទាប​សកម្ម​មួយ ដូច​ក្នុង​សមុទ្រ​ចិន ខាងត្បូង​ដែរ ទើប​ធ្វើឱ្យ​អាកាសធាតុ មាន​ប្រែប្រួល​ច្រើន ខុសពី​ព្យាករ​បន្តិច ។ សម្ពាធ​ទាប​សកម្ម ក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនទាន់​បង្កើន​ឥទ្ធិពល ឡើងដល់​កម្រិត​វិ​សម្ពាធ TD រួច​នៅឡើយ​ទេ មកដល់​ល្ងាច​នេះ កុំថាឡើយ ទៅដល់​កម្រិត​ជា​កូន​ព្យុះ​។​

​ទោះជា​យ៉ាងណា មន្ត្រី​ក្រសួង​ជំនាញ​ខាងលើ រំពឹងថា បាតុភូត​នេះ នឹង​ឡើងដល់​កម្រិត​វិ​សម្ពាធ នៅ​យប់​នេះ នឹង​អាច​ក្លាយទៅជា​កូន​ព្យុះ ប្រសិនបើ​សម្ពាធ​ទាប​សកម្ម នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​បាន​ឡើង​ជិត ដល់​កម្រិត វិ​សម្ពាធ ហើយ​មិន​ក្លាយទៅជា​ព្យុះ ភ្លាមៗ​ទេនោះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ បាន​ជូនដំណឹង​បន្ថែមថា នៅវេលា​ម៉ោង ០៧:០០ ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ នេះ មាន​សម្ពាធ​ទាប​សកម្ម​មួយ ស្ថិតនៅក្នុង​សមុទ្រ​ចិន ខាងត្បូង ខាងលិច​ប្រទេស​ហ្វីលីពីន នឹង​បង្កើន​ឥទ្ធិពល ទៅជា​វិ​សម្ពាធ TD និង​ធ្វើដំណើរ​ឆ្ពោះ​មក​ទិសពាយ័ព្យ​។​

​ក្នុង​សេចក្តីជូនដំណឹង សរសេរ​ទៀតថាៈ នៅវេលា​ម៉ោង ៤ ល្ងាច​ថ្ងៃ​ដដែល​នេះ វិ​សម្ពាធ​ខាងលើ បាន​បង្កើន​ឥទ្ធិពល ទៅជា​កូន​ព្យុះ​ទី​៦ ឈ្មោះ អ៊ី​ន​-​ហ្វា ( TS IN-FA 2106 ) នៅលើ​សមុទ្រ​ចិន​ខាងត្បូង ត្រង់ចំណុច​ខ្សែវ័ណ្ឌ​ទី​១៤ អង្សារ​៤ រយៈទទឹង​ខាងជើង និង​ខ្សែស្រប​ទី​១១៤ អង្សា​នៃ​រយ​:​បណ្តោយ​ខាងកើត​។​
​តាម​ការ​ព្យាករ នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ កូន​ព្យុះ​នេះ នឹងធ្វើ​ដំណើរ​ទៅរក​កោះ​ហៃណាំ ប្រទេស​ចិន ។ នៅ​ថ្ងៃទី​៨ ខែកក្កដា កូន​ព្យុះ​នេះ នឹង​ថមថយ ឥទ្ធិពល​ទៅជា​វិ​សម្ពាធ TD រួច​ដើរ​ចូលទៅ ប្រទេស​វៀតណាម ខាងជើង ។​

​ដោយឡែក ជ្រលង​នៃ​កូន​ព្យុះ​ទី​៦ អ៊ី​ន​-​ហ្វា​TS IN-FA2106​នេះ និង​ខ្យល់មូសុង​និរតី នឹងមាន​ឥទ្ធិពល មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ ។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ លក្ខណៈ​ខាងលើ ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថានភាព សម្រាប់​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប ជាប់​ជុំវិញ​ទន្លេសាប និង​បឹង​ទន្លេសាប មាន​ភ្លៀង​ធ្លាក់​បង្គួរ ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់ ក្នុង​កម្រិត​បង្គួរ ។​
​សម្រាប់​បណ្តា​ខេត្ត នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង តាម​ដង​ទន្លេមេគង្គ មាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ​ទៅ​ច្រើន និង​មាន​ខ្យល់ កន្ត្រាក់​ក្នុង​កម្រិត​បង្គួរ ។​
​សម្រាប់​តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ​ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់ ក្នុង​កម្រិត​បង្គួរ ជាមួយ​រលក​សមុទ្រ មាន​កម្ពស់​ជា​មធ្យម​។ ឯ​ស្ថានភាព នៃ​ទឹកទន្លេ​មេគង្គ ចាប់​ផ្តើមឡើង ជា​បន្តបន្ទាប់​មកវិញ​។​

​សេចក្តីជូនដំណឹង ដែល​មិន​ចុះហត្ថលេខា និង​ត្រា​នេះ បាន​អំពាវនាវ​ដល់​បង​ប្អួ​ន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង រាល់​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន ជាយថាហេតុ ៕/V​