​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នឹងដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​ពី​គេ​មួយ​សប្តាហ៍ បន្ទាប់ពី​លោក​ប៉ះពាល់​ជិតដិត​ជាមួយ​មនុស្ស​ម្នាក់​ដែល​ក្រោយមក​ត្រូវបាន​ធ្វើ​​តេស្តិ៍​ឃើញកូ​វីដ​១៩ ក្នុងពេល​លោក​ចូលរួម​ពិធី​កត់សំគាល់​ការបើក​កោះ​រមណីយដ្ឋាន​ភូ​កេត សំរាប់​ទេសចរ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ហើយ​។​

​លោក​ប្រា​យុទ្ធ ដែល​បាន​ចាក់​វ៉ាក់សាំង​AstraZeneca​ពីរដូ​សហើយ នឹង​បន្ត​ធ្វើការ​តាម​ធម្មតា រួមទាំង​តាមដាន​សភាពការណ៍​កូវី​ដ​១៩​នៅក្នុង​ប្រទេស នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក អានុ​ចា​​ប៊ូ​រ៉ា​ផា​ឆៃ​ស្រ៊ី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក អានុ​ចា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « លោកនាយក​រដ្ឋមន្ត្រី​ធ្វើ​បាន​តេស្តិ៍ តែ​អវិជ្ជ​មាន​កូវី​ដតាំង​ពី​មុន​មក​ហើយ​នឹង​បន្ត​ធ្វើតេស្តិ៍​បន្តបន្ទាប់​ទៀត​។​លោក​នៅ​អនុវត្ត​ភារកិច្ច​​តាម​ធម្មតា ហើយ​នឹង​តាមដាន​ការវិវត្តន៍​សភាពការណ៍​យ៉ាង​ដិតដល់​»​។​

​ការប្រកាស​ធ្វើ​ចត្តា​ឡីស័​កនេះកើតឡើង​ក្រោយ​ពី​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​សុរិន្ទ លោក វី​រ៉ាសាក់ ភី​សានុ​វង់ បាន​អះអាង​ថា​លោក​បាន​តេស្តិ៍​ឃើញកូ​វីដ​១៩​ក្រោយ​បាន​ទៅ​ចូលរួម​ពិធី​នៅ​កោះ​ភូ​កេត​​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​កាលពី​ថ្ងៃ​១​កក្កដា​។​

លោកប្រាយុទ្ធ និងប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​សុរិន្ទ លោក វី​រ៉ាសាក់ ភី​សានុ​វង់(ឆ្វេង) ដែលអះអាងថាកើតកូវីដ១៩ ក្នុងពេលចូលរួមពិធីបើកទទួលទេសចរបរទេសក្រុមដំបូងនៅភូកេតកាលពីថ្ងៃ០១កក្កដា

​លោក​ឧត្តមសេនីយ៍ប្រា​យុទ្ធ រួម​នឹង​សមាជិក​ក្នុង​គណៈរដ្ឋមន្ត្រី​លោក​ជាច្រើន​នាក់​បាន​ទៅ​កោះ​ភូ​កេត​កាលពីដើម​ខែ​ដើម្បី​ស្វាគមន៍​អ្នកទេសចរ​បរទេស​ក្រុម​ដំបូង ដែល​ចូល​មក​កម្សាន្ត​កោះ​នេះ​ដោយ​មិន​​ចាំបាច់​ធ្វើ​ចត្តា​ឡី​ស័ក បើសិនជា​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ហើយ នៅ​ពេល​ប្រទេស​ព្យាយាម​បើក​ប្រទេស​សន្សឹមៗ​ដើម្បីអោយ​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​សំខាន់​រស់​ឡើងវិញ​។​

​យោង​តាម​ទិន្នន័យ​ផ្លូវការ ចាប់តាំងពី​ថ្ងៃ​១​កក្កដា​មក កោះ​ភូ​កេតទទួលបាន​ភ្ញៀវទេសចរ​១.៨៩៣​នាក់ ។​ទោះជា​យ៉ាងណា ថៃ​កំពុង​ជួប​ការឆ្លង​និង​ស្លាប់​កើន​រាល់ថ្ងៃ ដោយ​នៅ​ថ្ងៃ​ចន្ទ​នេះ​មាន​អ្នក​កើតកូ​​វីដ​ថែម​៦.១៦៦​នាក់​និង​៥០​នាក់​ទៀត​ស្លាប់​ដោយ​ជំងឺឆ្លង​សកល​នេះ​៕

​លោក​ឧត្តមសេនីយ៍ប្រា​យុទ្ធ រួម​នឹង​សមាជិក​ក្នុង​គណៈរដ្ឋមន្ត្រី​លោក​ជាច្រើន​នាក់​បាន​ទៅ​កោះ​ភូ​កេត​កាលពីដើម​ខែ​