​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា​ឲ្យ​កម្លាំង​ទាំងអស់ នៅតាម​ព្រំដែន ត្រូវ​សហការ​ជាមួយ សមត្ថកិច្ច​គ្រប់​ជំនាញ ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ រាល់​ការចេញចូល របស់​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការនាំ​ចូល នូវ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ថ្មី​។​

​ការបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​នៅក្នុង​ពិធី ប្រជុំ​ឆ្លង​របាយការណ៍ បូកសរុប​លទ្ធផល​ការងារ យោធា​-​សន្តិសុខ ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២១ របស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ នេះ​។​

​មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជា​ឲ្យ គ្រប់​អង្គភាព​ទាំងអស់ បន្ត​ភារកិច្ច​ដែល​បាន​អនុវត្ត កន្លងមក ក៏ដូចជា ត្រៀមកម្លាំង ដើម្បី​ចូលរួម​អនុវត្ត​ភារកិច្ច នៅពេល​មាន​បទបញ្ជា ដូចជា​៖ ការរៀបចំ​ក្រុមគ្រូពេទ្យ​, ការចូលរួម​ក្នុងការ​ការពារ និង​រក្សា​សន្តិសុខ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​, ការចូល​រួ​ការបិទ​ខ្ទប់ នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​ការដឹកជញ្ជូន​ពលករ ត្រលប់​មកពី​បរទេស​។ បន្ត​ចូលរួម និង​ត្រៀម​ចូលរួម នៅក្នុង​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ទោះ​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​ប្រមុខ និង​ជា​ប្រធាន​គណៈកម្មការ​ធិ​ការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​-១៩ បាន​ដឹកនាំ​ការងារ យ៉ាងសកម្ម និង​ជាប្រចាំ ក្នុង​រយៈពេល ២ ឆ្នាំ កន្លងមកនេះ ដោយបាន​ចាត់ វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការព្យាបាល និង​ការរៀបចំ ធនធាន ដើម្បី​ដោះស្រាយ​រាល់​បញ្ហា ដែល​កើតមាន​ជូន​ប្រជាពលរដ្ឋ រួមមាន​ការដាក់ឱ្យ​ដំណើរការ​យន្តការ ជំនួយ​សង្គម​សម្រាប់ ប្រជាជន​ដែល​ជួប​ការលំបាក ផ្នែក​ជីវភាព ជាដើម​។​

​មេបញ្ជាការ​កងទ័ពជើងគោក បាន​បន្តទៀតថា ពាក់ព័ន្ធ​នឹង​ការងារ​លើកកម្ពស់ សុខមាលភាព​របស់​ក​ង​ទ័ព ជាពិសេស​ការការពារ​ជំងឺ​កូ​វីដ​-១៩ សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គ្រប់​ស្ថាប័ន -​កងឯកភាព ទាំងអស់ ដែល​បាន​ខិតខំ អនុវត្ត​វិធាន​សុខាភិបាល ក្នុងការ​គ្រប់គ្រង​កម្លាំង ក្នុង​រយៈកាល​កន្លងមក​នេះ និង​សូម​បង្កើន ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បន្ត​រឹតបន្តឹង ការអនុវត្ត​វិធានការ​ទាំងនេះ ឱ្យមាន​ប្រសិទ្ធភាព បន្ថែមទៀត ដើម្បី​ការពារ​ខ្លួន នៅក្នុង​ជួរ​ទ័ព​, គ្រួសារ​ទ័ព និង​សហគមន៍​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា ជា​ទិសដៅ​ការងារ​បន្ត ចំពោះមុខ ឆ្លើយតប​នឹង បទបញ្ជា ជា​យុទ្ធសាស្ត្រ​ថ្មីៗ​របស់ សម្តេច​តេ​ជោ ក៏ដូចជា​គោលការណ៍​ណែនាំ របស់​ក្រសួងការពារជាតិ លើ​កិច្ចការ​នេះ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បានសម្រេច​ដាក់ចេញ នូវ​គោលការណ៍​ភារកិច្ច ជាក់ស្តែង​មួយចំនួន ដូចខាងក្រោម​៖ កម្លាំង​ទាំងអស់ នៅតាម​ព្រំដែន ត្រូវ​សហការ​ជាមួយ សមត្ថកិច្ច គ្រប់​ជំនាញ ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​រាល់​ការចេញចូល របស់​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់ ការនាំ​ចូល​នូវ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ថ្មី​។


​អង្គភាព​ទាំងអស់ ត្រូវ​បន្ត​ចាត់វិធានការ​ការពារ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​អង្គភាព តាមរយៈ​ការគ្រប់គ្រង​កម្លាំង ឱ្យបាន​ហ្មត់ចត់​, ការត្រួតពិនិត្យ​ការចេញ​-​ចូល​, ការរៀបចំ​កន្លែង​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​កម្រិត​ស្រាល​។ ត្រូវ​ប្រុងប្រៀប​រៀបចំ ធ្វើតេស្ត​ដល់​យោធិន នៅតាម​បណ្តា​អង្គភាព ដោយ​យកចិត្តទុកដាក់ ជាពិសេស​ដល់​កម្លាំង​ទាំងអស់ ដែល​ចេញ​ប្រតិបត្តិការ​តាម​ច្រកព្រំដែន​, ពេទ្យ​យោធា​, កម្លាំង​ចូលរួម​ចាក់​វ៉ាក់សាំង និង​កម្លាំង​ដែល​ចូលរួម​ប្រតិបត្តិការ ក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់ ដូចជា តំបន់​ក្រហម ជាដើម​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​គ្រប់​បណ្តា​ស្ថាប័ន -​កងឯកភាព​ទាំងអស់ ចំណុះ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច ទោះជា​ក្នុង​កាលៈទេសៈ​លំបាក នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ នេះ​តែម្តង គឺ​នៅក្រោយ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែល​យើង​កំពុង​មានការ​ប្រឈម​ខ្លាំង​។ ក្នុងនេះ ទោះបី​មាន​សកម្មភាព មួយចំនួន យើង​មិនអាច​អនុវត្តបាន ប៉ុន្តែ​ល​ចំពោះ​ទ្ធ​ផល​ការងារ​ជារួម គឺ​យើង​នៅតែ អាច​រក្សាបាន​នូវ​ប្រតិបត្តិការ​ជាធម្មតា​, ការត្រៀម​លក្ខណៈ​រៀបរយ​ក្នុងការ​បំពេញភារកិច្ច និង​ការចូលរួម នៅក្នុង​កិច្ចការ​នានា​ទៅតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​, ក្រសួងការពារជាតិ​, អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន កងទ័ពជើងគោក ដោយ​យើង​បាន​ខិតខំ​ប្រឹងប្រែង សម្រេចបាន​គួរ​ជាទី​មោទនៈ ជាពិសេស នៅក្នុង​ការងារ​គ្រប់​ភារកិច្ច សំខាន់ៗ ចាំបាច់​ចំពោះមុខ ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូ​វីដ​-១៩៕/V​