ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​នៅ​រសៀល​ថ្ងៃទី​៥​ខែកក្កដា​នេះ​បានការ​រៀបចំ​ពិធីបើកការដ្ឋាន​ជួសជុល​ប្រាសាទ មួយចំនួន​នៅក្នុង​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ក្រោម​វត្តមាន​លោក ផាន់ ណា​ឌី អគ្គនាយក អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក (​អ​.​ជ​.​ស​.​ព​.) ដោយមាន​ការចូលរួម​ដោយ​ថ្នាក់ដឹកនាំ មន្ត្រី មន្ត្រី​កិច្ចសន្យា កម្មករ​ជំនាញ នៃ​អ​.​ជ​.​ស​.​ព​. និង​ប្រជាពលរដ្ឋ​។ ការដ្ឋាន​នេះ​គឺ ដើម្បី​ជួសជុល​ប្រាសាទ​កណ្តាល (C1) នៃ ក្រុម​ប្រាសាទតោ​។

​ប្រភព​ក្រសួង​វប្បធម៌​នៅ​រសៀល​ថ្ងៃនេះ​បាន​បញ្ជាក់ថា​ការងារ​នេះ​គឺជា​ផ្នែក​មួយ​ផ្សេងទៀត​នៃ​ការរួមចំណែក​ក្នុង​កិច្ច​អភិរក្ស​គាំពារ​បណ្តា​ប្រាង្គ​ប្រាសាទ ដែល​ប្រឈម​នឹង​ហានិភ័យ​ក្នុង​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ដោយ​នាយកដ្ឋាន រមណីយដ្ឋាន បុរាណវិទ្យា និង​អភិរក្ស នៃ អ​.​ជ​.​ស​.​ព​. ។​

​គួរ​បញ្ជាក់ថា ក្រុម​ប្រាសាទតោ ស្ថិតនៅ​ចន្លោះ​ក្រុម​ប្រាសាទ​សំបូរ និង​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ​នៃ​តំបន់​ប្រាសាទ​សំបូរ ព្រៃ​គុក​។ ក្រុម​នៃ​នៅ​បន្សល់​ប្រាង្គ​ឈរ​នៅ​គង់វង្ស​តែមួយគត់ គឺ​ប្រាង្គ​កណ្តាល​នេះឯង​។ ប្រាង្គ​នេះ​សាង​ពី​ឥដ្ឋ និង​មាន​លម្អ​ដោយ​ថ្មភក់​យ៉ាង​វិចិត្រ​ដែល​អ្នក​ស្រាវ​ពុំទាន់​ឯកភាពគ្នា​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​អាច​ស្នើឡើង​ថា​ជា​ស្ថាបត្យកម្ម​ក្នុង​រវាង ចុង​សតវត្សរ៍​ទី​៧ និង​ចុង​សតវត្សរ៍​ទី​៨ (​ក្នុង​រចនាបថ​ព្រៃ​ក្មេង និង​កំពង់ព្រះ​)​។ បើ​និយាយ​ពី​សំណង់​ស្ថាបត្យកម្ម ប្រាសាទ​នេះ​គឺជា​រចនាសម្ព័ន្ធ​ធំៗ​សំខាន់​ជាងគេ​បង្អស់​មួយ​ក្នុង​សម័យមុន​អង្គរ ដែល​បាន​បន្សល់​រហូតមកដល់​សព្វថ្ងៃ​៕​សរន​