​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​កក្កដា​ថា ឥណ្ឌូនេស៊ី​នឹង​ផ្តល់​សេវា​វេជ្ជសាស្ត្រ​ពី​ចម្ងាយ (telemedicine)​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកជំងឺ​​កូរ៉ូ​ណា​ដែល​មាន​រោគសញ្ញា​ស្រាល ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​វិស័យ​ថែទាំ​សុខភាព​ដែល​ជន់​លិច​ដោយ​ចំនួន​នៃ​ករណី​កូវី​ដ​១៩​។​

​ដោយ​មាន​ចំនួន​ឆ្លង​ច្រើន​បំផុត​ជា​ច្រើន​ថ្ងៃ​កាលពី​សប្តាហ៍​មុន​និង​អ្នកស្លាប់​លើស ៥០០​នាក់​ស្ទើរ​រាល់ថ្ងៃ ប្រទេស​ឥណ្ឌូនេស៊ី​កំពុងតែ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឆ្លងកូវី​ដ​១៩​អាក្រក់​បំផុត​មួយ​នៅ​អាស៊ី ដែល​ជំរុញ​ដោយ​មេរោគ​កូរ៉ូ​ណាបំ​ប្លែងខ្លួន Delta ដែល​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក ប៊ូ​ឌី ហ្គូ​ណាឌី សា​ឌី​គីន បាន​ប្រាប់​សន្និសីទកាសែត​ថា សេវាកម្ម​ពី​ចម្ងាយ​នឹង​ត្រូវបាន​ផ្តល់ជូន​ចាប់ពី​ថ្ងៃ​អង្គារ​ទី​៦​កក្កដា​ដោយ​ក្រុមហ៊ុន​សុខភាព​ពី​ចម្ងាយ​ដូចជា Alodokter និង Halodoc ហើយ​នឹង​រួមបញ្ចូល​ការពិគ្រោះ​យោបល់​និង​ការដឹកជញ្ជូន​ថ្នាំ​ដោយ​ឥតគិតថ្លៃ​។​

​លោក​បាន​និយាយថា “​អ្នកជំងឺ​វិជ្ជ​មានកូ​វីដ​១៩ អាច​ទទួលបាន​សេវា​វេជ្ជសាស្ត្រ​ទាន់ពេលវេលា​ដោយ​មិន​ចាំបាច់​រង់ចាំ​ជា​ជួរ​តាម​មន្ទីរពេទ្យ​ទេ ដូច្នេះ​មន្ទីរពេទ្យ​អាច​ផ្តល់​អាទិភាព​ដល់​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​មធ្យម ធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ​”​។​

​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោកស្រី ស្រ៊ី មូលី​យ៉ានី អ៊ី​នដ្រា​វ៉ាទី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការចំណាយ​លើ​សុខភាព​នឹងត្រូវ​ដំឡើង​ម្តង​ទៀត​រហូតដល់​ចំនួន ១៩៣,៩៣ លាន​លាន​រូពៀ (៤៣០,៧ ពាន់​លាន​បាត​) សម្រាប់​ការព្យាបាល​មេរោគ​កូរ៉ូណា ការធ្វើ​តេស្តិ៍ ការតាមដាន ការ​ផ្តល់​ថ្នាំ ការចាក់​វ៉ាក់សាំង និង ការផ្តល់​ឧបករណ៍​ការពារ​។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា ការកាន់កាប់​គ្រែ​មន្ទីរពេទ្យ​មាន ៧៥ ភាគរយ​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃទី ២ ខែកក្កដា ប៉ុន្តែ​មន្ទីរពេទ្យ​មួយចំនួន​នៅ​លើ​កោះ​ជ្វា​ដែល​មាន​ប្រជាជន​ច្រើនជាងគេ​បាន​រាយការណ៍​ថា​មាន​សមត្ថភាព​ជាង ៩០ ភាគរយ​រួមទាំង​នៅ​រដ្ឋធា​នីហ្សាការ​តា​ផងដែរ​។​

​កង្វះ​អុកស៊ីសែន​ក៏​ត្រូវបាន​រាយការណ៍​ផងដែរ ដែល​អាជ្ញាធរ​សន្មត​ថា​បណ្តាលមកពី​ឧបសគ្គ​នៃ​ការបែងចែក​និង​សមត្ថភាព​ផលិតកម្ម​នៅ​មាន​កម្រិត​៕

​អ្នកជំងឺ​កូវី​ដ​១៩​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ហ្សា​ការតា​កាលពី​ថ្ងៃទី​២៩​មិថុនា​