ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះ សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ នេះ បានប្រកាស សាលក្រម លើ​ជន​ជាតិចិន ចំនួន ៣ នាក់ សម្រេច​ផ្ដន្ទាទោស ដាក់ពន្ធនាគារ ក្នុង​ម្នាក់ៗ ៥ ឆ្នាំ ក្រោម​ការចោទប្រកាន់ ពីបទ​កំហែង​យក មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រើ​អាវុធ (​ចាប់​ជនរងគ្រោះ​ដាក់​ខ្នោះដៃ និង​ប្រើប្រាស់ ឧបករណ៍​ឆក់ ជំរិត​ទារប្រាក់​) បទ​ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា (​បើករថយន្ត​បុក​បណ្តា​ល ឲ្យ​ខូចខាត រថយន្ត ២ គ្រឿង និង​បុក​របង​ផ្ទះ បណ្តាល​ឲ្យ​ខូចខាត​) និង​ប្រើប្រាស់​ឯកសារ សាធារណៈ​ក្លែង ពាក់​ស្លាក​លេខ​រថយន្ត ដោយ​គ្មាន​សិទ្ធិ និង​ជំរិត​ទារប្រាក់ ១០ ម៉ឺន​ដុល្លារ​។​

​ជន​ត្រូវ​ចោទ​ទាំង ៣ នាក់ មាន​៖ ១. ឈ្មោះ ចម ជី​ង​មីង ( ZHAO-JIANMING ) ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ម្ដុំ​ក្រោយ ក្រសួងការពារជាតិ ។ ២.​ឈ្មោះ XIAO-ZEAN ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣២ ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​: EA- 2019587 ស្នាក់នៅ​ម្ដុំ​កោះ​ពេជ្រ មុខរបរ មិន​ពិតប្រាកដ​។ ៣.​ឈ្មោះ HU FENGWEN ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ផ្ទះជួល លេខ​១៥ ផ្លូវ​លេខ ៣ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ រកស៊ី​ខាង​រ៉ែ​មាស ។

​សូមបញ្ជាក់ថា ជនជាប់ចោទ​ទាំង ៣ នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចំណុច ក្នុង​បន្ទប់​លេខ ៩០២ ជាន់​ទី​៩ សណ្ឋាគារ ហាយ​ហៀ​ង​មីង​ជូ ផ្លូវ​លេខ​២៧៨ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៩:២០ នាទី​យប់ ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ ។​

​ក្នុង​ប្រតិបត្តិការ សមត្ថកិច្ច ដកហូត​វត្ថុតាង ចាប់យក រួមមានៈ​
១.​រថយន្ដ​ចំនួន ១ គ្រឿង ម៉ាក Toyota Hilux REVO ពណ៌​ស្ករ ( របស់​បក្ខពួក ជនសង្ស័យ​រត់គេចខ្លួន​) ។​
២.​ទូរស័ព្ទ​ចំនួន ២ គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស​, លុយ​ចំនួន ៣២៦ ដុល្លារ , ប័ណ្ណ​ពត៌មាន ( CTN TV) , ដំបងឆក់ ចំនួន​២ និង​គ្រាប់​ចំនួន​១, ប័ណ្ណ​សម្គាល់​រថយន្ដ ចំនួន​១ និង​កាត​ធនាគារ ចំនួន​១ (ATM – ABA BANK) , ខ្នោះដៃ​ចំនួន​២, ក្រណាត់ ពណ៌​ខ្មៅ​ចំនួន​៤ ( សម្រាប់​គ្រប​មុខ​) (​របស់​ឈ្មោះ ZHAO JIANMING)​។​
៣.​ទូរស័ព្ទ​ចំនួន ២ គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និង​ស​, លុយ​ដុល្លា​ចំនួន ១៣ ដុល្លារ និង​ប្រាក់រៀល ចំនួន ៤.២០០ រៀល​, លិខិតឆ្លងដែន​ចំនួន​១ លេខ EA 2019587 , Power Bank ពណ៌​ស ម៉ាក Romoss, កូនសោរ​មួយ​ចង្កោម​, និង​កាបូប​ខ្មៅ​ចំនួន​១ ( ជា​របស់​ឈ្មោះ XIAO ZEAN) ។
៤.​ទូរស័ព្ទ​ចំនួន ១ គ្រឿង ម៉ាក IPhone X ពណ៌ ទឹកប្រាក់​។

​ចំណែក​ជនរងគ្រោះ មានឈ្មោះ Lin Wei xian ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៣១​ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយ​លៀង មីង​ជូ ផ្ទះ​លេខ​8 ផ្លូវ ២៧៨ ភូមិ​៥ សង្កាត់​បឹង កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរប ជា​មេការ ខារ៉ាអូខេ​ចិន ៕/V-PC​