ដោយៈ សុផល / ភ្នំពេញ​៖ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​វគ្គ​បំប៉ន​សមត្ថភាព ភាសា​អង់គ្លេស ដល់​និស្សិត​ជំនា​ន់ទី​១ របស់ខ្លួន តាម​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ​។ និស្សិត​ដែល​ចូលរៀន វគ្គ​បំប៉ន​នេះ មិន​ត្រូវបាន​តម្រូវឱ្យ​បង់ប្រាក់ ឬ​កម្រៃ​សេវា​បន្ថែម​អ្វី​ឡើយ​។​

​លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថាៈ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បាន​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់ ក្នុង​ការកសាង​សមត្ថភាព របស់​ក្មួយៗ ជា​និស្សិត ឱ្យ​ក្លាយទៅជា​ធនធានមនុស្ស ប្រកបដោយ​គុណភាព និង​សក្ដានុពល​ខ្ពស់ ដើម្បី​រួមចំណែក ដល់​ការអភិវឌ្ឍ​សង្គមជាតិ​ជាមួយ​រាជ រដ្ឋាភិបាល និង​ជា​ធនធាន​មួយ​ដ៏​ខ្លាំងពូកែ ដែល​នឹង​ប្រកួតប្រជែង ក្នុង​ទីផ្សារ​ជាតិ និង​អន្ដរជាតិ នាពេល​អនាគត ក៏ដូចជា បម្រើ​ដល់​ការសិក្សា ស្រាវជ្រាវ និង​ការ ទំនាក់ទំនង របស់​និស្សិត​ផងដែរ​។​

​លោកនាយក​វិទ្យាស្ថាន បាន​បន្ថែមថាៈ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន មានការ​ប្ដេជ្ញា​ចិ​ត្ដ ខ្ពស់បំផុត ក្នុង​ការកសាង​ធនធានមនុស្ស ប្រកបដោយ​ជំនាញ​ច្បាស់លាស់ ចំណេះដឹង​ទូលំទូលាយ និង​អត្តចរិត​ចរិយា​សម្បត្តិ ត្រឹមត្រូវ និង​បាន​សំណូមពរ​ឱ្យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ចូលរួម​ជាមួយ វិទ្យាស្ថាន ក្នុងការ​ផ្ទេរ​ពុទ្ធិ ចំណេះដឹង ចំណេះធ្វើ និង​ការអប់រំ​អត្តចរិត និង​ចរិយា សម្បត្តិ ដល់​និស្សិត ឱ្យ​ល្អប្រសើរ និង​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​ជាមួយគ្នានេះ លោកនាយក​វិទ្យាស្ថាន ក៏បាន​ជំរុញ​លើកទឹកចិត្ត ឱ្យ​និស្សិត ខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការតស៊ូ​សិក្សា​រៀនសូត្រ ឱ្យបាន​ពូកែ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលបំណង នៃ​ការបើក​ថ្នាក់​បំប៉ន​សមត្ថភាព ភាសា​អង់គ្លេស និង​ការបង្កើតឱ្យមាន វិទ្យាស្ថាន​តេ​ជោ​សែន​នេះ ដើម្បី​ខ្លួនឯង ដើម្បី​គ្រួសារ និង​សង្គមជាតិ​ផងដែរ​។​

​សូម​ជម្រាបជូន​ថា កម្មវិធី​បំប៉ន​ភាសា​អង់គ្លេស​នេះ បង្កើតឡើង​ក្រោយពី​បាន​សង្កេត ឃើញថា សមត្ថភាព​ភាសា​អង់គ្លេស របស់​និស្សិត​ភាគច្រើន នៅមានកម្រិត​។ មុនពេល​ចូលរៀន និស្សិត​ត្រូវ​ឆ្លងកាត់ ការប្រឡង​វាស់​ស្ទង់​សមត្ថភាព​ភាសា​អង់គ្លេស (English Proficiency Test) ដែល​ក្នុងនោះ ត្រូវ​បែង​ចែកជា ៣ កម្រិត គឺ​៖ Elementary Pre-Intermediate និង​Intermediate​។ លោកគ្រូ​-​អ្នកគ្រូ ដែល​ត្រូវ​បង្រៀន​ថ្នាក់​បំប៉ន សមត្ថភាព​ភាសា​អង់គ្លេស​នេះ ត្រូវ​ឆ្លងកាត់​ការបណ្ដុះបណ្ដាល នៅ​ថ្នាក់​ឧត្ដមសិក្សា និង​ការសម្ភាស​ពី​គណៈកម្មការ​ជំនាញ របស់​វិទ្យាស្ថាន​ថ្នាក់​បំប៉ន​នេះ វគ្គ​នេះ​ចូលរៀន ចាប់​ម៉ោង ៥:៣០ ល្ងាច​ដល់​ម៉ោង ៧:០០​យប់ រៀងរាល់ថ្ងៃ​ចន្ទ​-​ពុធ​-​សុក្រ ហើយ​និស្សិត មិន​ត្រូវបាន​តម្រូវឱ្យ បង់ប្រាក់ ឬ​កម្រៃ​សេវា​បន្ថែម​អ្វី​ឡើយ​។​

​សូមបញ្ជាក់​ជូន​ថា វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន វិទ្យាស្ថាន ទទួល​និស្សិត ជំនា​ន់ទី​១ មាន​ចំនួន ១៩១ នាក់ ដែល​បាន​នឹង​កំពុង​សិក្សា តាម​ប្រព័ន្ធ​អន​ឡាញ លើ​មុខជំនាញ​ចំនួន​៦ ក្នុង​ដេ​ប៉ា​តឺ​ម៉​ង់ ចំនួន ៣ ដូចជា​៖ ១)​ដេ​ប៉ា​តឺ​ម៉​ង់​សំណង់ សាធារណការ លើ​ជំនាញ​សំណង់​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​កំពង់ផែ និង​ជំនាញ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​។ ២) ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម លើ​ជំនាញ​សេដ្ឋកិច្ច និង​គ្រប់គ្រង​ដឹកជញ្ជូន​ផ្លូវគោក និង​ជំនាញ​គ្រប់គ្រង​ភស្ដុភា​រកម្ម និង​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង ៣) ដេ​ប៉ា​តឺ​ម៉​ង់​នាវាចរណ៍​លើ​ជំនាញ​បរិបា​ល​នាវា និង​ម៉ាស៊ីន​នាវា ជាមួយនឹង​កម្មវិធីសិក្សា​ពេញ​មួយថ្ងៃ (​ព្រឹក​/​រសៀល​) ៥​ថ្ងៃ​ក្នុង​មួយ សប្តាហ៍ (​ចាប់ពី​ថ្ងៃ​ចន្ទ​-​ថ្ងៃ​សុក្រ​) ពេលព្រឹក​ចាប់ពី​ម៉ោង ៧:០០ ដល់​ម៉ោង ១១:០០ និង​រសៀល ចាប់ពី​ម៉ោង ១:០០ ដល់​ម៉ោង ៥:០០ ល្ងាច​។​

​វិទ្យាស្ថាន​នេះ ត្រូវបាន​បង្កើតឡើង ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គំនិត​ផ្តួចផ្តើម​ប្រកបដោយ ការតាំង​ចិត្ត​មោះមុត និង​ចក្ខុវិស័យ​ច្បាស់លាស់​របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន ក្នុង​គោលបំណង បណ្តុះបណ្តាល​ធនធានមនុស្ស ប្រកបដោយ​សមត្ថភាព ចំណេះដឹង​ទូលំទូលាយ និង​សីលធម៌ វិជ្ជាជីវៈ ក៏ដូចជា ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ កង្វះ​អ្នកជំនាញ​បច្ចេកទេស ដែលមាន​ភារកិច្ច​បណ្តុះ បណ្តាល ធនធានមនុស្ស និង​ស្រាវជ្រាវ​លើ​វិស័យ សំណង់​ស្ពាន ថ្នល់​ប្រព័ន្ធ​ចម្រោះ ទឹក​កខ្វក់ ផ្លូវដែក កំពង់ផែ និង​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវ​សមុទ្រ និង​ភស្តុភារ កម្ម​ជាដើម​៕/V​-PC