ដោយៈ សុផល / ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ រយៈពេល​ពីរ​ថ្ងៃ ចុង​សប្តាហ៍​ទីមួយ នៃ​ខែកក្កដា ឆ្នាំ​២០២១ មាន​ភ្ញៀវទេសចរ​សរុប ៧៣.៧៩៧ នាក់ បានចេញ​ដើរ​ទស្សនា កម្សាន្ត នៅ​ទូទាំងប្រទេស ក្នុងនោះ​ភ្ញៀវ​ជាតិ មាន​ចំនួន ៧២.៦៨១ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១.១១៦ នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ រាជធានី​ភ្នំពេញ ១៥.៨០៨ នាក់​, ខេត្តកំពត ១១.២០៧ នាក់​, ខេត្តបាត់ដំបង ៩.៥៣៦ នាក់​, ខេត្ត​ព្រះសីហនុ ៧.៩១១​នាក់​, ខេត្តកំពង់ស្ពឺ ៥.៧០០ នាក់ និង​ខេត្តកណ្តាល ៥.២៨២ នាក់​។​

​លោក ថោង ខុន បាន​បន្តថាៈ ចំនួន​នេះ មានការ​ថយចុះ ប្រមាណ ១៧,៨៧% ធៀប​នឹង​សប្តាហ៍​កន្លងមក និង​ថយចុះ​ប្រមាណ ៦០,១១% ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ ២០២០​។​

​ការថយចុះ​បន្តិច នៃ​ចំនួន​ភ្ញៀវទេសចរ ធៀប​នឹង​សប្តាហ៍ កន្លងមកនេះ ដោយសារ​ការ រឹតបន្តឹង វិធានការ​រដ្ឋបាលរ​បស់ រាជធានី​-​ខេត្ត​មួយចំនួន ក្នុងការ​ទប់ស្កាត់​ការរីក រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ការផ្អាក​សកម្ម​ភាព រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍ មួយចំនួន ដែល​ប្រឈម​ហានិភ័យ នៃ​ការកើនឡើង ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​រួមជាមួយ​គោលដៅ អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ នៅតែ​ជា​គោលដៅ​សំខាន់ សម្រាប់​ភ្ញៀវទេសចរ​ផ្ទៃក្នុង​៕/V​-PC