​ដោយ​: គង់​ហេង​/ គង់​ហេង​: គិត​មកដល់​ថ្ងៃទី​៦ ខែកក្កដា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០​ម៉ឺន នាក់ នៃ​ចំនួន​សរុប​ប្រហែល ៧៥​ម៉ឺន​នាក់​នូវ​ទូទាំង​ខេត្តកំពង់ចាម បាន​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩​។​

​នៅក្នុង​ការជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន ២៥០​គ្រួសារ នៅ​ស្រុក​ព្រៃឈរ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​មកដល់​ថ្ងៃនេះ បាន​ដល់​ស្រុក​ចំនួន បួន និង​ក្រុង​កំពង់ចាម ចំនួន​មួយ​សប្តាហ៍​ហើយ គឺ​នៅសល់​មួយ​សប្តាហ៍​ទៀត​ចប់​ដួស​ទី​១ ហើយ​ការចាក់​ដួស​ទី​២​នឹង​ចាប់ផ្តើម​។ ដូច្នេះ​សូមអ្នក​ដែល​បានមក​ចាក់​រួច ជួយ​ប្រាប់តៗ គ្នា​ដល់​អ្នក​មិនទាន់បាន​ចាក់ ឱ្យមក​តាម​ទីតាំង​កំណត់​របស់​អាជ្ញាធរ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍​ទៀតថា នៅ​ដើមខែ​កក្កដា​នេះ យើង​នឹង​គ្រោង​បន្ត​ផែនការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​ស្រុក​ចំនួន ប្រាំ ទៀត ដើម្បី​សម្រេច​ផែន​ការចាក់​វ៉ាក់សាំង​ទូទាំង​ខេត្ត ប្រមាណ ៧៥​ម៉ឺន​នាក់ ដែល​ត្រូវ​ទទួលយក​វ៉ាក់សាំង​នោះ​។ ដោយឡែក​ស្រុក​ចំនួន​បួន​រួមមាន ស្រុក​បាធាយ ស្រុក​ជើងព្រៃ ស្រុក​ព្រៃឈរ និង​ស្រុក​កំពង់សៀម ព្រមទាំង​ក្រុង​កំពង់ចាម គឺ​បាន​ឡើង​ផែន​ការចាក់​ជូន​ប្រមាណ​ជាង ៣៥​ម៉ឺន នាក់ ដែល​ត្រូវ​ចាក់​រយ​:​ពេល មួយ ខែ ឬ​ហៅថា​យុទ្ធនាការ ១៤​ថ្ងៃ​។​
លោក​បាន​បន្តថា ដោយបាន​ដំណើរ​ការចាក់​ពីថ្ងៃ​ទី​២៩ កក្កដា មកដល់ពេលនេះ​បាន​ជិត ២០​ម៉ឺន នាក់​នេះ គឺ​បូក​រួមទាំង​អ្នក​ជាប់ពន្ធនាគារ​ជា​ទណ្ឌិត និង​ពិរុទ្ធជន​ប្រហែល​ជាង ១.០០០ នាក់ ក៏បាន​ចាក់​ដួស​ទី​១ រួចហើយ​ដែរ​៕​