ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅរសៀលថ្ងៃនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបង្ហើបអំពីគម្រោងទី២០ ស្តីពីគម្រោងប្រមូល ផលកម្ពុជា ដំណាក់កាលទីពីរ (Feed the Future Cambodia Harvest Ⅱ ដែលជា គម្រោងដែលទទួលការឧបត្ថម្ភនិងគាំទ្រថវិកាចំនួនប្រមាណជា ២១,២លានដុល្លារ អាមេរិក ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មានរយៈពេល៥ឆ្នាំ៣ខែ ដោយចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៧ ដល់ពាក់កណ្តាល កក្កដា ឆ្នាំ២០២២។
លោកបានបន្តថា គម្រោងនេះមានគោលបំណងជួយជំរុញកំណើនផលិតកម្ម ដំណាំសាកវប្បកម្ម នៅខេត្តគោលដៅចំនួន៤គឺ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ ព្រមទាំងបណ្តាខេត្តមួយចំនួនផ្សេងទៀតដែលមានសក្តានុពល ផលិតកម្មដំណាំសាកវប្បកម្មមានដូចជាខេត្តមណ្ឌលគីរី កំពង់ស្ពឺ ប៉ៃលិន និងខេត្ត ព្រះវិហារជាដើម។
លោកបានបន្តថា គម្រោងនេះផ្តោតសំខាន់ទៅលើអនុវិស័យដំណាំចំនួន៤មុខ រួមមាន ដំណាំបន្លែ ស្វាយ មៀនប៉ៃលិន និងស្វាយចន្ទី។ ក្រៅពីលើកកម្ពស់ផលិតកម្មដំណាំ គម្រោងក៏បានផ្តោតការយកចិត្តទុកដាក់បន្ថែមក្នុងការពង្រឹងសមត្ថភាព ដើម្បីជំរុញ ការផ្សារភ្ជាប់ផលិតផលដំណាំទៅនឹងទីផ្សារ ក្នុងស្រុក និងទីផ្សារអន្តរជាតិ។
ប្រភពដដែលបានបន្តថា តាមរយៈកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ គម្រោងបានអនុវត្តសកម្មភាព សំខាន់ៗមួយចំនួនដូចជា បណ្តុះបណ្ដាលអំពីការអនុវត្តកសិកម្មល្អកម្ពុជា និងវិញ្ញាបនកម្ម ។
លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈគម្រោងនេះអគ្គនាយកដ្ឋានកសិកម្មបាននិងកំពុង ជំរុញការបណ្តុះបណ្ដាលស្តីពីការអនុវត្តកសិកម្មល្អកម្ពុជាដល់កសិករដើម្បីបង្កើនផលិតកម្ម និងពង្រឹងគុណភាពដំណាំមួយចំនួន ដូចជា ស្វាយ មៀនប៉ៃលិន បន្លែ ស្វាយចន្ទី ។ល។
លោកបានបន្តថា លទ្ធផលនៃការអនុវត្តគម្រោងក្នុងរយៈពេល ៤ ឆ្នាំកន្លង កសិករ កម្ពុជាទទួលបានពីការលក់ចេញផលិតផលសរុប មានតម្លៃចំនួន ៥១,៥ លានដុល្លារ អាមេរិក និងបានបង្កើតកម្កាំងពលកម្មថ្មីនៅសហគ្រាសនិងនៅចម្ការចំនួន ១.៨៧៣ នាក់ ៕/PC