ដោយៈបាយ័ន/សៀមរាបៈនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប សហការជាមួយនគរបាលមូលដ្ឋានបានចានតាមចាប់ជនសង្ស័យជាជនដៃដល់ ដែលចាក់សម្លាប់យុវជនម្នាក់ឱ្យស្លាប់និងរបួសម្នាក់ ទៀតនៅស្រុកជីក្រែងបានហើយនៅល្ងាចថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១នេះស្ថិតនៅក្នុងព្រៃក្នុងភូមិសាស្ត្រស្រុកជីក្រែង ខណៈជននោះកំពុងសំងំលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។

នគរបាលក្នុងប្រតិបត្តិការបាននិយាយថា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ។ជនសង្ស័យមុនពេលកើតហេតុ បានផឹកស៊ីជាមួយជនរងគ្រោះ ឈ្មោះ រិន លាប ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរនិង ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ ។ពេលកំពុងផឹកស៊ីនោះស្រាប់តែមានទំនាស់ពាក្យសម្តីកើតឡើង ហើយជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានយកកាំបិតចុងស្រួចពណ៌សដែលហាន់សាច់ក្លែមចាក់មកលើ ជនរងគ្រោះ ឈ្មោះ រិន លាប ១កាំបិត ត្រូវចង្កេះ និងចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើមមួយកាំបិត។

ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានបងប្អូនដឹកយកទៅពេទ្យទាំងយប់ បានពាក់កណ្តាលផ្លូវ ជនរងគ្រោះ ឈ្មោះ រុន ដូង បានស្លាប់។
ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានឆ្លើយ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ជនរងគ្រោខាងលើពិតប្រាកដមែនដោយសាខឹងជនរងគ្រោះ។
សូមបញ្ជាក់ថាករណីឃាតកម្មខាងលើ បានឡើងនៅវេលាម៉ោង ២៣យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង៕