ដោយ:បាយ័ន/សៀមរាបៈលទ្ធផលធ្វើតេស្តយកសំណាកលើកដំបូងលើអ្នកពាក់ព័ន្ធដោយផ្ទាល់និងអាជីវករនៅក្នុងផ្សារព្រះដាក់ទាំង១៧៩នាក់ ក្រុមការងារបានរកឃើញអ្នកវិជ្ជមាន២នាក់ទៀត ដែលជាក្រុមគ្រួសារនិងមានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងបុគ្គលិកអាជ្ញាធរជាតិអប្សរា។ ការធ្វើកំណាកនេះធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។

អ្នកទាំង២នាក់នេះឈ្មោះ លន់ លឿន អាយុ ៥៦ឆ្នាំ និង យេន មុនីរតន៍ អាយុ២ឆ្នាំកន្លះ តែក្រុមការងារបានចត្តាឡីស័កពួកគាត់ទុកតាំងពីថ្ងៃដំបូង មិនមានអ្វីគួរឱ្យបារម្ភដល់ការរីករាលដាលឆ្លងនៅក្នុងសហគមន៍នោះទេ។

ទោះជាយ៉ាងណាក៏ដោយ លទ្ធផលទាំងនេះមិនទាន់អាចមានន័យថាបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់បានរួចផុតពីការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ព្រោះការធ្វើតេស្តរហ័សលើករណីដែលទើបផ្ទុះឡើងភ្លាមៗអាចមិនទាន់ផ្តល់ភាពច្បាស់នៅឡើយ។
យើងត្រូវរង់ចាំការធ្វើតេស្តលើកក្រោយៗទៀតជាមុនសិន ប៉ុន្តែវាបានបង្ហាញពីការទប់ស្កាត់បានទាន់ពេល និងឱ្យយើងបានដឹងជាមុនថាមានអ្នកវិជ្ជមានលក់ដូរនៅក្នុងផ្សារ និងបានជួយកាត់ផ្តាច់ការឆ្លងបិទមុខនៅក្នុងទីប្រជុំជនដ៏សំខាន់មួយនេះផងដែរ។
ផ្សារព្រះដាក់ ដែលមានទីតាំង នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានត្រូវបិទកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១៕