​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អាជ្ញាធរ​បាន​និយាយថា យន្ដហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង ដែល​មាន​មនុស្ស ២៨​នាក់​នៅ​លើ​នោះ​បាន​ធ្លាក់​នៅ​ចុង​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​៦​កក្កដា​នៅ​ក្នុងការ​វាយ​សំពង​ចុងក្រោយបង្អស់​ដល់​ឧស្សាហកម្ម​អាកាសចរណ៍​ក្នុងស្រុក​ដែល​កាន់តែ​មាន​វ័យ​ចំណាស់​។​

​ក្រុមមន្ត្រី​បាន​និយាយថា យន្ដហោះ​ផលិត​សម័យ​សូ​វៀត​ធុន An-26 ដែល​ហោះ​តាម​ផ្លូវ​ក្នុង​តំបន់​ក្នុង​ឧបទ្វីប​តំបន់​ជួរ​ភ្នំ​កាន់​ចាត់កា​បាន​បាត់បង់​ការទាក់ទង​តាម​រលក​វិទ្យុ​ជាមួយ​នឹង​កន្លែង​​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​នៅ​ប្រហែល ១០ នាទី​មុន​ពេល​វា​រំពឹង​ចុះចត​នៅក្នុង​ទីក្រុង​ប៉ា​ឡា​ណា​ជិត​សមុទ្រ​អូ​ខុត​។​

​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រុម​អ្នកស្វែងរក​តាម​អាកាស​បាន​រកឃើញ​បំណែក​នៃ​តួ​យន្ដហោះ​នៅលើ​សមុទ្រ​និង​នៅលើ​ឆ្នេរសមុទ្រ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​បាន​រាយការណ៍​ថា​គ្មាន​នរណា​ម្នាក់​ជឿ​ថា​នៅរស់​នោះ​ទេ​។ យន្ដហោះ​ជើងហោះហើរ​លេខ ២៥១ របស់​ក្រុមហ៊ុន Kamchatka Aviation Enterprise​ហាក់​ត្រៀមខ្លួន​​ចុះចត​ពីរដង​ក្នុងស្ថានភាព​ចុះ​អាប់​ខ្លាំង នៅពេល​វា​បើក​បុក​ជញ្ជាំង​ភ្នំ​។​

​លោក​វ្ល៉ា​ឌី​មៀរ សូឡ​ដូវ អភិបាល​តំបន់​កាំ​ចាត់កា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ​ត្រូវបាន​សន្មត​ថា​បាន​កើតឡើង​ក្នុងអំឡុងពេល​ហោះ​ក្រឡឹង​ជុំវិញ​​ដើម្បី​ចុះចត​ក្នុងពេល​មើល​មេឃ​មិន​ឃើញ​ច្បាស់​”​។​

​ឧបទ្ទវហេតុ​នេះ​គឺជា​គ្រោះមហន្តរាយ​អាកាសចរណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​ទី​បី​របស់​រុស្ស៊ី​ក្នុង​រយៈពេល ៣ ឆ្នាំកន្លះ​ចុងក្រោយ​នេះ​។ ក្នុង​ឆ្នាំ ២០១៨ យន្ដហោះ​ក្នុង​តំបន់​ធុន An-148 បាន​ធ្លាក់​លើ​វាលស្រែ បន្ទាប់​ពី​ទើប​ហោះ​ចេញពី​ទីក្រុង​មូ​ស្គូ ដោយ​សម្លាប់​មនុស្ស​ទាំង ៧១ នាក់​នៅ​លើ​នោះ​។ ក្នុង​ឆ្នាំ ២០១៩ យន្តហោះ​ចម្បាំង Sukhoi SSJ-100 ផលិត​ដោយ​រុស្ស៊ី​បាន​ចុះចត​បន្ទាន់​ខុស​បច្ចេកទេស​​ក្នុង​ទីក្រុង​មូ​ស្គូ ដោយ​សម្លាប់​មនុស្ស ៤១ នាក់​៕

យន្ដហោះ​ផលិត​សម័យ​សូ​វៀត​ធុន An-26 ដឹក​មនុស្ស​២៨​នាក់​បាន​ធ្លាក់​នៅ​តំបន់​កាំ​ចាត់កា​កាលពី​ថ្ងៃ​អង្គារ