ដោយៈ ប​.​ជ័យ – ភ្នំ​សន្ទុក / កំពង់ធំ៖ លោក សាយ វាសនា ព្រះរាជអាជ្ញារង​តំណាង លោក ស៊ិន វិ​រៈ ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និង​ស្រុក​ស្ទោង​សហការ ជាមួយ សមត្ថកិច្ច​ជំនាញ សង្កាត់រដ្ឋបាល ព្រៃឈើ​ស្ទោង ចុះបង្ក្រាប​គ្រឿងចក្រ ចំនួន ៥ គ្រឿង របស់​ក្រុមហ៊ុន គ្រួសារ​សុខសាន្ត ដែល​កំពុងតែ​ធ្វើ សកម្មភាព​លួច​បន្លំ ប្រើល្បិច​ឈូសឆាយ រុករាន​ទន្ទ្រាន​ហ៊ុមព័ទ្ធ យកមក​ធ្វើជា​កម្មសិទ្ធិ នូវ​ដី​គម្រប​ព្រៃឈើ ឆ្នាំ​២០០២ និង​ក៏​ជា​ដីព្រៃ​អភិរក្ស រក្សា​របស់​រដ្ឋ ។​

​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ចក្រ ត្រូវបាន​ធ្វើឡើង ចាប់ពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ព្រៃ​បម្រុង​រក្សាទុក​រដ្ឋ ត្រូវបាន​គ្រឿងចក្រ ចំនួន ៥ គ្រឿង ក្នុងនោះ​មាន ត្រាក់ទ័រ​ចូក ឬ​អេ​ស្កា​វា​ទ័​រ ២​គ្រឿង , ត្រាក់ទ័រ​រុញ ឬ​ប៊ុល​ដូ​ស័​រ ២ គ្រឿង និង​ត្រាក់ទ័រ​ភ្ជួរ​មួយគ្រឿង រួច​នាំយកមក​រក្សាទុក បណ្តោះអាសន្ន​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទោង​។​

​មហាជន ប្រជាជន​បាន​សាទរ និង​គាំទ្រ​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់ របស់លោក ព្រះរាជអាជ្ញា នៃ​អយ្យការ​អម សាលាដំបូង​ខេត្តកំពង់ធំ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​បាន​ការពារ​ទប់ស្កាត់ ការរំលោភបំពាន រុករាន​ដីព្រៃ​ព្រៃឈើ​របស់​រដ្ឋ ។ ពោលគឺ​ប្រភព​ខ្លះ បង្ហើប​ថា ក្រុមហ៊ុន​បាន​សុំច្បាប់ វិនិយោគ លើដី​ត្រឹមតែ ៧០ ហិកតា ដែល​ក្នុងនោះ មាន​ដី​គម្រប​ព្រៃឈើ ចំនួន ៤០ ហិកតា និង​ដី​មិន ជាប់​គម្រប ៣០ ហិកតា​។ ប៉ុន្តែ​ជាក់ស្តែង ក្រុមហ៊ុន​បាន​លួច​ឈូសឆាយ ដីព្រៃ​ឈើ​របស់​រដ្ឋ ដល់​ទៅ ជាង ២០០ ហិកតា​ឯណោះ​។​

​លោកស្រី គឹម​ឡេង ហៅ​ចែ អូន រស់នៅ​ស្រុក​ស្ទោង ដែលជា​ឈ្មួញ​ដី បាន​ឲ្យ​ដឹង តាម​អន​ឡាញ​ថាៈ លោកស្រី​បាន​ទិញ​ដី​នោះ ក្នុង​ឆ្នាំ ២០០៧ ហើយ​មកដល់​បច្ចុប្បន្ន បាន​លក់​បន្ត ឲ្យ​ទៅ​ក្រុមហ៊ុន គ្រួសារ​សុខសាន្ត តែ​មិនដឹងថា​ក្រុមហ៊ុន​រត់ការ​សុំ ឈូសឆាយ ដល់​ត្រឹមណា​នោះឡើយ ។​

​ប៉ុន្តែ​ការទិញ​ដី​គម្រប​ព្រៃឈើ​នោះ ពី​អ្នកណា គឺ​គ្មាន​ភ័ស្ដុតាង និង​មិនឃើញ​មាន ក្នុងការ​ប្រកាស ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មិន​ទទួល​ដឹងឮ ដោយ​អាជ្ញាធរ ស្រុក​ស្ទោង និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទោង​។ ទោះយ៉ាងណា លោកស្រី យុក គឹម​ឡេង អះអាងថា បាន​ទិញ​ឆ្នាំ ២០០៧ ដោយមាន​លិខិតបទដ្ឋាន គតិយុត្តិ ប៉ុន្តែ​មិន​ព្រម​ប្រាប់ថា ខាង​ណា​ដែល​ផ្តល់​ច្បាប់​ឡើយ ។​

​ករណីនេះ លោក ព្រឹម រដ្ឋា អភិបាលរង ខេត្តកំពង់ធំ ទទួលបន្ទុក​ផ្នែក​ការពារ បង្ក្រាប​ព្រៃឈើ និង​នេសាទ បាន​ប្រាប់​សារព័ត៌មាន កាលពី​ថ្ងៃទី​៦ ខែកក្កដា ដោយ​បដិសេធថា លោក​មិនដឹង​ពី​ការឈូសឆាយដី របស់​ក្រុមហ៊ុន​គ្រួសារ​សុខ សាន្ត​ឡើយ ។

​ចំណែក​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថាៈ លោក និង​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​រក​ការពិតជា​ពិស្តា​ពី​បាតុភាព មិន​ប្រក្រតី និង​អំពើពុករលួយ ក្នុង​បទល្មើស​ឈូសឆាយ ដី​គម្រប​ព្រៃឈើ​នេះ ៕/V​-PC