ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​៖ លោកស្រី ស៊ុម សារី ម្តាយ​របស់​សកម្មជន ក្រុមប្រឆាំង​ម្នាក់ ដែល​ប្រមាថ​អាយុជីវិត សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ នេះ បានចេញ​មុខ​សុំ​អភ័យទោស សម្តេច​តេ​ជោ ហ៊ុន សែន ជា​សាធារណៈជំនួស​កូនស្រី​។​

​ក្នុង​វីដេអូ សុំ​អភ័យទោស​នេះ លោកស្រី ស៊ុម សារី ដែលជា​ម្តាយ​របស់​ស្ត្រី ឈ្មោះ ហេង មុំ ហៅ​អ្នកគ្រូ បាល្លី ជា​សកម្មជន ក្រុមប្រឆាំង នៅក្រៅ​ប្រទេស បាន​អះអាងថា កូនស្រី​របស់លោក​ស្រី មិនសូវ​ជា​ដឹង​ខុសត្រូវ​នោះទេ​។​

​លោកស្រី បាន​ពន្យល់​ទៅកាន់​កូនស្រី​ថាៈ ការរស់រានមានជីវិត​របស់​នាង សព្វថ្ងៃនេះ ក៏​ដោយសារតែ​គុណ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន រំដោះប្រទេស ឱ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។ លោកស្រី បាន​រំលឹក អំពី​គុណបំណាច់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​ជាតិ​មាតុភូមិ ដែល​នាំមក នូវ​ភាព​សុខសន្តិភាព ដល់​សព្វថ្ងៃ​។​

​ជាមួយនឹង​ការសុំ​អភ័យទោស និង​ចេញមុខ​ការពារ សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​ទង្វើ​ប្រមាថ របស់​កូន​ខ្លួន​នោះ លោកស្រី ក៏បាន​ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ជួបប្រទះ​តែ​ក្តី​សុខ ហើយ​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ភាពរុងរឿង បន្តទៀត​៕/V​-PC