ភ្នំពេញៈ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​និង​បញ្ញវន្ត​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឆ្លើយតប​ទៅនឹង​ក្រុម​បញ្ញវន្ត​រត់ចោលស្រុក​មួ​យ​ចំនួន​ដែល​បានលើកឡើង​ដោយ​គ្មាន​ការពិត​អំពី​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​កម្ពុជា​។

លោក​បណ្ឌិត ដៀប សុផល សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ​(រូបថតឯកសារ)

​លោក​បណ្ឌិត ដៀប សុផល សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ​បាន​មានប្រសាសន៍​រម្លឹកថា​ការនិយាយ បែបនេះ​របស់​បញ្ញវន្ត​នៅក្រៅ​ស្រុក គឺ​វា​មាន​សោ​កដ​នាថកម្ម​ម្តង​រួចមកហើយ សោកនាដកម្ម​យ៉ាងធ្ងន់ធ្ង​រ​ដូច​ពួក ប៉ុល ពត អៀង សារី ខៀវ សំផន​សុទ្ធតែ​នៅក្រៅ​ស្រុក​ទាំងអស់​ទៅ​រៀន​នៅ​បរទេស​។​លោក​បន្តថា លោក​ក៏​ជា​និស្សិត​ធ្លាប់ នៅ​បរទេស​ដែរ តែងតែ​ក្រឡេក​មក​ស្រុកទេស​វិញ​ជាមួយនឹង​ក្តី​ស្រឡាញ់​ហើយ​ការស្រឡាញ់​ដ៏​ធំធេង​នេះ​វា​ឆាប់ ឈឺចាប់​ណាស់ នៅពេលដែល​ឮ​អ្វីមួយ​មក​ប៉ះពាល់​ទៅលើ​មាតុភូមិ​របស់​យើង​។​ហេតុដូច្នេះ​ហើយ​បានជា​ក្រុម គណបក្សប្រឆាំង​តែង​យក​រឿងនេះ​ធ្វើជា​ឧបករណ៍​ដើម្បី​ចាប់​រំញោច​និស្សិត បញ្ញវន្ត​នៅ​បរទេស​។ នៅ​បរទេស​ឆ្ងាយ ណាស់ ប៉ុន្តែ​រំញោច​លឿន​ពីព្រោះ​មិនបាន​ឃើញច្បាស់​។ ដូច​ពួក ប៉ុល ពត មិនមែន​ប៉ុល ពត អត់​ស្នេហា​ជាតិ​ទេ ប៉ុន្តែ​ឮសូរ​អ្វី​គ្រប់បែបយ៉ាង នៅពេលដែល​មកដល់​ប្រទេស​នាំយក​នូវ​មនោគមន៍វិជ្ជា​របស់លោក​ខាងលិច ។ ខ្មែរ​មិនដែល​ស្គាល់​កុម្មុយនីស្ត​ទេ​។ ទីបំផុត​រុញ​ប្រទេស​កម្ពុជា​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​ទៅក្នុង​របប​ប្រល័យពូជសាសន៍ នេះ​ដោយសារតែ​យល់​សភាពការណ៍​របស់​ខ្មែរ​មិន​ច្បាស់​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ក្រុម​បញ្ញវន្ត​នៅក្រៅ​ប្រទេស លោក​បណ្ឌិត ដៀប សុផល បាន​លើកឡើងថា​គ្រាន់តែ​ឮ​វា​មិន គ្រប់គ្រាន់​ទេ​ត្រូវតែ​មើល​ឲ្យ​ឃើញ​នៅ​ផ្លូវ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​តស៊ូ​តាំងពី​រំដោះប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍ ។​កសាង​ប្រទេស​ពី​ផេះផង់ ពី​បាត​ដៃទទេ​រហូតដល់​មាន​អ្វីៗ​ដល់​សព្វថ្ងៃនេះ​។​គឺ​មិនមែនជា​រឿង​មួយ​ធម្មតា​ទេ​។

​លោក​បណ្ឌិត​បានបញ្ជាក់​ថា “​បើសិនជា​យើង​មិន​តស៊ូ​ទេ វៀតណាម​គេ​ត្របាក់​យើង​តាំងពី​យូរហើយ​។​នេះ​គឺជា​ការតស៊ូ មួយ ដ៏​ធំធេង​ណាស់​”​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត ដៀប សុផល បាន​ផ្ញើ​សារ​ទៅ​ក្រុម​បញ្ញវន្ត​នៅក្រៅ​ប្រទេស​ថា “​យើង​ស្រឡាញ់​ជាតិ ស្រឡាញ់​ទឹកដី​ដូច​តែ​គ្នា ។ អ៊ីចឹង​អ្វី​ក៏ដោយ​ត្រូវ​មើល​ឲ្យ​ច្បាស់​គ្រាន់តែ​ឮសូរ​សំឡេង​គេ​និយាយ​វា​មិន​ប្រាកដ​ទេ​។ កុំ​ឲ្យ​លង់​ទៅតាម​អ្វីដែល​គេ​ឃោសនា ពីព្រោះ​អ្វីៗ វា​មាន​ហេតុ​និង​ផល ហើយ​ទម្រាំ​មាន​ថ្ងៃនេះ​គឺ​យើង​តស៊ូ​ណាស់ ទម្រាំ​បាន​ដូច​ថ្ងៃនេះ​។ បើសិនជា​យើង​មិន​តស៊ូ​មិន​ប្រឹងប្រែង​ទេ​បាត់បង់​តាំងពី​យូរណាស់​មកហើយ​”​។​

លោក ឈួ កែវ​ហ៊ាន​ធាន ប្រធាន​សមាគមនិស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង(រូបថតឯកសារ)

​លោក ឈួ កែវ​ហ៊ាន​ធាន ប្រធាន​សមាគមនិស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាន​ប្រាប់ AMS ថា​ការយល់ឃើញ របស់​បញ្ញវន្ត និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​ស្រុក​ក្រៅ គឺជា​ការយល់ឃើញ​រប​ស់​បុគ្គល​មួយៗ ឬក៏​របស់​ក្រុម​មួយៗ ដែល​វា​ជា​រឿង​ធម្មតា​នៅក្នុង​ស្រុក​ដែលមាន​ប្រជាធិបតេយ្យ​។ សម្រាប់​លោក​នៅក្នុង​ស្រុក​ខ្មែរ​វិញ​ក៏មាន​ការយល់ឃើញ របៀប​មួយ​របស់លោក​ផ្សេង​ពី​ក្រុម​បញ្ញវន្ត​នៅក្រៅ​ប្រទេស​ព្រោះ​ជា​ស្រុក​ប្រជាធិបតេយ្យ​ក្នុងការ​បញ្ចេញ​មតិយោបល់​ក្នុងការ​និយាយ ហើយ​ការលើកឡើង​របស់​បញ្ញវន្ត​ខ្មែរ​នៅក្រៅ​ប្រទេស​ដូចជា​ចង់​បំបែក​ខ្មែរ​ធ្វើ​ឲ្យ​ខ្មែរ​ឈ្លោះ​គ្នា​រវាង អ្នក​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​ឥតឈប់ឈរ​។

​លោក​បន្តថា មើលទៅ​ពួកគាត់​គិតថា គាត់​នៅក្រៅ​ប្រទេស​ជា​អ្នកចេះ អ្នកដឹង​តែម្តង​ហើយ​មើល​មក​បញ្ញវន្ត នៅ​ស្រុក​ខ្មែរ​ដូច​អត់​ចេះ​សោះ ។​បើ​បញ្ញវន្ត​នៅ​ស្រុក​ខ្មែរ​មិនចេះ​មិនមែន​ស្រុក​ខ្មែរ​មានការ​អភិវឌ្ឍន៍​មកដល់ពេលនេះ​ទេ​។​

​ប្រធាន​សមាគមនិស្សិត​រូបនេះ​បាន​បញ្ជាក់ថា “​ប្រជាជនមាន​សិទ្ធិ​បោះឆ្នោត​ជូន​គណបក្ស​ណា​ដែល​ខ្លួន​ស្រឡាញ់ ហើយ​បក្ស​ណា​ដែល​មិនល្អ ថ្នាក់ដឹកនាំ​មិនល្អ​ក្នុងការ​ដឹកនាំ​ប្រទេស គាត់​អត់​មាន​សិទ្ធិ​បោះឆ្នោត​ជូន ។ តែ​ផ្ទុយទៅវិញ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ប្រជាជន​ស្រឡាញ់​គោលនយោបាយ និង​ការការពារ​បូរណភាព​ទឹកដី​បាន​ប្រជាជន​បោះឆ្នោត​ជ​ជូន​សម្តេច​តេ​ជោ ឬ​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​រាល់​អាណត្តិ​ដូច​យើង​បានឃើញ​ទាំងអស់គ្នា​។​ប្រជាជន​ក៏មាន​ចំណេះដឹង​ក្នុងការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ក្នុងការ​ដឹកនាំ​ប្រទេស​ដែរ​។ គណបក្ស​ប្រជាជន​ជាពិសេស​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ក៏​កើតឡើង​ដោយ​ការបោះឆ្នោត​ពី​ប្រជាជន​ផងដែរ​”​។​

លោក ហេង ឌី​ណា ប្រធាន​សមាគមនិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​(រូបថតឯកសារ)

​ចំណែក​លោក ហេង ឌី​ណា ប្រធាន​សមាគមនិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ថ្លែងប្រាប់ AMS ថា ក្រុម​បញ្ញវន្ត​ខ្មែរ​នៅក្រៅ​ប្រទេស​មួយចំនួន​តូច​ដែល​បានលើកឡើង គឺ​ធ្វើ​ប្រជាភិថុតិ​និង​ចង់​រំលើក​ឲ្យ​បញ្ញវន្ត​នៅ ស្រុក​ខ្មែរ​មិន​ពេញចិត្ត​អំពី​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​នាពេល​បច្ចុប្បន្ន​។​តែ​ធាតុពិត​រាល់ថ្ងៃនេះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ គឺ​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​នៅក្នុង​ប្រទេស​ទាំងគ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​លោក​បាន​កសាង ហើយ​ក្នុងសម័យ​កូ​វីដ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ចិន​និង​បណ្តា​ប្រទេស​ផ្សេងៗ​ដើម្បី​ទំនាក់ទំនង​ពាកព័ន្ធ​នឹង​ថ្នាំ​វ៉ាក់សាំង​ចាក់​ជួន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ លោក​ឃើញ​ចំណុច​វិជ្ជមាន​របស់​រាជរដ្ឋាភិបាល​មាន​ច្រើនណាស់ ដូច​ជាមាន​អណ្តូងប្រេង​នៅ​ខេត្ត​ព្រះសីហនុ និង​កន្លែង​ចម្រាញ់​រ៉ែ​មាស​នៅ​ខេត្ត​មណ្ឌល​គី​រី​។​

​ប្រធាន​សមាគមនិស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​បញ្ជាក់ថា “​រឿងនេះ​ផងដែរ ពួកគាត់​ចេះតែ​ប្រើ​ប្រជាភិថុតិ​ដើម្បី​ឲ្យ​អ្នក​ខាង​ក្នុងនេះ យល់ច្រឡំ​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ។ តាម​អ្វីដែល​ខ្ញុំ​មើលឃើញ​ជាក់ស្តែង​ការដឹកនាំ​នាពេល​បច្ចុប្បន្ននេះ របស់​រាជរដ្ឋាភិបាល​មានការ​រីកចម្រើន​ច្រើនណាស់ ទាំង​គមនាគមន៍ ផ្លូវ ស្ពាន​ច្រើន​ឆ្លងកាត់​ទន្លេ​ដែល​ពី​សម័យមុន​អត់​បាន​គ្រប់​ជ្រុងជ្រោយ​អ៊ីចឹង​ទេ​”​។​

​លោក​ហេង​ឌី​ណា​បាន​បន្តថា​អ្វីដែល​ក្រុម​ប​ញ្ញ​វត្ត​នៅក្រៅ​ស្រុក​បានលើកឡើង​អំពី​បញ្ហា​អធិបតេយ្យភាព​ត្រឹមតែ​សម្រក​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​ជាតិ គឺ​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​បរទេស​ឈ្លានពាន​ទាំងស្រុង​គឺ​មិនមែន​ជាការ ពិត​នោះទេ​ហើយ​ស្រេច​តែ​មាត់​ពួកគេ​និយាយ​ដើម្បី​ជា​ប្រយោជន៍​បក្ខពួក​ខ្លួន​និង​ប្រយោជន៍​ផ្ទាល់ខ្លួន​អត់​គិតពី​ប្រយោជន៍​ជារួម​។​អ្វី​ដែលជា​រឿង​សំខាន់​រាជរដ្ឋាភិបាល​ក៏ដូចជា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គិតពី​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ពួកគេ​ព្យាយាម​និយាយ​បំផ្លើស​ដើម្បី​ឲ្យ​មហាជន​គាំទ្រ​ខ្លួន​៕ ដោយៈ ពល​ជ័យ​(ប្រភពៈAMS)
​ ​
​ ​