ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ បុរស​ម្នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ នៅនឹងកន្លែង និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ដោយ​គ្រោះថ្នាក់​ច​រា ចរណ៍ រវាង​ម៉ូតូ បុក​ជាមួយ​ម៉ូតូ​កង់​បី កាលពី​ម៉ោង ៩​និង​៣០​នាទី យប់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ លេខ​៥៨ ស្ថិតនៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់ បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​៧ កក្កដា​នេះ​ថាៈ ជនរងគ្រោះ ស្លាប់ ឈ្មោះ ហុង ថា​វឿ​ង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។ រីឯ​អ្នករងរបួស​ធ្ងន់ មានឈ្មោះ ថម ដូង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ជា​អ្នកបើកបរ ម៉ូតូ​កង់​បី ។​

​សាក្សី​បានឱ្យដឹងថាៈ មុនពេល​កើតហេតុ អ្នកបើក​ម៉ូតូ​ហុងដា​ឌ្រី​ម បានធ្វើ​ដំណើរ​ក្នុង ទិសដៅ​ពី ខាងលិច ទៅខាង​កើត លើផ្លូវ​ជាតិ​លេខ​៥៨ ពេល​មក​ចំណុចកើតហេតុ មាន​ម៉ូតូ​កង់​បី បានធ្វើ​ដំណើរ​លើផ្លូវ​លំ ពី​ទិស​ខាងជើង ទៅ​ត្បូង ឡើង​កាត់​ទ្រូង​ផ្លូវជាតិ ត្រូវ​ម៉ូតូ​ហុងដា ឌ្រី​ម បុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ហុងដា​ឌ្រី​ម ស្លាប់​នៅ​នឹង កន្លែង​តែម្ដង​។ ចំណែក​អ្នកបើក ម៉ូតូ​កង់​បី រងរបួស​ធ្ងន់ ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ។​

​ចំណែក​ម៉ូតូ​ហុងដា ឌ្រី​ម ខូចខាត​ធ្ងន់ ម៉ូតូ​កង់​បី ខូចខាត​ស្រាល បច្ចុប្បន្ន​សមត្ថកិច្ច ជំនាញ បាន​យកទៅ​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ​អូរ​បី​ជាន់ ។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បានបញ្ជាក់​ថាៈ មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ បណ្តាលមកពី អ្នកបើក​ម៉ូតូ​កង់​បី បើក​ពី​ផ្លូវលំ ឡើងមក​លើផ្លូវ​ជាតិ ខ្វះ​ការប្រុងប្រយ័ត្ន និង​មិន​គោរព សិទ្ធិ​អាទិភាព​៕/V​-PC