ដោយ​: គង់​ហេង​/ កំពង់ចាម​: គិត​ត្រឹម​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១​នេះ ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកំពង់ចាម បាន​កើន​ឡើងដល់​ចំនួន​៣៣​នាក់ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភ​: ។​

​នេះ​ជាការ​ប្រកាស​ឱ្យដឹង​ជា​សាធារណ​:​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នៅក្នុង​ការសម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ ឌី ប៊ី អេស ធី (DBST) ចំនួន ពីរ ខ្សែ ជា​ជំនួយ​របស់​សម្តេច​តេ​ជោ​ដល់​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​៧ កក្កដា​នេះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងថា មូលហេតុ នៃ​ការស្លាប់​ច្រើន គឺ​បណ្តាលមកពី​សមី​ខ្លួន ( ជនរងគ្រោះ​) មានការ​ធ្វេសប្រហែស គឺ​គាត់​មាន​អាការ​:​មិន​ស្រួលខ្លួន មិន​មកកាន់​មន្ទីរពេទ្យ ពិនិត្យ​សុខភាព បែរជា​សម្ងំ​នៅផ្ទះ​ទិញ​ថ្នាំ ពី​ខាងក្រៅ​ទៅ​ព្យាបាល​ដោយ​ខ្លួនឯង មិនត្រូវ​តាម​រោគ​វិ​និ​ច្ច័​យ នៃ​ជំងឺ​រហូត​ធ្ងន់ ទើប​នាំមក​មន្ទីរពេទ្យ គឺ​គ្រួ​ពេទ្យ​ពិបាក​សង្គ្រោះ​។​

​លោក អ៊ុន ចាន់​ដា បាន​អំពាវនាវ​ផងដែរ​ថា ប្រសិនបើ​មាន​សមាជិកគ្រួសារ​ណា​ម្នាក់​មាន​អាការ​:​មិន​ស្រួលខ្លួន សូម​នាំ​គាត់​មកកាន់​មន្ទីរពេទ្យ​៕​