ប្រែសម្រួលៈវាសនា/ហូជីមិញ៖ទីក្រុងហូជីមិញចេញបទបញ្ជាគម្លាតសង្គមចំនួន១៥ថ្ងៃទៀតដោយចាប់ផ្តើមពីថ្ងៃសុក្រទី៩កក្កដា នៅពេលទីក្រុងភាគខាងត្បូងនេះព្យាយាមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
អភិបាលក្រុងលោកង្វៀន ថាញ់ ហ្វុង បាននិយាយកាលពីល្ងាចថ្ងៃពុធថា ការសំរេចនេះធ្វើឡើងដើម្បីធានាសុខភាពនិងអាយុជីវិតអ្នករស់នៅក្នុងទីក្រុងនេះ។
បទបញ្ជានេះតំរូវអោយប្រជាជននៅក្នុងផ្ទះ ដោយអាចចេញបានសំរាប់ការទិញស្បៀងនិងថ្នាំពេទ្យ ឬទៅធ្វើការនៅកន្លែងដែលទទួលបានការអនុញ្ញាតអោយបើក។ប្រជាជនត្រូវរក្សាគម្លាតពីគ្នាតិចបំផុត២ម៉ែត្រ ហាមការជួបជុំនៅទីសាធារណៈលើសពី២នាក់ ក្រៅពីកន្លែងធ្វើការ សាលារៀននិងមន្ទីរពេទ្យ។
គមនាគមន៍សាធារណៈភាគច្រើននឹងត្រូវបិទនិងមិនអនុញ្ញាតអោយធ្វើដំណើរទៅកន្លែងផ្សេងៗទេ។អ្នកចេញពីទីក្រងនេះទៅកាន់ផ្នែកផ្សេងទៀតនឹងត្រូវធ្វើចត្តាឡីស័ក១សប្តាហ៍ និងតាមដានសុខភាពមួយសប្តាហ៍ទៀត។
ទីក្រុងហូជីមិញឥឡូវកំពុងក្លាយជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩ ដោយក្នុងការផ្ទុះរលកចុងក្រោយចាប់ពីថ្ងៃ២៧មេសាមក មានអ្នកឆ្លងជាង៨.០០០នាក់។មានការឆ្លងជាចង្កោមធំចំនួន១១នៅក្នុងទីក្រុងនេះហើយការឆ្លងរាប់រយករណីក្នុងមួយថ្ងៃត្រូវបានរាយការណ៍នៅប៉ុន្មានថ្ងៃមកនេះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ វៀតណាមបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣១៤នាក់ទៀត ក្នុងនេះ ២៣៤នាក់នៅក្រុងហូជីមិញ។
កាលពីថ្ងៃពុធ វៀតណាមមានអ្នកឆ្លងកូវីដ១៩ថ្មីសរុប ៩៩៧នាក់ ក្នុងនេះ ៧៦៦នាក់នៅក្រុងហូជីមិញ៕
ក្រុងហូជីមិញ នឹងអនុវត្តវិធានការគម្លាតសង្គមលើកទី២ចាប់ពីថ្ងៃសុក្រទី៩កក្កដាទៅចំនួន១៥ថ្ងៃ បន្ទាប់ពីចប់វិធានការលើកទី១ចំនួន២២ថ្ងៃ