​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ជន​ចំណាកស្រុក​ឡាវ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​បាន​បង្កើន​ករណី​កូវី​ដ​១៩ នៅក្នុង​ប្រទេស​ជិតខាង​មួយ​នេះ នៅ​ពេល​ពួកគេ​យក​មេរោគ​នេះ​ទៅ​ផ្ទះ​ជាមួយ​ពួកគេ​។​

​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន ឡាវ​បាន​រាយការណ៍​ករណី​ថ្មី​ចំនួន ៥៦ កាលពី​ថ្ងៃ​អង្គារ​ទី​៦​កក្កដា​។​

​វេបសាយ Vientiane Times បាន​រាយការណ៍​ថា រដ្ឋាភិបាល​ឡាវ​និយាយថា ករណី​ថ្មី​ចំនួន ៤៥ ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ខេត្ត​ចំប៉ា​សាក់ ដែល​ក្នុងនោះ​មាន ៤៤​នាក់​ជា​ពលករ​ដែល​ត្រឡប់​ទៅ​ពី​​ប្រទេស​ថៃ​វិញ​។​

​លោក​វេជ្ជបណ្ឌិត រ៉ាត់​សាមី ស៊ីផា​ន ដែល​ទទួលបន្ទុក​ក្រុមការងារ​ទប់ស្កាត់​កូវី​ដ​១៩ នៅ​ខេត្ត​ភាគខាងត្បូង​ឡាវ​មួយ​នេះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ជា​ភាសា​អង់គ្លេស​ថា​ការឆ្លង​ថ្មី​ទាំងនេះ​ត្រូវបាន​នាំ​​ចូល​ដោយ​ពលករ​ឡាវ​ដែល​បាត់បង់​ការងារ​នៅ​ប្រទេស​ថៃ​ឬ​ចង់​រត់គេច​ពី​ការកើនឡើង​ករណី​ឆ្លង​នៅ​ព្រះរាជាណាចក្រ​នេះ​ដើម្បី​ស្នាក់នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​។​

​ឡាវ​បាន​ឃើញ​ការកើនឡើង​ជា​លំដាប់​នៃ​ការឆ្លង​មេរោគ​កូរ៉ូណា​ចាប់តាំង​ពី​ដើម​ខែ​កក្កដា​។ ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន​បានបង្ហាញ​ថា​ការឆ្លង​បាន​កើនឡើង​ទ្វេ​ដង​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​​រហូតដល់ ៥៦ ករណី​នៅ​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​។​

​ជនជាតិ​ឡាវ​រាប់ពាន់​នាក់​បាន​វិលត្រឡប់​ទៅ​ស្រុក​វិញ​ចាប់តាំងពី​ជំងឺ​រាតត្បាត​បាន​ផ្ទុះឡើង​នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​មុន​នេះ​យោង​តាម​ការចុះផ្សាយ​របស់ Vientiane Times ។​

​ខេត្ត​ចំប៉ា​សាក់​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​អ៊ូ​ប៊ុន​រាជា​ធា​នី ដែល​ជា​ច្រក​សំខាន់​ទៅ​ភាគ​ខាងត្បូង​ប្រទេស​ឡាវ​៕

​បុគ្គលិក​ពេទ្យ​ថៃ​កំពុង​យក​សំណាក​ពី​បុរស​ម្នាក់​នៅ​ក្រុង​បាងកក