ប្រែសម្រួលៈវាសនា/គីឡាឡាំពួរ៖ម៉ាឡេស៊ីបានធ្លាក់ចូលក្នុងវិបត្តិនយោបាយភ្លាមកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីគណបក្សធំបំផុតនៅក្នុងសម្ពន្ធភាពគ្រប់គ្រងអំណាចបានប្រកាសថាខ្លួននឹងដកការគាំទ្រចេញពីនាយករដ្ឋមន្ត្រី មូយីតឌីន យ៉ាសស៊ីន ហើយសុំអោយលោកចុះចេញពីតំណែងដើម្បីបើកផ្លូវសំរាប់មេដឹកនាំថ្មីម្នាក់។
ការប្រកាសនេះអាចបង្កអោយដួលរលំរដ្ឋាភិបាលរបស់លោកមូយីតឌីននិងនាំដល់ការបោះឆ្នោតជាថ្មី ទោះជាយ៉ាងណាសេណារីយ៉ូទាំងពីរនេះទំនងជាមិនអាចកើតមានទេក្នុងអំឡុងប្រទេសកំពុងផ្ទុះជំងឺកូវីដ១៩ធ្ងន់ធ្ងរបែបនេះ។
លោកមូយីតឌីន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ នៅពេលសម្ពន្ធមិត្តសុំអោយលោកចុះចេញពីតំណែង
លោកនាយករដ្ឋមន្ត្រី និងសម្ពន្ធមិត្តរបស់លោកនៅមិនទាន់ចេញប្រតិកម្មយ៉ាងណាទេ។
សូមរំលឹកថា លោកមូយីតឌីន បានចូលកាន់អំណាចនៅខែមីនាឆ្នា ២០២០បន្ទាប់ពីផ្តួចផ្តើមកៀរគរកម្លាំងទម្លាក់រដ្ឋាភិបាលកែទំរង់របស់លោកបណ្ឌិតមហាធៀដែលបានជាប់ឆ្នោតនៅឆ្នាំ២០១៨។គណបក្សBersatu របស់លោកបានរួមដៃជាមួយគណបក្សអង្គការជាតិម៉ាឡេរួបរួម(UMNO)ដែលត្រូវបានទម្លាក់ក្នុងការបោះឆ្នោតឆ្នាំ២០១៨ និងគណបក្សតូចៗដទៃទៀតដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយតែសម្ពន្ធភាពនេះមិនជាមាំទាំទេដោយសារតែមានសម្លេងភាគច្រើនស្តួចស្តើងនៅក្នុងសភា។
ប្រធានUMNO លោកអាម៉ាត ហ្សាហ៊ីត បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោកមូយីតឌីន បរាជ័យនៅក្នុងកាតទប់ស្កាត់ជំងឺកូវីដ១៩។លោកថាគោលនយោបាយមិនស៊ីគ្នា និងវិធានការបិទខ្ទប់ស្ទើរភ្លើងរបស់វា កាន់តែបង្កការលំបាកផ្នែកសេដ្ឋកិច្ចខ្លាំងឡើង។
លោកហ្សាហ៊ីត បានសុំអោយលោកមូយីតឌីន ចុះចេញពីតំណែង និងបើកផ្លូវសំរាប់មេដឹកនាំបណ្តោះអាសន្នម្នាក់ ដើម្បីទទួលដឹកនាំប្រទេសរហូតដល់ជំងឺឆ្លងបានធូរស្រាល និងការបោះឆ្នោតសកលមួយអាចរៀបចំធ្វើឡើងដោយសុវត្ថិភាព។
ការសំរេចចិត្តរបស់UMNOបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី តែងតាំងរដ្ឋមន្ត្រីការពារជាតិ អ៊ីស្មេល សាព្រី មកពីUMNOជាអនុប្រធានរបស់លោកក្នុងគោលបំណងបញ្ចុះបញ្ចូលអោយគណបក្សនេះបន្តនៅក្នុងក្រុមចំរុះ។
តាមពិតភាពតានតឹងបានពុះឡើងរុយៗអស់ពេលរាប់ខែមកហើយនៅក្នុងសម្ពន្ធភាពកាន់អំណាច ដោយUMNOមិនសប្បាយចិត្តនឹងតួនាទីបន្ទាប់បន្សំឬតូចជាងBersatu។
បច្ចុប្បន្នមិនមានក្រុមចំរុះណាមានសម្លេងភាគច្រើននៅក្នុងសភាទេ។ មេដឹកនាំប្រឆាំងលោកអាន់វ៉ា អ៊ីប្រាហ៊ីម អាចព្យាយាមស្វះស្វែងរកការគាំទ្រ តែលោកហ្សាហ៊ីត បានបញ្ជាក់ហើយថាគណបក្សUMNO នឹងមិនគាំទ្របេក្ខភាពរបស់អាន់វ៉ា ជានាយករដ្ឋមន្ត្រីទេ៕
ប្រធានគណបក្សUMNOលោកអាម៉ាត ហ្សាហ៊ីត(ឆ្វេង)ដកការគាំទ្រនាយករដ្ឋមន្ត្រី មូយីតឌីន យ៉ាសស៊ីន