ដោយៈ សុផល / ភ្នំពេញ៖ អ្នកស្រី សាស្ត្រាចារ្យ អ៊ុក សុផា ឯកទេសចម្រៀងអាយ៉ៃ និងចម្រៀងចាប៉ី បានលើកឡើងថាៈ “ការច្រៀងចម្រៀងអាយ៉ៃ ចាំបាច់ត្រូវយកចិត្តទុកដាក់ លើការប្រើប្រាស់ពាក្យពេចន៍ ហើយអ្នកសិល្បៈត្រូវមានសិល្បៈក្នុងខ្លួន ធ្វើយ៉ាងម៉េច ឲ្យទាក់ទាញ និងមានគេចូលចិត្ត”។
អ្នកស្រី សាស្ត្រាចារ្យ បានលើកឡើងបន្ថែមទៀតថាៈ នាពេលបច្ចុប្បន្ននេះ ហាក់មិនសូវមានឆាក ឬការជួលមកសម្ដែងជាដើម ដូច្នេះ សិល្បករ សិល្បការនី ផ្នែកអាយ៉ៃ ក៏មិនសូវមានឱកាសនឹងបង្ហាញ សមត្ថភាពទេពកោសល្យ របស់ខ្លួននោះដែរ។ ប៉ុន្តែ អ្នកស្រី អ៊ុក សុផា បានសម្ដែងនូវអារម្មណ៍រំភើបជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលបានរៀបចំ កម្មវិធី វង់តន្ត្រីខ្មែរឡើង ដើម្បីផ្ដល់ឱកាស ឲ្យអ្នកសិល្បៈ ដែលមិនធ្លាប់បានចេញមុខ បានបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកប្រកួត។
នៅក្នុងកិច្ចសម្ភាសន៍ ពិសេសជាមួយគណៈកម្មការមេប្រយោគ ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ នាពេលថ្មីៗនេះ អ្នកស្រី សាស្ត្រាចារ្យ អ៊ុក សុផា ឯកទេសចម្រៀងអាយ៉ៃ និងចម្រៀងចាប៉ី បានឲ្យដឹងថាៈ អ្នកស្រី បានចាប់ផ្ដើមប្រឡូក ក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ ១៩៦២ ដែលជាសិល្បៈទូទៅ នៅតាមស្រុកស្រែចម្ការ ដូចជាល្ខោន យីកេជាដើម។
មកដល់ឆ្នាំ ១៩៧១ អ្នកស្រី ត្រូវបានជម្លៀសមករស់នៅ ទីក្រុងភ្នំពេញ ក្នុងសម័យសាធារណរដ្ឋខ្មែរ។ នាពេលនោះ លោកព្រឹទ្ធាចារ្យ សង្ហា ផន បាននាំអ្នកស្រី អ៊ុក សុផា ទៅច្រៀងនៅវិទ្យុជាតិ ជាមួយមិត្តសិល្បការនី ផ្សេងទៀត រួមមាន អ្នកស្រី ណយ សំណាង, ណយ ស៊ីថា និង ព្រំ ផល្លា។ ក៏ប៉ុន្តែ ដោយហេតុថា អ្នកស្រី មិនទាន់ចេះច្រៀង ចម្រៀងអាយ៉ៃ នៅឡើយ ទើបលោកព្រឹទ្ធាចារ្យ សង្ហា ផន សរសេរជាអត្ថបទ ឲ្យច្រៀងជាបន្តបន្ទាប់ ហើយអ្នកស្រី ក៏មិនទាន់អាចឡើង លើឆាកច្រៀង ចាប់ចុងចួន ដោយខ្លួនឯងនោះដែរ។ លុះក្រោយមក ទើបអ្នកស្រី អ៊ុក សុផា អាចច្រៀងចម្រៀងអាយ៉ៃ បានយ៉ាងល្អ បន្ទាប់ពីបានទៅច្រៀង ជាមួយសិល្បករ សិល្បការនី អាយ៉ៃជើងចាស់ ដូចជា លោកយាយ សារ៉ាំប៉ាក់ និងលោកតា ល្វៃ នៅតាមកម្មវិធីផ្សេងៗ។
គួររំឭកផងដែរថា បច្ចុប្បន្ននេះ អ្នកស្រី សាស្ត្រាចារ្យ អ៊ុក សុផា គឺជាគណៈកម្មការមួយរូប ក្នុងកម្មវិធី វង់តន្ត្រីខ្មែរ រដូវកាលទី២ ក្រោមប្រធានបទ «សិល្បៈបុរាណចម្រុះ»។ កម្មវិធីនេះ ត្រូវបានបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ។
គួរបញ្ជាក់ថា ចំពោះការចូលរួមប្រកួត បងប្អូន ត្រូវផ្ញើវីដេអូសម្តែងរបស់ខ្លួន និងថ្លៃចូលរួមប្រកួតតម្លៃត្រឹម ១ម៉ឺនរៀលតែប៉ុណ្ណោះ មកកាន់ទំព័រហ្វេសបុករបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឬក៏តេលេក្រាមរបស់កម្មវិធីវង់តន្ត្រីខ្មែរ តាមរយៈលេខទូរស័ព្ទ (099 914 121 / 098 914 121)។ ចំពោះកុមារតូចៗ និងជនពិការ ត្រូវបានលើកទឹកចិត្ត។ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ជិតឈានដល់ថ្ងៃឈប់ ទទួលវីដេអូប្រកួតហើយ ដោយនឹងបិទបញ្ចប់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ៕/V