​ប្រែ​សម្រួលៈ​វាសនា​/​បាងកកៈ​តុលាការ​ថៃ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជា​អោយ​សកម្មជន​នយោបាយ​ចាស់វស្សា​ម្នាក់ វិល​ចូល​គុក​វិញ ដោយសារតែ​បទល្មើស​ចាស់​មួយ​។​ចំណាត់ការ​របស់​តុលាការ​នេះ​​កើត​ឡើង​ក្រោយ​ពី​លោក​បាន​វិល​ទៅ​ចូលរួម​ក្នុង​ការតវ៉ា​តាម​ដងផ្លូវ​និង​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចុះចេញ​ពី​តំណែង​។​

​លោក​ចា​ទូ​ផន ប្រូ​មផាន អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ចលនា​ប្រជាជន​”​អាវ​ក្រហម​”​ត្រូវ​បាន​សំរេច​អោយ​ជាប់គុក​១១​ខែ ក្រោយ​ពី​តុលាការ​កំពូល​សំរេច​ថា​លោក​ត្រូវបាន​ដោះលែង​លឿន​ពេក​បន្ទាប់​ពី​ការ​​កាត់​អោយ​ជាប់ទោស​កាលពី​ឆ្នាំ​២០១៧ ចំពោះ​ការបរិហារកេរ្តិ៍​អតីត​នាយករដ្ឋមន្ត្រី អាប់​ភិស៊ី​ត វេចា​ជីវ៉ា​។​

​ពេលនោះ​លោក​ចា​ទូ​ផន​បាន​ជាប់គុក​១​ឆ្នាំ​រួច​ហើយ​ចំពោះ​បទចោទប្រកាន់​បរិហារ​កេរ្តិ៍​មួយទៀត​។​លោក​ត្រូវបាន​ដោះលែង​នៅ​ឆ្នាំ​២០១៨ តែ​លោក​អាប់​ភិស៊ី​ត បាន​ជំទាស់​នឹង​ការដោះលែង​លោក​ចា​ទូ​ផន​។​

​មេធាវី​របស់​លោក​បាន​និយាយថា «​តុលាការ​កំពូល​បាន​ចេញ​បញ្ជា​អោយ​រាប់​រយៈពេល​ជាប់​ទោស​ចេញពី​បណ្តឹង​ពីមុន ដូច្នេះ​លោក​ត្រូវ​នៅសល់​ពេល​នៅ​ក្នុង​ពន្ធនាគារ​១១​ខែ​និង​១៦​ថ្ងៃ​ទៀត​»​។​

​លោក​ចា​ទូ​ផន កាលពី​ខែ​កុម្ភៈ​បាន​វិល​មក​ចូលរួម​ក្នុង​ក្រុម​មួយ​ដែល​មានឈ្មោះ​ថា​” ឯកភាព​ប្រជាជន​សំរាប់​ប្រទេស​ថៃ​” ដែល​បាន​ធ្វើ​បាតុកម្ម​ទាមទារ​អោយ​លោក​ប្រា​យុទ្ធ ចុះចេញ​ពី​តំណែង​៕

​ចា​ទូ​ផន ធ្លាប់​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​អាប់​ភិ​ស៊ីតនៅ​ឆ្នាំ​២០១០​និង​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​បណ្តេញចេញ​ពី​តំណែង ថាក់ស៊ីន ស៊ីណា​វ៉ាត​