ដោយៈ អង្គារ៍ហេង / ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ បានប្រារព្ធពិធីបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ១៩ ក្នុងមូលដ្ឋាន របស់ខ្លួន ក្រោមអធិបតីភាពលោក ហេង សុខគង តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា, លោក លី ច័ន្ទភក្តី និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងដោយមាន ការចូលរួមពី តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង ១៨ ក្រុម ស្មើនឹង ១៨៥ នាក់ ចែកចេញជា ៥មណ្ឌល សម្រាប់ខណ្ឌដូនពេញ ។
ក្នុងនោះ គណៈអធិបតី បានកោតសសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានលះបង់ ពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ ។ បេសកកម្មនេះ គឺជាការចូលរួមលះបង់ មិនអាច កាត់ថ្លៃបាន ដែលលោកគ្រូ អ្នកគ្រូពេទ្យ បានលះបង់សេចក្តីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាទីស្រឡាញ់ ដើម្បីបុព្វហេតុជាតិ ប្រជាជន និងការស្ម័គ្រចិត្ត ចូលរួមប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ក្នុងគោលដៅការពារ ឱ្យបាននូវអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ពីជំងឺកាចសាហាវ ដែលឆ្លងរាតត្បាត ជាសកលមួយនេះ ។
ក្រោយបញ្ចប់ពិធីសំណេះ សំណាល គណៈអធិបតី បានប្រគល់ប័ណ្ណសរសើរ ជូនដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យសរុប ចំនួន ១៨រូប តំណាងអោយក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ទាំង ១៨៥ រូប ផងដែរ ។
ក្នុងនាមអាជ្ញាធរ និងក្នុងនាមប្រជាពលរដ្ឋ ខណ្ឌដូនពេញ លោក សុខ ពេញវុធ បានមានប្រសាសន៍ថាៈ ” យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំ ប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ” ៕/V-PC