ដោយៈ អូរស្មាច់ / ឧត្តរមានជ័យៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានផ្តល់ពូជមាន់ស្រែ ចំនួន ៤២០ ក្បាល រួមទាំងចំណី និងសម្ភារ ក្នុងការចិញ្ចឹមមាន់ ដល់ប្រជាពលរដ្ឋ ចំនួន ១៤ គ្រួសារ ស្ថិតនៅក្នុងឃុំពង្រ ស្រុកចុងកាល់ ដើម្បីចិញ្ចឹម លើកកម្ពស់ជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើង ស្របពេលនឹងវិបត្តិជំងឺកូវីដ-១៩ នេះ។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថាៈការចែកពូជ មាន់ស្រែ ចំណី និងសម្ភារ នៅពេលនេះ គឺក្នុងគោលបំណង ជួយលើកស្ទួយកម្រិត ជីវភាពប្រជាពលរដ្ឋ នៅក្នុងសហគមន៍ឲ្យគាត់ មានប្រាក់ចំណូលកើនឡើង តាមរយៈការចិញ្ចឹមមាន់ ដោយផ្សារភ្ជាប់ជាមួយទីផ្សារ ដែលមានអ្នកចាំទទួល ទិញ សម្រាប់លក់ដូរក្នុងស្រុក និងនាំចេញ ទៅទីផ្សារក្រៅស្រុក។
លោកប្រធានមន្ទីរ បានថ្លែងទៀតថាៈ ការចែកពូជមាន់ស្រែ និងចំណី សម្ភារ ជូនពលរដ្ឋនាពេលនេះ គឺជាកម្មវិធីដែលគាំទ្រ ដោយមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ថវិកា សម្រាប់ឆ្នាំ២០២១ ដោយក្នុងមួយគ្រួសារ ទទួលបាន រួមមាន ពូជមាន់ស្រែ ចំនួន ៣០ ក្បាល ស្នូកដាក់ចំណី១ ស្នូកដាក់ទឹក១ និងចំណី១ការ៉ុង និងមានការបង្រៀនបន្ថែម ពីបច្ចេកទេស នៃការចិញ្ចឹមមាន់ផងដែរ៕/V-PC