ដោយៈម៉េងឆៃ / ភ្នំពេញៈនៅក្នុងរយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា កើតឡើងជាង ១២៦១លើក បណ្តាលឲ្យស្លាប់ជាង ៧០៩នាក់។ អត្រាគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ៦ខែក្នុងឆ្នាំនេះ បានថយចុះ បើធៀបនឹងរយៈពេល ៦ខែដើមឆ្នាំ២០២០។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្ហោះក្នុងហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែកក្កដា បង្ហាញថា នៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ នៅទូទាំងប្រទេស មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ១២៦១លើក ដោយជាង ៥០ភាគរយ កើតឡើងពេលយប់។ គ្រោះថ្នាក់នេះ បានសម្លាប់មនុស្ស ៧០៩នាក់ និងរបួស ១៧៩២នាក់ ក្នុងនោះ មានរបួសធ្ងន់ ១០៤៦នាក់។

អត្រាគ្រោះថ្នាក់ចរាចរណ៍ ៦ខែដើមឆ្នាំនេះ បើធៀបនឹង៦ខែក្នុងឆ្នាំ២០២០ បានថយចុះ ៣៥៨លើក ស្មើនឹង ២២ភាគរយ ក្នុងនោះថយអ្នកស្លាប់ ១៥២នាក់ ស្មើនឹង ១៨ភាគរយ និងរបួសថយ ៦៥៧នាក់ ស្មើនឹង ២៧ភាគ រយ។

យ៉ាងណាក៏ដោយ របាយការណ៍ដដែល បានកត់សំគាល់ថា គ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន បណ្ដាលមកពីបទល្មើសមិនពាក់មួកសុវត្ថិភាព មិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងល្មើសល្បឿន។ ក្នុងនោះ ក្នុងចំណោមជនរងគ្រោះស្លាប់ ៧០៩នាក់ គឺមាន ៧៨ភាគរយ ជាអ្នកជិះម៉ូតូ និង៦៩ភាគរយ មិនពាក់មួកសុវត្ថិភាព។

ចូរកុំភ្លេចថា គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យខាតបង់ថវិកា សរុបប្រមាណជាង ៤០០លានដុល្លារ ក្នុង ១ឆ្នាំ។ ទន្ទឹមនឹងការខាតបង់នេះ មានប្រជាពលរដ្ឋរាប់រយនាក់ បានស្លាប់ រាប់រយនាក់ទៀត រងរបួស និងពិការ។

ដូច្នេះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរៀងរាល់ថ្ងៃ នៅទូទាំងប្រទេស កន្លងមក បន្តដល់ថ្ងៃនេះ មានតែយើងម្នាក់ៗ ត្រូវរួមគ្នា គោរពច្បាប់ ឱ្យបានល្អ បើកបរដោយការប្រុងប្រយ័ត្ន យោគយល់អព្យាស្រ័យគ្នា និងចេះទាំងច្បាប់ចរាចរណ៍ ទាំងការបើកបរត្រឹមត្រូវ។

នៅពេលយើងគ្រប់គ្នា គោរពច្បាប់បានល្អ នោះនឹងធ្វើឱ្យស្ថានភាពចរាចរណ៍ នៅក្នុងប្រទេសយើង មានភាពល្អប្រសើរ កាត់បន្ថយបានអ្នកស្លាប់ របួស ពិការ ការខាតបង់ថវិកា និងទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកលើកតម្កើងកិត្តិយសជាតិផងដែរ។

ប៉ុន្តែមុននឹងអាចគោរពច្បាប់បាន ទាល់តែម្នាក់ៗ យល់ដឹងពីច្បាប់ជាមុនសិន។ ម្នាក់ៗ ត្រូវតែយល់ថា បើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព មិនមានកញ្ចក់មើលក្រោយ ជាដើម ជាអំពើខុសច្បាប់។ មិនត្រឹមតែខុសច្បាប់ទេ តែបើមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយអ្នកបើកបរ និងអ្នករួមដំណើរ មិនបានពាក់មួកសុវត្ថិភាព គឺបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយត្រូវដួលបោកក្បាល ជាដើម។

កុំគិតថា អំឡុងពេលរាលដាលកូវីដនេះ ប៉ូលិចរាចរណ៍ មិនសូវចេញដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ស្ទាក់ចាប់តាមផ្លូវ នាំឲ្យម្នាក់ៗ ភ្លេចខ្លួន ក៏លែងពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ ហើយអ្នកបើកបរ និងជិះរថយន្ត ក៏លែងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ជាដើម។ ចូរឈប់គិតដូច្នេះ ហើយមកទម្លាប់ជាសាមញ្ញវិញថា ឲ្យតែឡើងជិះម៉ូតូ មិនថា បើកខ្លួនឯង ឬជិះពីក្រោយគេទេ ត្រូវតែពាក់មួកសុវត្ថិភាព។ មួកសុវត្ថិភាព មិនត្រឹមតែការពារ កុំឲ្យប៉ូលិសផាកទេ តែប្រយោជន៍សំខាន់បំផុត គឺការពារក្បាលរបស់អ្នកជិះម៉ូតូនោះតែម្តង បើសិនជាដួលម៉ូតូ ដោយហេតុការណ៍ចៃដន្យណាមួយ។

ជាងនេះទៅទៀត គួរតែទម្លាប់ចេញពីគ្រួសារមួយៗ។ កូនអាយុចាប់ពី ១៨ឆ្នាំឡើង ហើយចូលរៀនច្បាប់ចរាចរណ៍ និងរៀនបើកបរ មិនថា ម៉ូតូ ឬឡានទេ គឺទាល់តែឆ្លងកាត់ការរៀនសូត្រ ទាំងទ្រឹស្តី និងទាំងដៃចង្កូត ហើយប្រឡងជាប់ដោយសមត្ថភាព មិនមែនតាមរយៈការសូកលុយយកប័ណ្ណបើកបរទេ ចាំឲ្យកូននោះ បើកបរម៉ូតូ ឬឡាន។

មួយចំណុចទៀត នៅសាលារៀនរដ្ឋ និងសាលារៀនឯកជនចំណេះទូទៅ ត្រូវតែបញ្ចូលមុខវិជ្ជាចរាចរណ៍ ចូលក្នុងមេរៀនស្នូល ចាប់ពីថ្នាក់មតេយ្យ ដល់ចប់ថ្នាក់ទី១២ តែម្តង។ បើអាច នៅថ្ងៃទី១២ គឺវិញ្ញាសាប្រឡងបាក់ឌុប គួរតែមានមុខវិជ្ជាចរាចរណ៍នេះដែរ ហើយសិស្សគ្រប់អាយុ ១៨ឆ្នាំ ប្រឡងជាប់មុខវិជ្ជាចរាចរណ៍ ដែលមានទាំងទ្រឹស្តី និងអនុវត្តដៃចង្កូត មិនថា រៀនបើកបរម៉ូតូ ឬឡានទេ គួរតែចេញប័ណ្ណបើកបរឲ្យតែម្តង។

ធ្វើដូច្នេះ ដើម្បីយើងអាចការពារអាយុជីវិត ហើយបើការពារអាយុជីវិតបានហើយ នោះចំណេះជំនាញអ្វី នឹងត្រូវរៀនតាមក្រោយ ហើយចេញប្រកបអាជីពចិញ្ចឹមជីវិត បានដោយសុខសាន្ត។

ច្បាប់ចរាចរណ៍យើង បានកំណត់ហើយថា អាយុចាប់ពី ១៨ឆ្នាំឡើងទៅ ទើបអាចបើកបរយានយន្តបាន មិនថា ម៉ូតូ ឬឡាននោះទេ។ តែក្នុងសង្គមយើង ជាក់ស្តែង ក្មេងជើងមិនទាំងដល់ដីផង ក៏អាចបើកបរម៉ូតូ ជិះពេញផ្លូវទៅហើយ។ នេះជាគ្រោះថ្នាក់មួយ ដែលគួរតែកែប្រែ ហើយកែមុនគេ គឺអាណាព្យាបាលឪពុកម្តាយកូននោះតែម្តង។

សូមរួមគ្នាគោរពច្បាប់ និងគោរពអាយុជីវិតខ្លួនឯង រួមទាំងអាយុជីវិតអ្នកដទៃ ជាជាងគោរព និងខ្លាចប៉ូលិសផាក។ គ្រោះថ្នាក់ចរាចរណ៍ ក៏ជាគ្រោះថ្នាក់ ដែលអាចការពារបាន ហើយកើតឡើងដដែលៗ តែយើងចេះតែភ្លេចខ្លួន៕សរន