ដោយ :បូកគោ/កំពតៈរដ្ឋបាលស្រុកទឹកឈូបានសម្រេចផ្អាកដំណើរលក់ដូរក្នុងផ្សារត្រពាំងរពៅដែលមានទីតាំងស្ថិតក្នុងឃុំព្រែកត្នោតរយៈពេល៧ថ្ងៃ។ ការផ្អាកអាជីវកម្មលក់ដូរនេះនឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ព្រោះតែមានករណីឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់។

យោងតាមសេចក្តីជូនដំណឹងលេខ១១៧៧/២១.ស.ជ.ណ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកទឹកឈូមានខ្លឹមសារថា ថ្មីៗនេះមានករណីវិជ្ជមានកូវីដ១៩លើអាជីវករដែលជាអ្នកលក់ដូរក្នុងផ្សារត្រពាំងរពៅ ហើយមានការកើនឡើងជាបន្តបន្ទាប់។ ដូច្នេះ រដ្ឋបាលស្រុកទឹកឈូ សម្រេចផ្អាកដំណើរការលក់ដូរគ្រប់ប្រភេទក្នុងផ្សារត្រពាំងរពៅរយៈពេល៧ថ្ងៃជាបណ្តោះអាសន្ន ដោយគិតចាប់ពីម៉ោង១២អធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ដល់ម៉ោង១២អធ្រាត្រចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា នេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជាការអនុវត្តតាមសេចក្តីណែនាំរួមអំពីវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ដែលមិនទាន់មានសភាពធូរស្បើយនៅឡើយនោះ។ ចំពោះបងប្អូនជាប់ពាក់ព័ន្ធជាមួយអាជីវករដែលមានវិជ្ជមានកូវីដ១៩ក្នុងផ្សារត្រពាំងរពៅសូមអញ្ជើញទៅផ្តល់សំណាកនៅការិយាល័យស្រុកប្រតិបត្តិកំពតកុំបីខាន៕