ប្រែសម្រួល : កញ្ញាដាលីស ៖ បណ្តាទីភ្នាក់ងារសហព័ន្ធអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៨ ខែកក្កដាថា ប្រជាជននៅសហរដ្ឋអាម៉េរិក ដែលបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងវីរុសកូរ៉ូណា មិនចាំបាច់ត្រូវការចាក់មួយដូសបន្ថែមទៀតទេនៅពេលនេះ ដែលនេះបង្ហាញពីវិធីកាន់តែអភិរក្សថែមទៀតដើម្បីងាកចេញពីផែនការរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និង BioNTech ដើម្បីគ្រោងនឹងផលិតវ៉ាក់សាំងចាក់ជំនួយមួយដូសទៀត។
សេចក្តីថ្លែងការណ៍រួមដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC)និងរដ្ឋបាលចំណីអាហារនិងឱសថ (FDA) បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហ៊ុន Pfizer និង BioNTechបាននិយាយថា ទិន្នន័យពីប្រទេសអ៊ីស្រាអែលបានលើកឡើងថា ការចាក់មួយដូសជំរុញថែមទៀតនឹងត្រូវការជាចាំបាច់ក្នុងរយៈពេល ៦ ខែឬច្រើនជាងនេះ ដោយសារតែការគំរាមកំហែងពីមេរោគបំប្លែងខ្លួន។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន Pfizer និង BioNTech បាននិយាយថា បន្ទាប់ពីដឹងអំពីបញ្ហានេះ ពួកគេកំពុងបង្កើតវ៉ាក់សាំងកូវីដ១៩ជំនួយមួយដូសថែមទៀតហើយរំពឹងថាការសិក្សាគ្លីនិកនឹងចាប់ផ្តើមនៅខែសីហា ដោយរង់ចាំតែការអនុញ្ញាតច្បាប់ប៉ុណ្ណោះ។
ប៉ុន្តែ CDC និង FDA បាននិយាយថាពួកគេមានដំណើរការផ្អែកលើវិទ្យាសាស្ត្រយ៉ាងហ្មត់ចត់ក្នុងការពិចារណាថាតើពេលណាត្រូវចាក់វ៉ាក់សាំងជំរុញមួយដូសជាចាំបាច់ដែលនេះជាការសម្រេចចិត្តមួយមិនមែនផ្អែកទាំងស្រុងលើទិន្នន័យផ្តាច់មុខរបស់ក្រុមហ៊ុនផលិតឱសថនោះទេ។
ទីភ្នាក់ងារទាំងពីរមិនបានបដិសេធលទ្ធភាពនៃការចាក់វ៉ាក់សាំងមួយដូសបន្ថែមចាំបាច់នាពេលអនាគតនោះទេ ដោយនិយាយថា ពួកគេនឹងបន្តពិនិត្យឡើងវិញនូវទិន្នន័យថ្មីណាមួយនៅពេលទិន្នន័យទាំងនោះអាចរកបាន៕
CDC និង FDA ថាឥឡូវនេះមិនចាំបាច់ចាក់វ៉ាក់សាំងកូវីដ១៩ ជំរុញមួយដូសទៀតនោះទេ