ដោយៈ រិទ្ធិសែន / ពោធិសាត់ៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារតែ ប្រពន្ធ បានចាក់មួយកាំបិត ចំឆ្អឹងជំនី ខាងឆ្វេង នៅក្នុងអំឡុងពេល ពួកគេទាំងពីរ បានឈ្លោះ ប្រកែកគ្នា ដោយពាក្យសម្ដី ហើយបានប្រតាយប្រតប់គ្នា បង្កទៅជាអំពើហិង្សាបែបនេះ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០និង៣០ នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចអូរ ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកវរសេនីយីឯក ធាង ឡេង អធិការនគបាល ស្រុកវាលវែង បានអោយដឹង នៅព្រឹកថ្ងៃទី១០ កក្កដា ២០២១នេះថាៈ ករណីហិង្សាខាងលើនេះ បង្ករឡើងដោយ ជនសង្ស័យ ជាប្រពន្ធ ឈ្មោះ តាំង គា ហៅ ញឹង អាយុ ២៦ ឆ្នាំ ។ ចំណែកជនរងគ្រោះជាប្តី មានឈ្មោះ សឿន ស៊ា អាយុ៣៤ឆ្នាំ អ្នកទាំង២ រស់នៅក្នុងភូមិ.ឃុំ.ស្រុក កើតហេតុខាងលើ។
លោកបានបញ្ជាក់ថាៈ ប្រពន្ធបានឈ្លោះប្រកែក ដោយពាក្យសម្តីគ្នា ជាមួយប្ដី ហើយបានយក កូនកាំបិត កាន់នៅដៃ ។ នៅពេលឈ្លោះប្រតាយប្រតប់គ្នានោះ ប្រពន្ធបានចាក់ត្រូវប្តី មួយកាំបិត ចំឆ្អឹងជំនី ខាងឆ្វេង បណ្ដាលអោយប្ដី ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង។
អធិការនគរបាលស្រុកវាលវែង បានអោយដឹងទៀតថាៈ ក្រោយកើតហេតុ ស្ត្រីដែលជាជនសង្ស័យ បានរត់គេចមកលាក់ខ្លួន នៅផ្ទះម្ដាយបង្កើតរបស់ខ្លួនឯង ឈ្មោះ ណាក់ ដែលមានចម្ងាយជាង ៤០០ ម៉ែត្រ ពីកន្លែងកើតហេតុ ហើយត្រូវបានកម្លាំង ស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យបាន នៅវេលាម៉ោងជាង ១ រំលងអធ្រាត្រ ចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ ។
អធិការនគបាលស្រុកវាលវែង បានអោយដឹងបន្ថែមទៀតថាៈ មូលហេតុឈានដល់ចាក់សម្លាប់ប្តី ផ្តើមឡើងដោយសារទំនាស់ពាក្យសម្ដី ហើយគ្រួសារមួយនេះ តែងតែមានរឿង ឈ្លោះប្រកែកគ្នាជាញឹកញាប់ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកវាលវែង ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្ដទៅស្នងការដ្ឋាន នគបាលខេត្ត អនុវត្តតាមនីតិវិធី នៅថ្ងៃនេះ៕/V