​ដោយៈ គង់​ហេង / កំពង់ចាមៈ អាជ្ញាធរខេត្ត​កំពង់ចាម បានសម្រេច​បិទ​ខ្ទប់ ជា​បន្តបន្ទាប់ នូវ​លំនៅឋាន របស់​ប្រជាពលរដ្ឋ ចំនួន ៥០ ខ្នង​ផ្ទះ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ផ្សារ​ចំនួន​មួយ នៅក្នុង​ភូមិសាស្ត្រ ស្រុក​ស្ទឹងត្រង់ ក្រោយពី​រកឃើញ ប្រជាពលរដ្ឋ បាន​ផ្ទុក​ជំងឺ​កូ​វីដ ១៩​។​

​លោក ទុន ណេ​ត អភិបាលស្រុក​ស្ទឹងត្រង់ ដែល​បាន​អមដំណើរ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោក រិ​ន វីរ​: ជា​រដ្ឋលេខាធិការ ប្រចាំការ ក្រសួងផែនការ បានឱ្យដឹង​នៅ​ថ្ងៃទី ១០ កក្កដា​ថាៈ ទាំង​ចំនួន ៥០ ខ្នង​ផ្ទះ ដែល​ប្រតិភូ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ដល់​ពួកគាត់​នេះ គឺមាន​ទីតាំង​ស្ថិតនៅ​ចំនួន ប្រាំ ភូមិ ក្នុង​ឃុំ​មេសរ​ជ្រៃ ដែល​យើង​បាន​បិទ​ខ្ទប់ ជា​បន្តបន្ទាប់ ចាប់ពី​ដើម ខែកក្កដា មក​។​

​លោក​អភិបាលស្រុក​ស្ទឹងត្រង់ បាន​បន្ថែមថាៈ ក្នុងនោះ យើង​រកឃើញ​ខ្នង​ផ្ទះ​មួយណា វិជ្ជមាន​កូ​វីដ ១៩ គឺ​យើង​យក​អ្នកជំងឺ ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម ហើយ​អ្នក​ប៉ះពាល់​ផ្ទាល់ យកទៅ​ធ្វើ ច​ត្តា​ឡី​ស័ក របស់​រដ្ឋបាល​ស្រុក រីឯ​អ្នក​ប៉ះពាល់​ប្រយោល ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ខ្នង​ផ្ទះ​រៀងៗ​ខ្លួន​។​

​លោក​បាន​បន្តថាៈ ជាមួយ​នោះ នៅក្នុង​មេសរ​ជ្រៃ ដដែល យើង​ក៏បាន​បិទ​ខ្ទប់​ផ្សារ​ស្រែ​វាល កាលពីមុន ក្រោយពី​រកឃើញ អាជីវករ​ផ្សារ​នេះ ច្រើន​នាក់ បាន​ផ្ទុក​ជំងឺ​កូ​វីដ ១៩ ៕/V​