​ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ហេតុការណ៍​ជាច្រើន បានកើត​ឡើង ក្នុងនោះ បញ្ហា​កូ​វីដ​១៩ នៅតែ​ជា​បច្ចុប្បន្នភាព ក្តៅគគុក នៅ​កម្ពុជា​យើង​។​

១-សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​បុរស​ជនជាតិ​ចិន យក​តោ ទៅ​ចិញ្ចឹម​វិញៈ​
​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​បុរស ជនជាតិ​ចិន យក​តោ​របស់ខ្លួន ទៅ​ចិញ្ចឹម​វិញ​។ តោ​របស់​ចិន​នោះ ត្រូវបាន​មន្ត្រី​ជំនាញ ចាប់​រឹបអូស យកទៅដាក់​នៅ​ភ្នំ​តា​ម៉ៅ កាលពីពេល​ថ្មីៗ​នេះ​។ ប្រជាពលរដ្ឋ​កម្ពុជា បាន​អបអរសាទរ និង​គាំទ្រ​ពេញទំហឹង ចំពោះ​ការសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានអនុញ្ញាត អោយ​ម្ចាស់​តោ ជា​ជន​ជាតិចិន យក​តោ ទៅ​ចិញ្ចឹម នៅក្នុង​គេហដ្ឋាន​របស់ខ្លួន នៅ​តំបន់​បឹង​កេងកង ក្នុង​រាជធានី​ភ្នំពេញ​វិញ​។

២-​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ចំនួន ៥ លាន​ដូ​ស បន្ថែមទៀត បាន​ដឹក​ពី​ចិន មកដល់​កម្ពុជាៈ
​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​ហ្វា​ម ចំនួន ១​លាន​ដូ​ស​បន្ថែមទៀត ត្រូវបាន​ដឹក​ពី​ប្រទេស ចិន មកដល់​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា​។ ចំណែក​កាលពី​ថ្ងៃទី​១០ ខែកក្កដា វ៉ាក់សាំង ៤​លាន​ដូ​ស​ទៀត ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ៣​លាន​ដូ​ស និង​ស៊ី​ណូ​ហ្វា​ម ១​លាន​ដូ​ស ក៏ត្រូវ​បាន​ដឹក​តាម​យន្តហោះ ពិសេស មកដល់​កម្ពុជា​ផងដែរ​។ នៅ​ខែសីហា ខាងមុខ កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង ៤​លាន​ដូ​ស​ទៀត ហើយ​សរុប​ទាំង​មុន ទាំងក្រោយ បានធ្វើអោយ​ចំនួន​វ៉ាក់សាំង គ្រប់ ២០ លាន​ដូ​ស សម្រាប់​ផែនការ​របស់ រាជរដ្ឋាភិបាល ក្នុងការ​ចាក់​ជូន​ប្រជាពលរដ្ឋ ១០ លាន​នាក់​។

៣-​កម្ពុជា សាទរ​ខួប​ទី ១៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកៈ
​កម្ពុជា បាន​សម្តែង​នូវ​ការ​អប​សាទរ ចំពោះ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក គម្រប់​ខួប ១៣​ឆ្នាំ នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨-​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១​។ ថ្នាក់ដឹកនាំ​កំពូលៗ និង​ពលរដ្ឋ បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ដើម្បី​រម្លឹក​ខួប​នេះ ព្រោះ​ដោយសារតែ​កូ​វីដ នៅ​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំមុន គឺ​មិនមាន​ការរៀបចំ​កម្មវិធី​ជួបជុំ​ណាមួយ​ទេ​។

៤-ក្រសួង​វប្បធម៌​៖ ថៃ​បញ្ជាក់ថា គម្រោង​សាងសង់​ប្រាសាទ​ថ្ម នៅ​ខេត្ត​បុរីរម្យ ប្រទេស​ថៃ​
​មិន​ចម្លង​ប្លង់ ពី​ប្រាសាទអង្គរវត្ត​ទេៈ
​ដើម្បីឱ្យ​សាធារណជន អស់​មន្ទិលសង្ស័យ កាលពី​ថ្ងៃទី​៧ កក្កដា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាសថា គម្រោង​សាងសង់​ប្រាសាទ​ថ្ម នៅ​ខេត្ត​បុរីរម្យ នៃ​ប្រទេស​ថៃ ត្រូវបាន​ថៃ អះអាងថា មិនបាន​ចម្លង​ប្លង់​ពី ប្រាសាទអង្គរវត្ត របស់​កម្ពុជា យើង​នោះទេ​។ ការប្រកាស​ដូច្នេះ ធ្វើឡើង បន្ទាប់ពី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​ស្រាវជ្រាវ និង​ចុះ​ទៅដល់​វត្ត​មួយ ក្នុង​ទឹកដី​ថៃ ដែល​កំពុង​សាងសង់ ប្រាសាទ​ថ្ម សម្រាប់​គោរពបូជា ក្នុង​ព្រះពុទ្ធសាសនា​។​

៥-​កម្ពុជា អបអរសាទរ​ខួប ៤​ឆ្នាំ នៃ​ការដាក់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោកៈ
កាលពី​ថ្ងៃទី​៨ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​កម្ពុជា បាន​សំដែង​នូវ ការអបអរសាទរ​ខួប ៤​ឆ្នាំ ដែល​ប្រាសាទសំបូរព្រៃគុក បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧​។ សម្តេច​តេ​ជោ បានលើកឡើង នូវ​សារសំខាន់ៗ​ជាច្រើន ភ្ជាប់​ជាមួយ​រួប​ភាព​នៃ​បណ្តុំ​ប្រាសាទសំបូរព្រៃគុក ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​អះអាងថា ការដាក់​សម្បត្តិ​វប្បធម៌ និង​ប្រាសាទបុរាណ​ទាំងនេះ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក មិន​ត្រឹមតែ​ទទួល បានការ​គាំពារ​ជា​អន្តរជាតិ​នោះទេ តែ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌ និង​ប្រាសាទបុរាណ​របស់​ខ្មែរ ទៅកាន់​ឆាក​អន្តរជាតិ​ផងដែរ​។​

 

៥-អង្គការ​សហព័ន្ធ​សន្តិភាព​សកល ស្នើ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​បេក្ខភាព «​ម្ចាស់​ពានរង្វាន់ សន្តិភាព ស៊ុន ហាក់​»​:
​អង្គការ​សហព័ន្ធ​សន្តិភាព​សកល ហៅ​កាត់​ថា UPF ដែលមាន​មូលដ្ឋាន នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​៨ ខែកក្កដា បានស្នើ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​បេក្ខភាព​ម្ចាស់​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​។ ថ្នាក់ដឹកនាំ​អង្គការ UPF ពន្យល់ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​ឥស្សរជន​ឆ្នើម​មួយរូប ដែល​បាន​ប្រឹង ប្រែង ក្នុងការ​ស្វែងរក សន្តិភាព​នៅ​កម្ពុជា និង​រួមចំណែក​ក្នុង​កសាង​សន្តិភាព​នៅក្នុង​តំបន់ ដែល​សាក​សម បំផុត ឈរឈ្មោះ​បេក្ខភាព​ម្ចាស់​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ នៅពេល​ខាងមុខ​។ សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩ អង្គការ​សហព័ន្ធ​សន្តិភាព​សាកល​នេះ ក៍​ធ្លាប់​បានផ្តល់​ពានរង្វាន់ «​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ​» ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​។​

៦-៦​ខែ​ឆ្នាំនេះ សមត្ថកិច្ច​បង្ក្រាបបាន​គ្រឿងញៀន​ជាង ៨០០​គីឡូក្រាម ចាប់ខ្លួន​ជនសង្ស័យ​ជាង ៧.០០០ នាក់ៈ
​ក្នុង​រយៈពេល ៦​ខែ ដើមឆ្នាំ​២០២១ នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ប្រមាណ​ជាង ៨០០ គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង ៧.០០០ នាក់​។ របាយការណ៍ ក៏បាន​កត់សំគាល់ថា កូ​វីដ​១៩ បានធ្វើ​ឲ្យ​តម្លៃ​គ្រឿងញៀន ធ្លាក់ចុះ ដែល​ហុច​ឱកាស ដល់ទី​ផ្សារ អ្នកប្រើប្រាស់​។​

៧-​ជាង​មួយខែ​មកនេះ បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក នៅ​រាជធានី​ភ្នំពេញ ស្ម័គ្រចិត្ត​រុះរើ និង​ចល័ត​ចេញ បាន​ប្រមាណ ៩៥ ភាគរយ​គិត​ចាប់​ថ្ងៃ​ជូនដំណឹង អោយ​រុះរើ និង​ចល័ត​ចេញ កាលពី​ថ្ងៃទី​២ មិថុនា មកទល់​ដើមខែ​កក្កដា​នេះ មាន​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក នៅ​រាជធានី​ភ្នំពេញ ប្រមាណ ៩៥​ភាគរយ បាន​ស្ម័គ្រចិត្ត​រុះរើ និង​ចល័ត​ចេញ​។ លទ្ធផល​នេះ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ចាត់ទុកថា ជាការ​អនុវត្ត​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​ផ្ទៃ​ទន្លេ បាន​យ៉ាង​ជោគជ័យ និង​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។​

៨-​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ ក្នុង​ថ្ងៃបុណ្យ «​រុក្ខទិវា ៩​កក្កដា​»​ៈ​
​ពិធីបុណ្យ «​រុក្ខទិវា ៩​កក្កដា​» តែងតែ​ប្រារព្ធ​ធ្វើ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ជា​រៀងរាល់ឆ្នាំ ក្រោម​ព្រះរាជ វត្តមាន​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា ព្រះមហាក្សត្រ​។ ប៉ុន្តែ​ដោយសារ​ហានិភ័យ​បណ្តាលមកពី​ជំងឺឆ្លង​កូ​វីដ​១៩ រាជរដ្ឋាភិបាល បានសម្រេច​ផ្អាក​ការរៀបចំ រុក្ខទិវា​នេះ ចាប់ពី​ឆ្នាំ​២០២០ មក​។ យ៉ាងណាក៏ដោយ សម្រាប់ រុក្ខទិវា ថ្ងៃ​៩​កក្កដា ក្នុងឆ្នាំនេះ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និង​បុគ្គល​សំខាន់ៗ​ជាច្រើន បាន​បង្ហោះ​ព្រះ រាជសារ និង​សារ​អបអរ​លើ​បណ្តាញ​សង្គម​ផងដែរ​។​

៩-​សេចក្តីព្រាងច្បាប់ ស្តីពី វិនិយោគ ត្រូវបាន​គណៈរដ្ឋមន្ត្រី អនុ​ម័​តៈ
​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី តាម​ប្រព័ន្ធ​វិ​ដេ​អូ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​៩ ខែកក្កដា បានសម្រេច​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី វិនិយោគ​។ កិច្ចប្រជុំ ក៏បាន​ឯកភាព ធ្វើ​វិសោធនកម្ម មាត្រា​ខ្លះ​នៃ​ច្បាប់ ស្តីពី ការងារ និង​វិសោធនកម្ម​កិច្ច ព្រមព្រៀង​អាស៊ាន បូក​បី ស្តីពី ការត្រៀម​បម្រុង អង្ករ​សង្គ្រោះបន្ទាន់​។​

១០-អ្នកជំងឺ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ជិត ១.០០០ នាក់ បាន​ដាក់អោយ​ព្យាបាលៈ
​កាលពី​ថ្ងៃទី​៨ ខែកក្កដា រាជធានី​ភ្នំពេញ បាន​បិទ​បញ្ចប់​យុទ្ធនាការ ចាក់​វ៉ាក់សាំង​កូ​វីដ ដោយ​ចាក់​បាន ប្រជាពលរដ្ឋ​ជាង ២​លាន​នាក់​។ ក្នុងនោះ គិត​ត្រឹម​ថ្ងៃទី​៩ កក្កដា មាន​អ្នកជំងឺ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ជិត ១០០០​នាក់ បានដាក់​អោយ​សំរាក​ព្យាបាល​តាម​ផ្ទះ​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ​ចំនួន​ជាង ២០០​នាក់​ផងដែរ​។

១១-៦​ខែ មាន​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ជាង ១២០០​លើក ស្លាប់​ជាង ៧០០​នាក់ តែ​បន្ត​ថយចុះ​ជាង​ឆ្នាំមុនៈ
​នៅក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២១​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស កើតឡើង​ប្រមាណ​ជាង ១​ពាន់​២​រយ​លើក​។ បើតាម​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ជាង ១​ពាន់​២​រយ​លើក​នេះ បាន​ផ្ដាច់​យក​ជីវិត​មនុស្ស​ជាង ៧០០​នាក់​។ យ៉ាងណាក៏ដោយ អត្រា​គ្រោះថ្នាក់ ស្លាប់ និង​របួស បាន​បន្ត​ធ្លាក់​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២០​។​

១២-​រាជធានី​ភ្នំពេញ បន្ត​ផ្អាក​សកម្មភាព​ការងារ មុខរបរ និង​ការប្រមូលផ្តុំ​មនុស្ស ដែលមាន​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​កូ​វីដ រយៈពេល ២​សប្តាហ៍ៈ​
រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​បន្ត​ផ្អាក ជា​បណ្ដោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល ២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែកក្កដា​។​

១២-​កូ​វីដ​១៩ ក្នុង​សប្តាហ៍​នេះ
​នៅក្នុង​សប្តាហ៍​នេះ គិត​ចាប់ពី​ថ្ងៃទី​៣ ខែកក្កដា មកដល់​ថ្ងៃទី​១០ ខែកក្កដា នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៦.៦៨០ នាក់ ជាសះស្បើយ ៥.៥៣៧ នាក់ និង​ស្លាប់ ១៨៥​នាក់​។ បើ​គិត​ត្រឹម​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស មាន​ករណី​ឆ្លង​កូ​វីដ​សរុប ចំនួន ៥៩.៩៧៨ នាក់ ជាសះស្បើយ​សរុប ចំនួន ៥១.៦៦០ នាក់ និង​ករណី​ស្លាប់​សរុប ចំនួន ៨៨១ នាក់​៕/V​