ដោយៈបូកគោ/ កំពតៈ មេបញ្ជាការរងកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានខេត្តកំពតដែលឆ្លងកូវីដ១៩ហើយមិនមាន វត្តមាននៅមណ្ឌលព្យាបាលបង្កក្តីងឿងឆ្ងល់ជាទូទៅនោះបានអះអាងថាលោកមានការអនុញ្ញាតឱ្យព្យាបាលនៅផ្ទះក្រោមការណែនាំនិងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។និយាយរួមលោកមិនបានគេចវេសពីការព្យាបាលដូចការលើកឡើងមួយ ចំនួនផ្តោតក្តីសង្ស័យនោះទេ។
សូមរំលឹកថា កាលពីថ្ងៃទី៩ ខែកក្កដាកន្លងទៅ លោក អូន ដឺ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតបានជិះរថយន្ត ឡិចស៊ីស៥៧០ចូលក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពតដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩។
ប្រភពពីក្រុមគ្រូពេទ្យបាននិយាយថាបន្ទាប់ពីពិនិត្យឃើញវិជ្ជមានលោកមេបញ្ជាការរងបានសំណូមពរឱ្យធ្វើតេស្តម្តងទៀត។ ការធ្វើតេស្តលើកទីពីរគឺលទ្ធផលវិជ្ជមានដដែល។ ក្រោយមកស្រាប់តែលោកអូនដឺបានជិះរថយន្តចេញពីមន្ទីរពេទ្យដោយ មិនដឹងទៅទីណាទើបក្រុមការងាររាយការណ៍ជូនប្រធានមន្ទីរពេទ្យបង្អែកដើម្បីជ្រាបជាដំណឹង។ការចាកចេញដោយមិនរង់ចាំគ្រូពេទ្យនាំទៅព្យាបាលនៅមណ្ឌលព្រះរាជសម្ភារបែបនោះបានបង្កក្តីព្រួយបារម្ភសម្រាប់សាធារណជនទូទៅអំពីការឆ្លងនូវមេរោគកូវីដ១៩នេះ។
លោកអូនដឺដែលត្រូវបានមតិមួយចំនួនដាក់ការបន្ទោសគេចវេសពីការព្យាបាលបានបំភ្លឺថាតាមរយៈការស្នើសុំប្រធានមន្ទីរពេទ្យបង្អែក លោកពិតជាបានទៅឱ្យក្រុមគ្រូពេទ្យធ្វើតេស្តរកមេរោគកូវីដ១៩មែនហើយការទៅនោះគឺស្ម័គ្រចិត្តដោយ ខ្លួនឯង។ លទ្ធផលលើកទីមួយ លោកមិនជឿថាខ្លួនឯងកើតកូវីដទេទើបសុំឱ្យធ្វើលើកទីពីរទៀត។
លោកមេបញ្ជាការរងបានបញ្ជាក់ថាបន្ទាប់ពីលើកទីពីរនៅតែវិជ្ជមានលោកក៏ទូរសព្ទទំនាក់ទំនងជាមួយប្រធានមន្ទីរពេទ្យបង្អែកខេត្តសួរនាំតើត្រូវសម្រាកព្យាបាលនៅផ្ទះឬនៅមន្ទីរពេទ្យ។ពេលនោះប្រធានមន្ទីរពេទ្យបានឆ្លើយតបថាមានតែលោកអភិបាលខេត្តនិងប្រធានមន្ទីរសុខាភិបាលទេដែលអាចសម្រេចរឿងនេះ។លោកក៏ស្នើសុំទៅលោកអភិបាលខេត្តទើបមានការយល់ព្រមឱ្យសម្រាកព្យាបាលនៅផ្ទះ។
លោក អូន ដឺ បានបន្តថាដោយមានការអនុញ្ញាតបែបនោះប្រធានមន្ទីរសុខាភិបាលក៏បញ្ជូនក្រុមគ្រូពេទ្យផ្នែកកូវីដមក ពិនិត្យឃើញថាជាជំងឺប្រភេទស្រាល។ ដូចច្នេះ សូមសាធារណជនទូទៅកុំមានការយល់ច្រឡំលើរូបលោក ពោលគឺលោកមិនបានគេចវេសពីការព្យាបាលជំងឺកូវីដទេ៕សរន