ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យ :អនុក្រឹត្យរបស់រាជរដ្ឋាភិបាលនិងលិខិតសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោកស្រីប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងមហាផ្ទៃព្រោះដល់អាណត្តិការងារ៨ឆ្នាំ ហើយត្រូវបានតែងតាំងលោកលី សុវណ្ណារឹទ្ធិ ពីអភិបាលស្រុកអូរជ្រៅឡើងមកជំនួស ។

នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនិងលិខិតសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៥ខែកក្កដាស្តីពីការចូលកាន់តំណេងនិងបំពេញការងាររបស់លោកលី សុវណ្ណារឹទ្ធិ ក្នុងតួនាទីជាអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ (ចូលធ្វើការមិនបាច់មានពិធីប្រកាសនិងជប់លៀង) ។

លិខិតបញ្ជាក់បន្តថា យោងការណែនាំរបស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងដើម្បីអនុវត្តវិធានការសុខាភិបាលក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងស្នើលោកអភិបាលខេត្តចាត់ចែងរៀបចំអោយលោកលី សុវណ្ណារឹទ្ធិ បានចូលបំពេញការងារ ព្រមទាំងបែងចែកនិងប្រគល់ភារកិច្ចជូនសាមុីខ្លួនស្របតាមគោលការណ៍និងនិតិវិធីកំណត់ ។

សូមរំលឹកថា លោកស្រីប៉ុក ណាឌី ជាអតីតអភិបាលរងស្រុកមង្គលបូរី ហើយត្រូវបានតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យក្នុងប្រអប់យេនឌ័រ ឬអាចថា ជាអភិបាលរងខេត្តជាស្ត្រីទី១ក្នុងខេត្តនេះ ។
បន្ទាប់មក មានលោកស្រីចាន់ ថេង អតីតអភិបាលក្រុងសិរីសោភ័ណជាអភិបាលរងខេត្តដែរ តែក្រោយមកលោកស្រីបានសុំផ្លាស់ទៅក្រសួងមហាផ្ទៃ ។

បន្ទាប់មក ខេត្តនេះក៏មានអភិបាលរងជាស្ត្រីម្នាក់ទៀតគឺលោកស្រីរស់ សុផានី អតីតសាកលវិទ្យាធិការរងសាកលវិទ្យាល័យមានជ័យ ។
ចំពោះ លោកលី សុវណ្ណារឹទ្ធុ វិញជាអតីតអភិបាលស្រុកព្រះនេត្រព្រះនិងស្រុកអូរជ្រៅ ។

គួរបញ្ជាក់ដែរថា នៅពេលនេះដែរ ប្រកាសក្រសួងមហាផ្ទៃ ក៏បានតែងតាំងលោកស្រីអៀង កាណ្ណារ៉ា ពីអភិបាលរងក្រុងប៉ោយប៉ែត៣អាណត្តិមកជអភិបាលរងស្រុកមង្គលបូរីនិងលោកហេង ចន្ថា ពីនាយករងទីចាត់ការរដ្ឋបាលសាលាខេត្តទៅជាអភិបាលរងស្រុកស្វាយចេក ។

សូមរំលឹកដែរថា កន្លងមកនេះ មានការផ្ទេរភារកិច្ចនិងតែងតាំង អភិបាលរងក្រុងប៉ោយប៉ែត២រូប អភិបាលរងស្រុកស្វាយចេកមួយរូប អភិបាលរងក្រុងសិរីសោភ័ណមួយរូប ហើយមានពិធីផង ។

ក្នុងនោះរដ្ឋបាលខេត្តក៏មានការប្រគល់ភារកិច្ចជូនលោកស្វាយ ជា ជាអភិបាលស្តីីទីស្រុកម៉ាឡៃ ជំនួសលោកឌៀប ឈួន អភិបាលស្រុកដែលចូលនិវត្តន៍ និងក៏មានការផ្គូរផ្គងនិងស្នើតែងតាំង លោកជូ វីរៈបុត្រ ពីអភិបាលរងឡើងជាអភិបាលស្រុកភ្នំស្រុក ជំនួសលោកយឹម សំណាង ដែលត្រូវទៅកាន់ជាអភិបាលស្រុកអូរជ្រៅផងដែរ ៕