​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា នឹងដាក់​ទីក្រុង​តូ​ក្យូ​នៅក្រោម​អ្វីដែល​នឹង​ក្លាយជា​ស្ថានភាព​អាសន្ន​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩ ទី​៤​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​​ចន្ទ​ទី​១២​កក្កដា​ដល់​ថ្ងៃទី ២២ ខែ​សីហា ជា​រយៈពេល​មួយ​ដែល​នឹង​គ្របដណ្តប់​លើ​រយៈពេល​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការកើតមាន​ឡើងវិញ​នៃ​ការឆ្លង​មេរោគ​កូរ៉ូណា​។​

​ជាមួយ​វិធានការ​នេះ រដ្ឋាភិបាល​មាន​គោលបំណង​ទប់ស្កាត់​បំលាស់​ទី​របស់​ប្រជាជន​ក្នុងអំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ​និង​វិស្សមកាល​រដូវក្តៅ រួម​ទាំង​ថ្ងៃ​ឈប់សម្រាក “​បូ​ន​”​របស់​ជប៉ុន​នៅ​ពាក់​​កណ្តាល​ខែសីហា​។​

​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ ដែល​នឹង​បើក​នៅ​ថ្ងៃទី ២៣ ខែ​កក្កដា​និង​បញ្ចប់​នៅ​ថ្ងៃទី ៨ ខែ​សីហា នឹង​ត្រូវ​ធ្វើឡើង​ទីលាន​បិទទ្វារ​ស្ទើរ​ទាំងអស់​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​១១​កក្កដា អាជ្ញាធរ​ក្រុង​តូ​ក្យូ​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន ៦១៤ នាក់ ដែល​ជា​ចំនួន​កើនឡើង​ខ្ពស់ ២២ ថ្ងៃ​ជាប់ៗ​គ្នា​។​

​ការឆ្លង​កូ​វីដជា​មធ្យម​ក្នុងរយៈពេល ៧ ថ្ងៃ​នៅ​តូ​ក្យូ​មានចំនួន ៧៣៣​ករណី ដែល​កើនឡើង ២៦,១ ភាគរយ​ពី​សប្តាហ៍​មុន​។​

​ក្រៅ​ពី​ទីក្រុង​តូ​ក្យូ ស្ថានភាព​អាសន្ន​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩ នៅ​ខេត្ត​អូ​គី​ណា​វ៉ា​ក៏ដូចជា​នៅ​ក្រុង​ឈី​បា ក្រុង​សៃតា​ម៉ា ក្រុង​កា​ណាហ្គា​វ៉ា និង​ក្រុង​អូ​សា​កា​ដែល​គ្រោង​ផុត​សុពលភាព​នៅ​ពាក់កណ្តាល​​អធ្រាត្រ​ថ្ងៃ​អាទិត្យ នឹងត្រូវ​ពន្យារពេល​រហូត​ដល់​ថ្ងៃទី ២២ ខែសីហា​ផងដែរ​។

​ស្ថានភាព​អាសន្ន​នៅក្នុង​ខេត្ត​ចំនួន ៥ ផ្សេងទៀត​គឺ​ហុក​កៃដូ អៃ​ឈី ក្យូ​តូ យ៉ូ​ហ្គោ និង ហ្វូ​គូកា បាន​អស់​សុពលភាព​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​អាទិត្យ​តាម​ការគ្រោងទុក​៕

​តូ​ក្យូ​នឹង​ស្ថិត​ក្រោម​ស្ថានភាព​អាសន្ន​ពីថ្ងៃ​ចន្ទ​ទី​១២​កក្កដា​រហូត​ថ្ងៃទី​២២​សីហា​