​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ផ្សារ​លក់ដូរ​ធំៗ​ដែល​ហៅ​ថាម៉ល នៅក្នុង​ទីក្រុង​បាងកក​និង​ក្នុង​ខេត្ត​ខ្លះ​នៅក្នុង​តំបន់​ខ្មៅ ត្រូវ​បិទ​២​សប្តាហ៍​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​១២​កក្កដា​នេះ​ទៅ ដើម្បី​អនុវត្ត​តាម​វិធានការ​​បិទ​ខ្ទប់​ចុងក្រោយ​នេះ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ខេត្ត​ចំនួន​១០​រួម​មាន​ក្រុង​បាងកក​។​

​ផ្សារ​ទំនើប​ធំៗ​ចំនួន​១៦​របស់​ក្រុមហ៊ុន​Central Department Store​បាន​ផ្អាក​ដំណើរការ​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​១២​ដល់​ថ្ងៃ​២៥​កក្កដា​។ វា​រួម​មាន​ផ្សារ​Chidlom, CentralWorld, Silom Complex, Chaeng Watttha, Lat Phrao, Bang Na, Pinklao, Mega Bang Na, Rama III, Rama II, EastVille, Future Park Rangsit, Westgate, Salaya, Ram-Intra និង Festival Hat Yai​។​

​ទោះជា​យ៉ាងណា ហាង​លក់ដូរ​ខ្លះ​នៅ​ទីតាំង​ទាំង​នេះ​នៅ​បន្ត​លក់ដូរ​ដដែល​តែ​កំហិត​ពី​ម៉ោង​៨​ព្រឹក​ដក់​៨​យប់​។​វា​រួម​មាន​អាជីវកម្ម​សេវា​ខ្លះ​នៅ​ទីតាំង​ទាំង​នេះ ដូចជា​ភោជនីយដ្ឋាន​សំរាប់​វេច​ខ្ចប់​យក​​ទៅ​បរិភោគ​នៅ​ខាងក្រៅ ធនាគារ ឳ​សថ​ស្ថាន​និង​ហាង​ទូរស័ព្ទ​ចល័ត​អាច​នៅ​បើក​ដំណើរការ​ពី​ម៉ោង​៨​ព្រឹក​ដក់​៨​យប់​។​

​ក្នុងពេល​ជាមួយគ្នា ផ្សារ​ធំ​របស់​ក្រុមហ៊ុន Mall Group រួមា​ន​The Mall, the Emporium, the Emquartier​និង Paragon Department Store​ក៏​បិទ​១៤​ថ្ងៃ​ដែរ លើកលែងតែ​​ហាង​ក្នុង​ទីតាំង​នេះ​ដែល​បើក​លក់​អាហារ​យក​ទៅ​បរិភោគ​ខាងក្រៅ ផ្សារ​ទំនើប​(supermarket) ឳ​សថ​ស្ថាន ធនាគារ ហាង​ទូរស័ព្ទ​ចល័ត​និង​កន្លែង​ចាក់​វ៉ាក់សាំង​។​

​ផ្សារ​IKEA Bangna និង IKEA Bang Yai​ក៏​បាន​ប្រកាស​បិទ​ផងដែរ​។​

​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ដាក់​ចេញ​វិធានការ​តឹងរឹង​ឡើង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងកូវី​ដ​១៩​កាន់តែ​ច្រើន​ឡើង​នៅ​ខេត្ត​ចំនួន​១០​រយៈពេល​១៤​ថ្ងៃ រួម​មាន​មហា​តំបន់​ក្រុង​បាងកក​។ ព្រះរាជាណាចក្រ​ថៃ​នៅ​​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រកាស​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​បន្ថែមចំនួន​៨០​នាក់ និង​៨.៦៥៦​នាក់​ទៀត​បាន​ឆ្លង​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​បូករួម​តួលេខ​ថ្មី​នេះ ថៃ​មាន​អ្នក​កើតកូ​វីដ​១៩​សរុប​៣៤៥.០២៧​នាក់​និង​២.៧៩១​នាក់​បាន​ស្លាប់ ចាប់តាំងពី​កូវី​ដ​១៩​បង្ហាញខ្លួន​ចាប់តាំងពី​ដើម​ឆ្នាំ​មុន​មក​៕

​មនុស្ស​ដើរ​ក្នុង​ផ្សារ​Siam Square​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ​ទី​១១​កក្កដា​