ដោយ:អង្គរតូច/សៀមរាបៈ ដំណើរការជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងលិច របស់អាជ្ញាធរជាតិអប្សរា សម្រេចបាន៤០ភាគរយហើយ។
លោកសារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័ន ទី៣ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ តែដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង ទើបនៅដើមឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា សម្រេចធ្វើការជួសជុល ដើម្បីលើកតម្លៃ សំណង់បុរាណមួយនេះឡើងវិញ។ ក្នុងដំណើរការជួសជុល ត្រូវបន្ថែមឥដ្ឋថ្មី ពី២០ ទៅ៣០ភាគរយ ជំនួសឥដ្ឋចាស់ដែលខូចខាត។ ដូច្នេះ ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសិក្សាស្វែងយល់អំពីលក្ខណៈរបស់ឥដ្ឋ ដែលត្រូវយកមកជំនួសឥដ្ឋចាស់ ធ្វើយ៉ាងណាឱ្យគុណភាពឥដ្ឋថ្មី មានលក្ខណៈស្រដៀងនិងឥដ្ឋចាស់។
មន្ត្រីរូបនេះបន្តថា នៅក្នុងគម្រោងជួសជួលប្រាសាទត្រពាំងផុងផ្នែកខាងលិច ត្រូវចំណាយពេលវេលាចំនួន១ឆ្នាំ ទើបរួចរាល់។ មកដល់ពេលនេះ ដំណើរការជួសជុលសម្រេចបានប្រមាណ៤០ភាគរយហើយ។ ដោយការងារនេះ ជួបប្រទះបញ្ហាប្រឈមខ្លះៗ ដូចជាផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈចេញចូល ខែវស្សាត្រូវធ្វើដំណើរដោយទូកជាដើម។
លោកបានបញ្ជាក់ថា ប្រាសាទត្រពាំងផុងនេះ ធ្លាប់មានការជួសជុល និងធ្វើកំណាយស្រាវជ្រាវម្តងរួចមកហើយ កាលពីអំឡុង១៩៣៦ ដោយសាលាបារាំងចុងបូព៌ា។ ដោយបានធ្វើការជួសជុលរៀបចំខឿន នៅបរិវេណជុំវិញតួកណ្តាលនៃប្រាសាទ និងបានរកឃើញរូបចម្លាក់មួយចំនួន យកទៅរក្សាទុកនៅអភិក្សដ្ឋានអង្គរ។ ប្រាសាទត្រពាំងផុង មានទំហំខឿន៧ម៉ែត្របួនជ្រុង និងកម្ពស់១៦ម៉ែត្រ ជាប្រាសាទទោល ធ្វើអំពីឥដ្ឋ៕