​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការសហការ​ជាមួយនឹង​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា​នេះ បានរៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ពី​នីតិវិធី​មួយចំនួន​ជុំវិញ​ការដាក់​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ព្យាបាល​នៅតាម​ផ្ទះ​របស់ខ្លួន​បាន​យល់ និង​អនុវត្ត​ទៅតាម​អ្វីដែល​ជាការ​ណែនាំ​របស់​អាជ្ញាធរ​ក៏ដូចជា​ក្រសួងសុខាភិបាល​។​

​សន្និសីទ​សារព័ត៌មាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​ឲ្យ​លោក​ឃួ​ង​ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ង៉ូ​វ កាង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ​ជាច្រើនរូប​ផងដែរ​។​

​លោក​ង៉ូ​វ កាង បាន​មានប្រសាសន៍ថា​សម្រាប់​រា​ជ​ធានី​ភ្នំពេញ យើង​បាន​អនុវត្ត​នូវ​ការព្យាបាល​នៅតាម​ផ្ទះ រយៈ​ពីរ​ខែ​ហើយ ហើយ​ក្នុង​ពេលនេះ​យើង​ក៏បាន​ឃើញ​ពី​គុណសម្បត្តិ ជុំវិញ​ការព្យាបាល​ជំងឺ​នៅតាម​ផ្ទះ​នេះដែរ​។ លោក​បាន​បន្តទៀតថា ការព្យាបាល​តាម​ផ្ទះ​ត្រូវបាន​ក្រសួង​ប្រកាស​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ហើយ​យើង​បាន​ប្រជុំពិភាក្សា​បញ្ហា​នេះ​ជាច្រើនលើក​ច្រើនសា​រហើយ​ដែរ រហូត​បានដាក់​ចេញ​នូវ​វិធាន​ប្រការ​មួយចំនួន​សម្រេច​ឲ្យ​មានការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ ដោយ​មិនមាន​ហានិភ័យ​។

​លោក​បន្តទៀតថា បច្ចុប្បន្ននេះ​ក្រសួងសុខាភិបាល បាន​បែងចែក​មណ្ឌល​ព្យាបាល នៅ​កម្ពុជា​ជា​បី​ប្រភេទ​ទីមួយ គឺ​មណ្ឌល​ការព្យាបាល​អ្នកជំងឺ​ក្នុង​កម្រិត​ស្រាល ដែល​អាច​ព្យាបាល​នៅតាម​ផ្ទះ​បាន ។ ទី​ពីរ​កន្លែង​មណ្ឌល​កម្រិត​ស្រាល​រៀបចំ​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ឬក៏​អាជ្ញាធរខេត្ត ដោយមាន​ការគាំទ្រ​ពី​ក្រសួងសុខាភិបាល​។ ទី​៣ មន្ទីរពេទ្យ​ដែល​ទទួល​ការព្យាបាល​អ្នក​ជម្ងឺ មាន​កម្រិតធ្ងន់​រហូត​ដល់​ការប្រើប្រាស់ អុកស៊ីសែន​។​

​លោក​បន្ត​ផងដែរ​ថា ចំពោះ​ការព្យាបាល​នៅតាម​ផ្ទះ​នេះ​ត្រូវតែមាន​លក្ខខណ្ឌ​មួយចំនួន ដូចជា​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យមើល​ទៅលើ​លំនៅដ្ឋាន​នោះ ថា​តើ​មាន​បន្ទប់​ដាច់ដោយឡែក​ទេ មាន​បន្ទប់ទឹក​ដាច់ដោយឡែក​ទេ មាន​សមាជិក​ប៉ុន្មាន​នាក់ ដែល​អាច​នឹង​អនុញ្ញាតឱ្យ​ព្យាបាល​នៅតាម​ផ្ទះ​បាន ។ បើ​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ គឺ​មិន​អនុញ្ញាត​ឲ្យ​មានការ​ព្យាបាល​នៅតាម​ផ្ទះ​ឡើយ ។

​លោក​ក៏បាន​បញ្ជាក់ដែរថា ការព្យាបាល​តាម​ផ្ទះ មិន​ផ្ដោត​សំខាន់​ទៅលើ​ការប្រើប្រាស់​ថ្នាំពេទ្យ​នោះទេ ។ លោក​ជំរុញ​ឲ្យ​អ្នកជំងឺ​ដែល​ព្យាបាល​តាម​ផ្ទះ ស្ថិតក្នុង​ស្ថានភាព​ស្រាល ឬ មិនមាន​រោគសញ្ញា​ទាំងនេះ ត្រូវ​ហូបចុក​ឱ្យបាន​ច្រើន ការផ្ដល់​កម្លាំងចិត្ត ការអប់រំ​ផ្លូវចិត្ត ការតាំង​ចិត្ត និង​គេង​ឲ្យ​បាន​ទៀងពេល និង​គ្រប់គ្រាន់ ជាមួយនឹង​ការហាត់​ប្រាណ​។ ចំណែកឯ​ការប្រើប្រាស់​ថ្នាំ គឺ​ប្រើ​ទៅតាម​ទ្រង់ទ្រាយ​នៃ​ជំងឺ​ប៉ុណ្ណោះ ដូចជា​មាន​ជំងឺ​ផ្តាសាយ​យើង​ត្រូវ​ប្រើប្រាស់​ថ្នាំ​ផ្តាស​សាយ​ប៉ុណ្ណោះ ។​

​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើង​ផងដែរ​ថា ការព្យាបាល​នៅតាម​ផ្ទះ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានរៀបចំ​រួចរាល់​ហើយ ហើយ​យើង​ក៏បាន​អនុវត្តបាន​មួយ​ជំហាន​ហើយ​ដែរ ដោយ​គិត​មកដល់ពេលនេះ មាន​អ្នកទទួល​ការព្យាបាល តាម​ផ្ទះ​មាន​ចំនួន​១.០៣៣​នាក់​ហើយ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​២៦៨​នាក់​ហើយ​ដែរ​។​

​លោក​កើត ឆែ​បាន​បញ្ជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ព្យាបាល​នៅតាម​ផ្ទះ សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ ទាន់​ហេតុការណ៍​គឺ​លេខ ១២២២ នោះអាជ្ញាធរ​ក៏ដូចជា​ក្រុមគ្រូពេទ្យ​អាច​ទៅ​ជួយ​បងប្អូន​បាន​ភ្លាមៗ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​កើត ឆែ ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក៏ដូចជា​ក្រសួងសុខាភិបាល​ដើម្បី​រួមគ្នា​កាត់ផ្ដាច់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ជាពិសេស គឺ​ការ​កុំ​ជួបជុំ​ផឹកស៊ី កុំ​លួច​បើក​ខារ៉ាអូខេ ក្លឹប​កំសាន្ត​ជាដើម ។ អ្នក​ដែល​បង្កើតឱ្យមាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ប្រឈម​នឹង​ការផាកពិន័យ​ជាមួយនឹង​ការបញ្ជូន​ទៅ​តុលាការ មានទោស​ទណ្ឌ​ថែម​ទៀតផង​៕​