ដោយៈ ប​.​ខុន / ភ្នំពេញៈ កូន​បង្កង​ធម្មជាតិ ចំនួន​ប្រមាណ​ជា ៣៥ ម៉ឺន​កូន ដែល​ភ្ញាស់ និង​បង្កាត់​បាន ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម ទឹកសាប (​បាទី​) បានផ្តល់​ឱ្យទៅ​ប្រជាពលរដ្ឋ ចិញ្ចឹម​តាម​គ្រួសារ សហគមន៍ និង​លែង​ចូល​បឹង​ធម្មជាតិ នានា តាមរយៈ​ថ្នាក់ដឹកនាំ​។​

​លោក ម៉េង សុខ​ថៃ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប (​បាទី​) បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​ថាៈ កូន​បង្កង ទឹកសាប ប្រមាណ ៣៥ ម៉ឺន​កូន ដែល​មជ្ឈមណ្ឌល ភ្ញាស់​បាន បានធ្វើ​ការចែក ជូន​ប្រជាពលរដ្ឋ យកទៅ​ចិញ្ចឹម​តាម​គ្រួសារ សហគមន៍ និង​លែង ចូល​បឹង​ធម្មជាតិ តាម រយៈ​ថ្នាក់ដឹកនាំ​នានា​។​

​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប (​បាទី​) ខាងលើ បាន​និយាយ​ឱ្យដឹង ទៀតថាៈ ឆ្នាំនេះ មជ្ឈមណ្ឌល បានធ្វើការ​បង្កាត់ ភ្ញាស់​បង្កង​ទឹកសាប ចំនួន ៣ លើក​មកហើយ និង​កំពុង​បង្កាត់ ភ្ញាស់​បង្កង​ទឹកសាប ជា​បន្តទៀត​។ ក្នុងការ​បង្កាត់ ភ្ញាស់​បង្កង​ទឹកសាប ចំនួន ៣ លើក​មកនេះ បានកូន​ម្សៅ បង្កង ជា​ប្រមាណ ១,៦ លាន​កូន និង​នៅសល់ ជា​កូន​បង្កង​ពូជ សម្រាប់​ផ្តល់ទៅឱ្យ អ្នក​ចិញ្ចឹម បង្កង​សាច់ និង​លែង​ចូលក្នុង​ដែនទឹក​ធម្មជាតិ ចំនួន​ប្រមាណ ៣៥ ម៉ឺន​កូន ។​

​លោក ម៉ែង សុខ​ថៃ បានបញ្ជាក់​ថាៈ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម ទឹកសាប មាន​ទីតាំង (​បាទី​) នៅក្នុង​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ពេលនេះ កំពុង​បន្ត ភ្ញាស់​កូន​បង្កង ថែមទៀត សម្រាប់​បម្រើ ដល់​តម្រូវការ របស់​អ្នក​ចិញ្ចឹម​។ សកម្មភាព ចិញ្ចឹម​បង្កង មិនសូវមាន​ច្រើន ដូច​ការចិញ្ចឹម​ត្រី​ទេ ព្រោះ​ការចិញ្ចឹម​បង្កង​ត្រូវការ​ដើម ទុន​ច្រើន ជាង​ត្រី​។ មេ​ពូជ​បង្កង ចាប់បាន​មកពី​បឹង​ធម្មជាតិ នៅក្នុង​ខេត្តព្រៃវែង ដែលជា​ខេត្ត នៅមាន​ឡូត៍​ដាយ​បង្កង ។ កូន​បង្កង ដែល​បាន​លែង​ចូល​បឹង​ធម្ម ជាតិ កន្លងទៅ ត្រូវគេ​ចាប់បាន​មកវិញ ជា​បង្កង​ធំៗ នៅតាម​ដង​ទន្លេមេគង្គ និង​បឹង​ធម្មជាតិ ដែល​លែង ដូចជា នៅ​សេ​កសក ក្នុង​ខេត្តបាត់ដំបង ជាដើម​។​

​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប មាន​ទីតាំងនៅ​ក្នុងស្រុក ពាម​រក៍ ខេត្តព្រៃវែង កន្លងទៅ បានធ្វើការ​បង្កាត់ ភ្ញាស់​ពូជ​ត្រី​អណ្តែង ប្រា និង​ពូជ​ត្រី ស្រកា មួយចំនួនទៀត​។ សកម្មភាព ចិញ្ចឹម​ត្រី ច្រើន​ប្រភេទ រួមជាមួយ​នឹង​បង្កង ក្នុង​រយៈពេល​ប៉ុន្មាន ឆ្នាំ​ចុងក្រោយ ត្រូវបាន​គេ​មើលឃើញថា មានការ​រីកចម្រើន គួរកត់សម្គាល់ បន្ទាប់ពី​ផល​ត្រី ចាប់បាន​ពី​ក្នុង​បឹង​ធម្មជាតិ កាន់​តែមាន​ចំនួន​ថយចុះ ដោយសារ​កំណើន របប​អាហារ​ពី​សាច់​ត្រី និង​ការប្រែប្រួល​អាកាសធាតុ ធ្វើឱ្យ​របប​ទឹក លែង​ទៀងទាត់ រួចមក​។​

​ត្រី​ចិញ្ចឹម ពីមុន មានតែ​នាំចូល​មកពី​ប្រទេសជិតខាង ពេលនេះ ការចិញ្ចឹម ត្រី ក្នុងស្រុក មិន​ត្រឹមតែ កាត់បន្ថយ ការនាំ​ចូល​ទេ គឺ​កំពុង​ឈានទៅរក​ការប្រកួតប្រជែង ជាមួយនឹង​ត្រី នាំចូល​ទៀតផង​៕/V​-PC